(ភ្នំពេញ)៖ កាលពីឆ្នាំទៅនេះ កម្ពុជាត្រូវបានចាត់ថ្នាក់ជាប្រទេសមានជីវភាពមធ្យមកំរិតទាប ដោយធនាគារពិភពលោក។ ស្ថាប័នអន្តរជាតិមួយនេះ ក៏បានប៉ានប្រមាណដែរថា កម្ពុជានឹងក្លាយជាប្រទេសមានជីវភាពមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣២ខាងមុខ។ ដោយសារតែការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយសន្ទុះ ដែលជំរុញឲ្យមានតម្រូវការខ្លាំងលើជំនាញផ្សេងៗក្នុងវិស័យផលិតកម្ម សាកលវិទ្យាល័យហ្សាម៉ាន់ បានចាប់ផ្ដើមធ្វើការបណ្ដុះបណ្ដាលជំនាញសិក្សាថ្មីពីរកាលពីឆ្នាំមុន សម្រាប់សិស្សទើបចប់វិទ្យាល័យ គឺជំនាញវិស្វកម្មឧស្សាហកម្ម (Industrial Engineering) និងជំនាញ ភ័ស្តុភារ និងពាណិជ្ជកម្មអន្តរជាតិ (International Trade and Logistics)។
យោងតាម វិទ្យាស្ថានវិស្វករឧស្សាហកម្ម (Institute of Industrial Engineers) ដែលមានទីតាំងនៅប្រទេសអូស្ត្រាលី ជំនាញវិស្វកម្មឧស្សាហកម្ម (Industrial Engineering) គឺជាមែកធាងមួយនៃជំនាញវិស្វកម្ម។ ជំនាញសិក្សាមួយនេះ ផ្ដោតទៅលើ ការបង្កើនប្រសិទ្ធភាព នៅក្នុងសង្វាក់ផលិតកម្មរបស់រោងចក្រសហគ្រាស ប្រព័ន្ធគ្រប់គ្រង និងប្រតិបត្តិការនៅតាមបណ្ដាក្រុមហ៊ុនធំៗ។ វិស្វករ ផ្នែកឧស្សាហកម្ម ផ្ដោតលើការកាត់បន្ថយការចំណាយខ្ជះខ្ជាយលើពេលវេលា ហិរញ្ញវត្ថុ ធនធាន និង ថាមពល ជាដើម។
លោក Bayram Annanurov ប្រធានដេប៉ាតឺម៉ង់វិស្វកម្មឧស្សាហកម្ម នៅសាកលវិទ្យាល័យហ្សាម៉ាន់ បានប្រាប់ឲ្យដឹងថា ជំនាញវិស្វកម្មឧស្សាហកម្ម មិនដូចជាជំនាញវិស្វកម្មផ្សេងៗទៀត តួយ៉ាង ជំនាញវិស្វកម្មសំណង់នោះទេ ត្បិតអី ជំនាញមួយនេះ ផ្ដោតសំខាន់លើសង្វាក់ផលិតកម្ម និង ដំណើរការរបស់ក្រុមហ៊ុន សហគ្រាស។ លោក Bayram បានលើកជាឧទាហរណ៍ដោយសាមញ្ញថា វិស្វករផ្នែកឧស្សាហកម្ម អាចជួយឲ្យរោងចក្រផលិតឡាន បង្កើនលទ្ធភាពផលិត ពីចំនួន១០០ ទៅ ១៥០គ្រឿង ដោយមិនចាំបាច់បង្កើនការចំណាយលើធនធានសម្រាប់ផលិត ដូចជាពេលវេលា ហិរញ្ញវត្ថុ និងកម្លាំងពលកម្មជាដើម។
កញ្ញា មុយឡេង និស្សិតឆ្នាំទីមួយជំនាញវិស្វកម្មឧស្សាហកម្ម បានថ្លែងឲ្យដឹងថា ជំនាញសិក្សាមួយនេះមានភាពស្រដៀងគ្នាទៅនឹងជំនាញគ្រប់គ្រងជំនួញដែរ ប៉ុន្តែនិស្សិតសិក្សាជំនាញមួយនេះ ផ្ដោតការសិក្សាខ្លាំងទៅលើ សង្វាក់ផលិតកម្មរបស់ជំនួញ ជាជាង ផ្នែកលក់ ឬ ផ្សព្វផ្សាយទីផ្សារ។ បើទោះជាជំនាញវិស្វកម្មឧស្សាហកម្ម ហាក់ដូចជាថ្មីសម្រាប់សិស្សនិស្សិតកម្ពុជា វាជាជំនាញដែលនិស្សិតជាច្រើន ធ្លាប់បានសិក្សានៅតាមសាកលវិទ្យាល័យនានាជុំវិញពិភពលោក ពិសេស នៅសហរដ្ឋអាមេរិក ដូចជា សាកលវិទ្យាល័យ California-Berkeley, សាកលវិទ្យាល័យ Stanford, សាកលវិទ្យាល័យរបស់រដ្ឋ Pennsylvania និង វិទ្យាស្ថានបច្ចេកវិទ្យា MIT ជាដើម។
លោក ស៊ូវ ហុក សិស្សនិទ្ទេសAឆ្នាំ២០១៧ ដែលបានជ្រើសរើសជំនាញសិក្សាមួយនេះក្រោយបញ្ចប់វិទ្យាល័យ បានថ្លែងឲ្យដឹងថា ខ្លួនបានជ្រើសរើសយកមុខវិជ្ជានេះ ដោយសារទទួលបានដំបូន្មានពីនិយោជកម្នាក់។ និយោជករូបនោះថ្លែងថា សេដ្ឋកិច្ចប្រទេសកម្ពុជា នឹងលូតលាស់ឆ្ពោះទៅរកការរីកចម្រើនក្នុងវិស័យបច្ចេកវិទ្យា។ ហេតុដូច្នេះហើយ តម្រូវការទីផ្សារការងារក្នុងស្រុក ចំពោះនិស្សិតដែលចប់ពីសាកលវិទ្យាល័យ ជាមួយនឹងចំណេះជំនាញច្បាស់លាស់ តួយ៉ាងដូចជា និស្សិតដែលបញ្ចប់ពីជំនាញវិស្វកម្មឧស្សាហកម្ម នឹងមានការកើនឡើងខ្ពស់។ យោងតាមរបាយការណ៍ ពីទីភ្នាក់ងារជាតិមុខរបរ និងការងារ មុខវិជ្ជាវិស្វកម្មឧស្សាហកម្ម ជាមុខវិជ្ជាលំដាប់លេខ២ ក្នុងចំណោមមុខវិជ្ជាវិស្វកម្មផ្សេងៗទៀត ដែលមានតម្រូវការខ្ពស់ ក្នុងទីផ្សារការងារកម្ពុជានាពេលបច្ចុប្បន្ន។
និស្សិតដែលបញ្ចប់ការសិក្សាពីជំនាញវិស្វកម្មឧស្សាហកម្ម អាចទទួលបានការងារពីវិស័យមួយចំនួនដែលនឹងរីកចម្រើននាពេលអនាគត ដូចជា វិស័យកែច្នៃចំណីអាហារ អេឡិកត្រូនិច យានយន្ត និង ភ័ស្តុភារ។ នៅពេលបច្ចុប្បន្ន និស្សិតដែលបានបញ្ចប់ការសិក្សា អាចរំពឹងទទួលបានការងារនៅតាមស្ថាប័នក្នុងវិស័យដែលកំពុងលូតលាស់ ដូចជាធនាគារ មន្ទីរពេទ្យទំនើប សណ្ឋាគារ អាកាសយាន្តដ្ឋាន រោងចក្រសហគ្រាស និងតំបន់សេដ្ឋកិច្ចពិសេសជាដើម។
លោក សូរិយា និស្សិតអនុបណ្ឌិត ជំនាញវិស្វកម្មឧស្សហកម្ម នៅសាកលវិទ្យាល័យមហិដុល ប្រទេសថៃបានថ្លែងថា តម្រូវការបុគ្គលិកដែលមានជំនាញវិស្វកម្មឧស្សហកម្ម នឹងមានការកើនឡើង ក្នុងប្រទេស ត្បិតវិស័យធំៗ ដូចជា វិស័យសេវាកម្ម មានការប្រកួតប្រជែងខ្លាំង។ បុគ្គលិកដែលមានជំនាញវិស្វកម្មឧស្សាហកម្ម អាចជួយកាត់បន្ថយការចំណាយរបស់ក្រុមហ៊ុន ដែលអាចធ្វើអោយក្រុមហ៊ុនទាំងនោះ មានភាពប្រកួតប្រជែងខ្ពស់ជាង គូប្រកួត។ លោកសូរិយាបន្តថា និយោជក ដែលចង់ចាប់ផ្ដើមអាជីវកម្មធំៗ កំពុងពឹងពាក់អ្នកជំនាញផ្នែកវិស្វកម្មឧស្សាហកម្ម មកពីបរទេស តួយ៉ាងសឹង្ហបុរី ដោយសារតែពុំមានអ្នកជំនាញខ្មែរច្រើន ពាក់ព័ន្ធនឹងវិស័យវិស្វកម្មឧស្សាហកម្មនេះ។
លោក ជេត្ថា និស្សិតអាហារូបករណ៍ពីសាកលវិទ្យាល័យហ្សាម៉ាន់ បានប្រាប់ថា និស្សិតដែលរៀនជំនាញសិក្សាមួយនេះ នឹងអាចសិក្សាមុខវិជ្ជាសំខាន់ៗដូចជា System Analysis, Supply Chain Management, Project Management, និង Operations Research និងមុខវិជ្ជាផ្សេងៗទៀតដែលទាក់ទងនឹងផ្នែកធុរកិច្ច ស្ថិតិ ប្រព័ន្ទព័ត៌មានវិទ្យា និងវិស្វកម្មទូទៅ។ ជេត្ថាបញ្ជាក់ថា មុខវិជ្ជាឆ្នាំសិក្សាមូលដ្ឋាន ដូចជាមុខវិជ្ជាវិទ្យាសាស្ត្រកុំព្យូទ័រជាដើម ជាមុខវិជ្ជាលំបាក ដោយសារនិស្សិតមិនដែលបានស្គាល់ ឬ ស្វែងយល់ជាមូលដ្ឋានពីមុខវិជ្ជាទាំងនោះ កាលនៅវិទ្យាល័យ។ និស្សិតរូបនេះ លើកទឹកចិត្ត ឲ្យសិស្សដែលទើបចប់វិទ្យាល័យ ហើយចង់សិក្សាជំនាញវិស្វកម្មឧស្សាហកម្ម ឲ្យខំអាននិងព្យាយាម អនុវត្តលំហាត់គណិតវិទ្យាដែលគ្រូបានដាក់ឲ្យ។
ដើម្បីបំពាក់បំប៉ននិស្សិតឲ្យស្វែងយល់កាន់តែច្បាស់ ពីវិស័យវិស្វកម្មឧស្សាហកម្មនេះ និស្សិតនៅសាកលវិទ្យាល័យហ្សាម៉ាន់ ដូចជាជេត្ថា និងមិត្តភក្ដិ ក៏ត្រូវបានផ្ដល់ឱកាសឲ្យចូលរួមក្នុងទស្សនកិច្ចសិក្សា នៅតាមរោងចក្រសហគ្រាស របស់ប្រទេសជឿនលឿន ដូចជា ម៉ាឡេស៊ី និង កូរ៉េជាដើម។
គួរបញ្ជាក់ផងដែរថា សាកលវិទ្យាល័យហ្សាម៉ាន់កំពុងបើកឲ្យមានការចុះឈ្មោះប្រឡងអាហារូបករណ៍ ដែលជាប្រភេទអាហារូបករណ៍បញ្ចុះថ្លៃសិក្សាពី២៥% រហូតដល់១០០% សម្រាប់ជំនាញវិស្វកម្មឧស្សាហកម្ម និងជំនាញផ្សេងៗទៀត ហើយការប្រឡងនឹងប្រព្រឹត្តិទៅថ្ងៃសៅរ៍ ទី១ ខែកញ្ញាខាងមុខនេះ។ សម្រាប់សិស្សចប់វិទ្យាល័យនៅឆ្នាំនេះ និងសិស្សដែលបានចប់កាលពីឆ្នាំមុនៗ អាចទាក់ទងចុះឈ្មោះប្រឡងអាហារូបករណ៍ តាមរយៈតំណភ្ជាប់វែបសាយ៖ https://www.zamanu.edu.kh/scholarship_form/ ៕