Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមត្ថកិច្ចបញ្ជូនស្ត្រីជនជាតិចិន បើករថយន្តដេញបុកចោរឆក់ទូរស័ព្ទ២នាក់ ទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ (Video inside)

15-08-2018 15:23

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ នគបាលព្រហ្មទណ្ឌខណ្ឌចំការមន បានបញ្ជូនស្រ្តីជនជាតិម្នាក់ ទៅកាន់តុលាការ ដើម្បីបន្តចំណាត់ការនីតិវិធីតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីបើករថយន្ដ ដេញតាមបុកជនសង្ស័យជាចោរឆក់ជិះម៉ូតូ២នាក់ បណ្តាលឱ្យរងរបួសធ្ងន់​ និងស្លាប់។

គួររំលឹកថា ស្ត្រីជនជាតិចិនម្នាក់នេះ បានបើករថយន្ដដេញតាមបុកជនសង្ស័យជាចោរឆក់ជិះម៉ូតូ២នាក់ តាមដងផ្លូវរហូតបំបុកផ្ទប់ជាមួយរបងផ្ទះប្រជាពលរដ្ឋ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ និងស្លាប់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ នេះបើតាមការបញ្ជាក់របស់លោកវរសេនីយ៍ឯក យិន សាន អធិការនគបាលខណ្ឌចំការមន ប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨។

លោកអធិការបន្តថា ដោយឡែកស្ត្រីចិនម្នាក់ទៀត ដែលរួមដំណើរក្នុងហេតុការណ៍នោះ មិនត្រូវបានឃាត់ខ្លួនទេ ដោយសារមិនជាប់ពាក់ព័ន្ធ។ លោកអធិការ យិន សាន បានបន្ថែថា ការសម្រេចឃាត់ខ្លួន ស្ត្រីជនជាតិចិននេះ ធ្វើឡើងក្រោមបញ្ជារបស់លោកស្រី វ៉ា សក្កដា ព្រះរាជអាជ្ញរងអមសាលាដំបូងរាជធានីភ្នំពេញ។

ស្ត្រីជនជាតិចិន២នាក់ ដែលអះអាងថា ត្រូវចោរឆក់ទូរស័ព្ទ រួចបើករថយន្ដដេញបំបុកចោរបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ និងស្លាប់ កាលពីវេលាម៉ោង១១៖១៥នាទីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ៤៥៤ កែងផ្លូវលេខ១២៣ ស្ថិតក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ហេតុការណ៍នេះ ស្ថិតក្នុងការស្រាវជ្រាវរកហេតុផលឱ្យបានច្បាស់លាស់ ទើបសមត្ថកិច្ច សម្រេចកសាងសំណុំរឿងតាមនីតិវិធី។

បើតាមស្ត្រីជនជាតិចិនទាំង២នាក់ បានប្រាប់សមត្ថកិច្ចឱ្យដឹងថា នៅមុនកើតហេតុ ពួកនាងបានបើករថយន្តតាមដងផ្លូវ ហើយបានបើកកញ្ចក់ រថយន្តនិយាយទូរស័ព្ទ ខណៈនោះស្រាប់តែត្រូវចោរ២នាក់ ជិះម៉ូតូម៉ាកស្កុបពីពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CL-7241 ជិះមកឆក់ទូរស័ព្ទពីដៃគាត់ ហើយជិះម៉ូតូគេចខ្លួនទើបពួកគាត់ បានបើករថយន្ដដេញតាម​រហូតបំបុកក្រុមជនសង្ស័យផ្ទប់ ជាមួយរបងផ្ទះប្រជាពលរដ្ឋបណ្តាលឱ្យរបួសយ៉ាងធ្ងន់ធ្ងរ និងត្រូវសមត្ថកិច្ចទាក់ទងរថយន្ដសង្គ្រោះបន្ទាន់ ដឹកទៅកាន់មន្ទីរពេទ្យ៕