(ឧត្តរមានជ័យ)៖ ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជា សុខភាពប្រជាពលរដ្ឋ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ មន្ត្រីសាខាកាំកុងត្រូលខេត្តឧត្តរមានជ័យ ដឹកនាំដោយលោក ខាន់ រ៉ាត់ ប្រធានសាខា សហការពីរថយន្តពិសោធន៍ចល័ត MOBILE LAB របស់អគ្គនាយកដ្ឋានកាំកុងត្រូល, សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យទំនិញ បន្លែ ផ្លែឈើ និងម្ហូបអាហារជាច្រើនមុខ ដែលនាំចូលពីប្រទេសថៃ ដាក់តាំងលក់នៅក្នុងផ្សារសំរោង ខេត្តឧត្ដរមានជ័យ។
លោក ខាន់ រ៉ាត់ បានលើកឡើងថា សកម្មភាពនេះ ធ្វើឡើងដើម្បីពង្រឹងការត្រួតពិនិត្យលើគុណភាពម្ហូបអាហារ ដោយផ្ដោតសំខាន់ទៅលើបន្លែ ផ្លែឈើ ត្រីសាច់ និងគ្រឿងសមុទ្រជាដើម។
លោកបន្តថា ក្នុងការចុះត្រួតពិនិត្យនេះ ក្រុមមន្ត្រីកាំកុងត្រូលបានយកគំរូចំណីអាហារចំនួន៣៣មុខ ដូចជា៖ បន្លែ ផ្លែឈើ និងគ្រឿងសមុទ្រ មកពិសោធន៍ដើម្បីស្វែងរកសារធាតុគីមី ហាមឃាត់ និងស្វែងរកសំណល់កសិកម្ម ថ្នាំសម្លាប់សត្វល្អិត ដែលមាននៅលើម្ហូបអាហារទាំងនោះ។
ជាលទ្ធផលវិភាគ បានបង្ហាញថា បន្លែផ្លែឈើចំនួ៣៣មុខ ក្នុងនោះ៣១មុខ មិនមានសារធាតុគីមីដែលហាមឃាត់ឡើយ ប៉ុន្តែបានរកឃើញសារធាតុ Formalin នៅលើមឹក និងបន្លែដើមខាត់ណា មានជាប់សារជាតិថ្នាំសម្លាប់សត្វល្អិតដែលលាងមិនបានស្អាត។
គួរបញ្ជាក់ថា ក្រៅពីការត្រួតពិនិត្យគុណភាពចំណីអាហារ សមត្ថកិច្ចកាំកុងត្រូល ក៏បានណែនាំ និងអប់រំផ្សព្វផ្សាយផងដែរដល់អ្នកទិញលក់ និងអាជីវករទាំងអស់ ត្រូវត្រួតពិនិត្យឲ្យបាន ច្បាស់មុននឹងទិញយក មកលក់បន្ត និងបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ មុននឹងទិញរបស់អ្វីមួយ ជាពិសេស គ្រឿងបរិភោគដែលគេ វេចខ្ចប់ ជាកំប៉ុងក្ដី ជាដប ឬជាថង់ក្ដី ត្រូវពិនិត្យមើលស្លាកសញ្ញា ឬកាលបរិច្ឆេទ ដែលមានបិទ ឬបោះពុម្ព ភ្ជាប់នៅតាមកំប៉ុង ដប ឬថង់ទាំងនោះ ឲ្យបានច្បាស់លាស់ ដើម្បីជៀសវាងនៅការប៉ះពាល់ដល់សុខភាពជាដើម។
សូមបញ្ជាក់ថា ក្នុងប្រតិបត្តិការខាងលើនេះ បងប្អូនប្រជាពលរដ្ឋ ក៏ដូចជា អាជីវករផ្សារ បានសម្តែងនៅទឹកចិត្តរីករាយ នឹងគាំទ្រចំពោះសកម្មភាពរបស់មន្ត្រីកាំកុងត្រូល ដែលតែង តែចុះពិនិត្យរាល់ទំនិញផ្សេងៗ ដើម្បីការពារសុវត្ថិភាព ម្ហូបអាហារ ក៏ដូចជា ការពារសុខភាពរបស់ពួកគាត់ផងដែរ៕