(ភ្នំពេញ)៖ លោក យ៉ុង សាំងកុមារ បេក្ខជននាយករដ្ឋមន្ត្រី របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ បានបង្ហាញការគាំទ្រចំពោះការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន ដែលចង់ឱ្យមានជំនួបពិភាក្សា រវាងគណបក្សនយោបាយទាំងអស់ ដើម្បីដោះស្រាយបញ្ហាជាតិ។
តាមរយៈការបង្ហាញលើ Facebook ផ្លូវការរបស់លោក គឺ GDP ចង់បានការសន្ទនារវាងគណបក្សនយោបាយ ដោយភាពស្មោះត្រង់ ដើម្បីលើកគុណតម្លៃស្មោះត្រង់ រួមចំណែកលើស្ទួយនូវសាមគ្គីភាពជាតិ និងឯកភាពជាតិ ក្នុងសង្គមប្រជាធិបតេយ្យ សេរី ពហុបក្ស។
លោក យ៉ុង សាំងកុមារ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ទាក់ទងនឹងសំណើរដែលរៀបចំឱ្យមានវេទិកាជាតិសន្ទនាមតិ រវាងគណបក្សនយោបាយ ទាំងអស់ហ្នឹង គឺខ្ញុំយល់ឃើញថាជាគំនិតល្អ ហើយដូចគ្នានឹងគោលនយោបាយបង្រួបបង្រួមជាតិ របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលយើងបានចែងនៅក្នុងសៀវភៅបៃតង ក្នុងចំណោមគោលនយោបាយទាំង១២៥ចំណុចហ្នឹង អញ្ចឹងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន សូមស្វាគមន៍នូវគំនិតហ្នឹង។ ក៏ប៉ុន្តែយើងសូមសំណុំពរឱ្យការសន្ទនាមតិ រវាងគណបក្សនយោបាយឈរទៅលើគុណតម្លៃស្មោះត្រង់ និងចូលរួមចំណែកលើកស្ទួយនូវសាមគ្គីជាតិ និងឯកភាពជាតិ ក្នុងសង្គមប្រជាធិបតេយ្យ សេរី ពហុបក្ស»។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសបង្កើតវេទិកាសំណេះសំណាលមួយ រវាងរាជរដ្ឋាភិបាល និងគណបក្សនយោបាយទាំង២០ ដែលបានចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ ដើម្បីបានទទួលស្តាប់នូវគំនិតយោបល់នានា ពីមេដឹកនាំគណបក្សនយោបាយទាំងអស់នោះ យកធ្វើជាធាតុចូលក្នុងដឹកនាំ និងអភិវឌ្ឍន៍ជាតិកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។
ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងកិច្ចសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១ម៉ឺន ៥ពាន់នាក់មកពីបណ្តារោងចក្រ សហគ្រាសចំនួន១៧ នៅក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ។
បើតាមសម្តេចតេជោ ហ៊ុន សែន ការប្រកាសបង្កើតវេទិកានេះឡើង ដើម្បីផ្តល់ឱកាសឱ្យគណបក្សនយោបាយ ដែលបានចូលរួមប្រកួតប្រជែង ការបោះឆ្នោតហើយ មិនទទួលបានអាសនៈនោះ បានចូលរួមកែលំអរគោលនយោបាយ និងផ្តល់ជាគំនិតយោបល់ល្អៗ សម្រាប់ចង្អុលបង្ហាញដល់រាជរដ្ឋាភិបាលក្នុងការដឹកនាំ និងអភិវឌ្ឍន៍ជាតិ។
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដែរថា គណបក្សនយោបាយទាំងអស់នោះ អាចលើកបង្ហាញពីការអនុវត្តន៍ គោលនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ ដើម្បីកុំឱ្យរាជរដ្ឋាភិបាលជិះសេះលែងដៃ៕