(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ៧និង៣០នាទីយប់។ បើទោះបីលទ្ធផលផ្លូវការមិនទាន់ប្រកាស តែគេអាចដឹងបានហើយថា គណបក្សប្រជាជនកម្ពុជាឈានមុខក្នុងការគ្រប់គ្រងអាសនៈនៅក្នុងរដ្ឋសភា ហើយឈានទៅដឹកនាំរាជរដ្ឋាភិបាលអាណត្តិថ្មី សម្រាប់អាណត្តិ ទី៦នេះ។ ជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា នៅពេលនេះបានមកពីការបោះឆ្នោតគាំទ្រភ្លូកទឹកភ្លូកដីរបស់ពលរដ្ឋម្ចាស់ឆ្នោត ព្រោះពួកគាត់បានវាយតម្លៃខ្ពស់ និងជឿទុកចិត្តយ៉ាងខ្លាំងចំពោះការដឹកនាំប្រទេ សជាតិរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងជាពិសេសការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនក្នុងការសង្គ្រោះ រំដោះជាតិនិងប្រជាជនចេញពីរបបខ្មែរក្រហម នាំយកសន្តិភាពពេញលេញជូនជាតិ បង្រួបបង្រួមនិងផ្សះផ្សាជាតិអភិវឌ្ឍប្រទេសឱ្យរីកចម្រើនរុងរឿងនិងជាអ្នកការពារប្រជាពលរដ្ឋ ពីការគំរាម កំហែងសព្វបែបយ៉ាងរបស់ក្រុមអ្នកនយោបាយប្រឆាំងលក់ឧត្តមគតិជាតិ និងចៅហ្វាយបរទេសពួកគេ។
ជ័យជម្នះដ៏ត្រចះត្រងចង់នេះ បានបង្ហាញយ៉ាងច្បាស់ថាពលរដ្ឋខ្មែរមានសុភវិនិច្ឆ័យ និងបានផ្តល់យុត្តិធម៌ចំពោះការលះបង់សាច់ស្រស់ឈាមស្រស់ និងការយកជីវិត ធ្វើជាដើមទុនរបស់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា និងការបូជាជីវិតរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាជនកម្ពុជា ដើម្បីបញ្ចប់របបវាលពិឃាត និងនាំយកនូវសុខសន្តិភាពជូនជាតិនិងប្រជាជន។
គណបក្សប្រជាជនកម្ពុជា ដែលបានកើតចេញពីប្រជាជន ដើម្បីប្រជាជន និងសម្រាប់ប្រជាជននេះបានដើរតួនាទីស្នូលក្នុងការជ្រោង ទង់ជាតិខ្មែរ កសាងកេរ្តិ៍ឈ្មោះ និងស្តារកិត្តិយស ជាតិខ្មែរឱ្យលេចត្រដែតឡើងវិញ នៅលើឆាកអន្តរជាតិ ក្រោយពីការអាប់ឱន បាត់បង់រយៈពេលជិត ៣០ ឆ្នាំនៃសង្គ្រាមស៊ីវិល ដែលជាលទ្ធផល កើតចេញពីការជ្រៀតជ្រែក របស់បរទេស មកក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា និងដោយសារតែការលក់ឧត្តមគតិជាតិ ក្បត់ជាតិ របស់ជនជាតិខ្មែរមួយចំនួនដើម្បីផលប្រយោជន៍បក្ខពួកខ្លួន។
ជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា គឺជាជ័យជម្នះរបស់ប្រជាពលរដ្ឋខ្មែរទាំងមូលគ្រប់និន្នា ការព្រោះពលរដ្ឋបន្តរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍ ហើយគណបក្ស នយោបាយ និងអ្នកគាំទ្ររបស់ខ្លួនអាចបន្តរស់នៅយ៉ាងសុខសាន្តទាំងមុន និងក្រោយការបោះឆ្នោត និងបន្តរហូតជានិច្ចនិរន្តរ៍។ នេះជាអ្វីដែលពលរដ្ឋខ្មែរចង់បាន គឺការគោរពសិទ្ធិមនុស្ស និងអនុវត្តលទ្ធិប្រជាធិបតេយ្យក្រោមដំបូលសន្តិភាព ក្រោមសំណើចក្អាកក្អាយ ក្រោមស្នូរតូរតន្រ្តី និងក្រោមចំណងសាមគ្គីជាតិដ៏រឹងមាំបំផុតមួយ។ ខុសប្លែកពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាពេលកន្លងមកនេះ ក្រោយការបោះឆ្នោតម្តងៗ ពលរដ្ឋខ្មែរត្រូវ ត្រៀមខ្លួនសព្វបែបយ៉ាងនិងមានភាពធុញទ្រាន់នឹងការឡាំប៉ា តវ៉ាលទ្ធផលបោះឆ្នោតពីសំណាក់បក្សដែល ចាញ់ការបោះឆ្នោតក្រោមរបៀបវារៈនយោបាយច្បាស់លាស់មួយ គឺឡាំប៉ាដើម្បីប្តូរនឹងអ្វីមួយ។
ប៉ុន្តែពេលនេះស្ថានភាពនយោបាយកម្ពុជា ស្ថានភាពសេដ្ឋកិច្ច ការងារមុខរបរ ជីវភាពប្រជាពលរដ្ឋមានសភាពធម្មតាគ្មានវិបត្តិឡើយ។ អ្នកដែលមានវិបត្តិធ្ងន់ធ្ងរគឺមានតែក្រុមអ្នកនយោបាយរត់ចោលស្រុកដូចជា សម រង្ស៊ី មូរ សុខហួរ អេង ឆៃអ៊ាង ឬកឹម មនោវិទ្យា តែប៉ុណ្ណោះព្រោះត្រូវរត់គេចពីសំណាញ់ច្បាប់ និងទង្វើក្បត់ជាតិ និងការបរាជ័យក្នុងការបំផ្លាញការបោះឆ្នោត បំផ្លាញ លទ្ធិប្រជាធិបតេយ្យតាមរយៈយុទ្ធនាការដេកផ្ទះឈ្នះឯង។ ឈ្នះមែន! គណបក្សប្រជាជនកម្ពុជាឈ្នះដាច់ តែម្តងនៅក្នុងការបោះឆ្នោតលើកនេះ ហើយប្រជាជនកម្ពុជាឈ្នះដាច់តែម្តង ឈ្នះលើក្រុមអ្នកនយោបាយ បោកប្រាស់ និងភូតកុហកដែលតែងតែញុះញង់និងបង្កចលាចល ប៉ុន្តែឥឡូវពួកគេបានត្រឹមតែស្រែកពី ខាងក្រៅ និងកាន់តែគ្មានតម្លៃសម្រាប់ជាតិនិងប្រជាជនកម្ពុជាទៀត។
ការបោះឆ្នោតខែកក្កដា ឆ្នាំ ២០១៨ នេះគឺជារបត់នយោបាយថ្មី និងក៏ជាមេរៀននយោ បាយមួយទៀតសម្រាប់ជាតិនិងប្រជាជនកម្ពុជា នាពេលបន្តបន្ទាប់ទៅទៀត។ ទោះបីជាលទ្ធិប្រជាធិ បតេយ្យនៅកម្ពុជាមានអាយុទើបតែ ២៥ ឆ្នាំ អ្នកខ្លះថា នៅក្មេងខ្ចី ប៉ុន្តែប្រកបដោយភាពចាស់ទុំនយោបាយនិងប្រជាធិបតេយ្យ ព្រោះប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យយូរឆ្នាំជាងកម្ពុជាក៏មិនប្រាកដថាធ្វើល្អជាងកម្ពុជានោះឡើយ។ អ្នកសង្កេតការណ៍អន្តរជាតិមកពី៥២ ប្រទេសបានកោតសរសើរលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងស្នើឱ្យប្រទេសខ្លះត្រូវសិក្សាពីគំរូកម្ពុជាផងដែរ។ អត្រាប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទៅបោះឆ្នោតរហូតដល់ ៨៣% គឺជាជោគជ័យដ៏ធំធេងនៃដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ កម្ពុជាមិនមែនមិនដែលមានលទ្ធិ ប្រជាធិបតេយ្យទេ គឺបានអនុវត្តក្នុងរបបសង្គមរាស្ត្រនិយមក្រោមការដឹកនាំរបស់ព្រះបរមរតនកោដ្ឋន រោត្តម សីហនុ ប៉ុន្តែបានអាក់ខាន ដោយសារតែកម្ពុជាធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាម។ ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សមិនអាចចាប់កំណើតបានឡើយនៅក្នុងប្រទេសដែលមានសង្គ្រាម ភាពវឹកវរចលាចល។
ផ្ទុយពីអតីតខ្មោចបក្សសង្គ្រោះជាតិដែលមានមេដឹកនាំនយោបាយនិងអ្នកបម្រើនយោបាយពោរ ពេញទៅដោយហិង្សា ការឈ្នានីស សងសឹក គុំគួន ញុះញង់ឱ្យមានការស្អប់ខ្ពើម រើសអើង ប្រកាន់ជាតិ សាសន៍ និងបង្កើតឱ្យមានជម្លោះវណ្ណៈក្នុងសង្គម គណបក្សប្រជាជនកម្ពុជាក្នុងនាមជាគណបក្សដែល មានភាពចាស់ទុំទាំងក្នុងផ្នែកនយោបាយ និងការដឹកនាំប្រទេស ពោរពេញទៅដោយបទពិសោធ និងធន ធនធានមនុស្សបានដើរតួជាមជ្ឈមណ្ឌលសាមគ្គីភាពជាតិ ជ្រោងទង់ឯករាជភាពជាតិ បូរណភាពទឹកដី និងអធិបតេយ្យជាតិ។ គណបក្សប្រជាជនកម្ពុជាគឺជាមជ្ឈមណ្ឌលនៃព្រហ្មវិហារធម៌ និងជាអ្នកការពារដ៏ ស្វិតស្វាយប្រកបដោយមោទនភាពនូវសុខសន្តិភាព និងការអភិវឌ្ឍដែលជាតិ និងប្រជាជនកម្ពុជារកបាន ដោយពិបាកនេះ។
ក្នុងនាមជាអ្នកសង្គ្រោះជាតិ និងសង្គ្រោះជីវិតប្រជាជន និងជាអ្នកការពារជាតិនិងប្រជា ជនកម្ពុជាគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិ កាលទី៦ នេះគឺមានន័យថាជាតិ និងប្រជាពលរដ្ឋខ្មែរទាំងអស់គឺជាអ្នកឈ្នះ និងឈ្នះលើការប៉ុនប៉ងបំផ្លាញជាតិពីក្រុមអ្នកនយោបាយរត់ចោលស្រុក និងឈ្នះលើឧបាយកលទុច្ចរិតរបស់បរទេសខ្លះដែលមិនចង់ឱ្យកម្ពុជាបានសុខ និងរីកចម្រើន។ ក្រោមដំបូលនៃគណបក្សប្រជាជនកម្ពុជា ពលរដ្ឋខ្មែរគ្រប់និន្នាការ នយោបាយអាចរស់នៅបានយ៉ាងសុខសាន្ត។ ជម្រើសរបស់ប្រជាពលរដ្ឋខ្មែរ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគឺជាជម្រើសត្រឹមត្រូវគឺពង្រឹងសាមគ្គីជាតិ និងការពារសន្តិភាព និងការអភិវឌ្ឍ៕
ដោយ៖ ចៅ ចាក់ស្មុក
រាជធានីភ្នំពេញ ថ្អៃទី១៥ ខែសីហា ឆ្នាំ ២០១៨