(ត្បូងឃ្មុំ)៖ លោកទេសរដ្ឋមន្រ្តី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការចាប់ផ្តើមដំណើរការអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ឆ្នាំ២០១៨។
កម្មវិធីនេះក៏មានការចូលរួមពីលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ, លោក ប៉ែន កុសល អភិបាលរងខេត្តត្បូងឃ្មុំ, ព្រមទាំង តំណាងមន្ទីរអង្គភាព, អង្គការក្រៅរដ្ឋាភិបាល, ដៃគូរអភិវឌ្ឍន៍នានា ជាច្រើនផងដែរ។
លោកទេសរដ្ឋមន្ត្រី បានថ្លែងថា ជាមួយនឹងគាំទ្រយ៉ាងពេញទំហឹងចំពោះកម្មវិធីអត្ដសញ្ញាណកម្មគ្រួសារក្រីក្រ ចាប់តាំងពីឆ្នាំ២០១២មក រាជរដ្ឋាភិបាលកម្ពុជា បានវិភាជន៍ថវិកាបដិភាគជាបន្ដបន្ទាប់ សម្រាប់ការងារអត្ដសញ្ញាណកម្មគ្រួសារក្រីក្រនៅទីជនបទ ហើយចាប់ពីឆ្នាំ២០១៥មក រាជរដ្ឋាភិបាលជាអ្នកផ្តល់ថវិកាទាំងស្រុងសម្រាប់ការងារនេះ។
លោកបន្តថា កន្លងទៅថ្មីៗនេះ ដោយសារកម្ពុជាអនុវត្តន៍ប្រកបដោយជោគជ័យ ចំណុចគោលដៅភាគច្រើន នៃគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ជាពិសេសការកាត់បន្ថយភាពក្រីក្របានឆាប់រហ័ស ពីជាបន្ដបន្ទាប់៤៧ភាគរយ នៅក្នុងឆ្នាំ២០០៧ មករង្វង់១៩ភាគរយ នៅឆ្នាំ២០១១ និងរង្វង់១៣,៥៣ភាគរយ នៅឆ្នាំ២០១៤ ហើយកម្ពុជាត្រូវបានអង្គការសហប្រជាជាតិ ជ្រើសជាប្រទេសគម្រូចំនួន៦ សម្រាប់ការសម្រេចបានគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ទើបមានប្រទេសមួយចំនួននៅក្នុងតំបន់ បានបញ្ជូនប្រតិភូមករៀនសូត្របទពិសោធន៍ អំពីជោគជ័យនៃការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៅកម្ពុជា។
លោកទេសរដ្ឋមន្ត្រី បានបន្តទៀតថា ដោយប្រព័ន្ធអត្តសញ្ញាណកម្មគ្រួសារក្រីក្រ មានវិសាលភាពក្នុងក្របខណ្ឌទូទាំងប្រទេស ដំណើរការដោយមានចូលររួមផ្ទាល់ពីសហគមន៍នៅមូលដ្ឋាន និងបានធ្វើបច្ចុប្បន្នកម្មជាទៀងទាត់ នៅឆ្នាំ២០១៧ ស្ថាប័នសហប្រតិបត្ដិការអភិវឌ្ឍន៍អាល្លឺម៉ង់ (GDC) បានជ្រើសរើសដាក់បញ្ចូលប្រព័ន្ធអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ទៅក្នុងឯកសារសមូហកម្មរបស់អាល្លឺម៉ង់ស្តីពី ការអនុវត្តផ្នែកសុខភាព (GHPC) ដើម្បីចែករំលែកចំណេះដឹងអំពីការអនុវត្តកម្មវិធីដល់ប្រទេសនានាលើពិភពលោក ហើយដែលសមិទ្ធិផលទាំងនេះ ត្រូវដាក់ផ្សព្វផ្សាយនាពេលនេះជាសៀវភៅ ក្រោមចំណងជើងថា មិនចោលនរណាម្នាក់៖ ការយល់ដឹងអំពីប្រព័ន្ធកំណត់អត្តសញ្ញាណភាពក្រីក្រជាតិនៅកម្ពុជា និង រូបថតអំពីសកម្មភាពការងារតាមមូលដ្ឋាននៃការអនុវត្តកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ។
បើតាមលោក ឆាយ ថន ក្នុងឆ្នាំ២០១៨នេះ «កម្មវិធីភាពជាដៃគូរបស់អង្គការសុខភាពពិភពលោកដើម្បីសុខភាពមាតា ទារក និងកុមារ» ដែលតែងតែប្រារព្វធ្វើវេទិកានៃដៃគូ (Partners Forum) រៀងរាល់៤ឆ្នាំម្តង បានជ្រើសរើសយកកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រជាករណីសិក្សាមួយ ក្នុងចំណោមករណីសិក្សាចំនួន១២ ដែលបានជ្រើសរើសចេញពីសំណើករណីសិក្សាចំនួន៣០០ ទូទាំងពិភពលោក ជាឧទាហរណ៍អំពីភាពជោគជ័យនៃកិច្ចសហប្រតិបត្តិការអន្តរវិស័យ នៃការរួមចំណែករបស់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៅក្នុងការលើកកម្ពស់ការទទួលបានសេវាសុខភាពរបស់មាតានិងទារកសម្រាប់គ្រួសារក្រីក្រ។ របាយការណ៍នៃករណីសិក្សានេះ នឹងយកទៅបង្ហាញនូវក្នុងវេទិកាថ្នាក់ដឹកនាំជាន់ខ្ពស់ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងញូវដែលី នាថ្ងៃទី១២-១៣ ខែធ្នូ ឆ្នាំ២០១៨ ដែលមាន១០០ប្រទេសចូលរួម។
លោកទេសរដ្ឋមន្ត្រី ក៏បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពជា បានចូលរួម និងបង្កើនថវិកាបដិភាគជាបន្តបន្ទាប់ ចាប់ពី២០ភាគរយ នៅឆ្នាំ២០១២ រហូតដល់៦០ភាគរយ នៅឆ្នាំ២០១៤ ហើយចាប់តាំងពីឆ្នាំ២០១៥មក បានម្ចាស់ការទាំងស្រុងលើដំណើរការការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៅតំបន់ជនបទ។ ដោយឡែក ដំណើរការការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៅតំបន់ទីប្រជុំជន ត្រូវបានគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជាផង និងគាំទ្រដោយ GIZ ផងដែរ៕