(ស្វាយរៀង)៖ ពលរដ្ឋរស់នៅក្នុងភូមិចេក ឃុំសំរោង ស្រុកចន្ទា្រ ខេត្តស្វាយរៀង បានរកបទអន្តរាគមន៍ពីអាជ្ញាធរដែនដី និងផ្នែកដែលការពាក់ព័ន្ធធ្វើការជួសជុលផ្លូវឡើងវិញ និងដើម្បីជួយសម្រួលដល់ ការធ្វើដំណើរ និងដឹកកសិផលពីជនបទ ឆ្ពោះទីកាន់ទីផ្សារ ខណៈដែលផ្លូវនៅក្នុងភូមិត្រូវខូចខាតដោយទឹកភ្លៀង និងទឹកហូរចេញពីក្លឹបការស៊ីណូ និងផ្ទះពលរដ្ឋហូរចូលបំផ្លាញផ្លូវផងនោះ។
បើតាមការបញ្ជាក់ពីពលរដ្ឋ បានឲ្យដឹងថា ផ្លូវលំមួយខ្សែនេះដែលមានប្រវែងជិត៣០០ម៉ែត្រ ស្ថិតនៅក្នុងភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ត្រូវទទួលរងនូវការខូចខាតស្ទើទាំងស្រុង ខណៈដែលទឹកភ្លៀង រួមនិងសំណល់រាវចេញពីក្លឹបកំសាន្តការស៊ីណូ និងផ្ទះពលរដ្ឋដែលសង់នៅសងខាងផ្លូវហូរចូលបន្ថែម ខណៈដែលតំបន់មួយនេះ គ្មានប្រព័ន្ធផ្លូវរំដោះទឹកចេញបានឡើយ។
បើតាមពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់នៅតំបន់នេះ បានលើកឡើងទៀតថា កាលដើមឡើយផ្លូវមួយខ្សែ ដែលស្ថិតនៅស្រប និងខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិចេក អាជ្ញាធរដែនដី និងផ្នែកពាក់ព័ន្ធបានស្ថាបនាឡើងបានល្អ ដើម្បីធ្វើដំណើរតែក្រោយៗ មកផ្លូវបានរងនូវការប្រើប្រាស់ច្រើនគួបផ្សំទៅ និងពលរដ្ឋបន្តមករស់នៅរកស៊ីបន្ថែម ហើយបន្តសាងសង់ផ្ទះកាន់តែច្រើន ធ្វើឲ្យកំណើនសំណល់រាវមានការកើនឡើង បានហូរចាក់មករកផ្លូវ គួបនិងនៅតំបន់នេះគ្មានព្រែក, បឹង, អូរ ដើម្បីរំដោះទឹក បានក៏បណ្តាលឲ្យមានទឹកលិចផ្លូវរងការខូចខាតខ្លាំងតែម្តង។
ជុំវិញនៃការលំបាក់ធ្វើដំណើរ និងការរស់នៅរងនូវសំណល់រាវចេញពីផ្ទះបាយ បង្គន់ បង្ហើរក្លិនអសោច ពិបាកទ្រាំផងនោះ តំណាងពលរដ្ឋបានស្នើដល់អាជ្ញាធរ និងផ្នែកពាក់ព័ន្ធជួយជួសជុលស្ថាបនាផ្លូវ ដែលរងការខូចខាត់នេះឡើងវិញផង។
ទាក់ទងទៅ និងការអំពាវនាវរបស់ពលរដ្ឋ ស្នើដល់អាជ្ញាធរដែនដី ជួយពន្លឿននូវការជួសជុលផ្លូវ រំដោះទឹក លោក ងួន រ៉ាំ អភិបាលស្រុកចន្ទ្រា បានបញ្ជាក់ថា កន្លងមកលោក បានឲ្យអភិបាលរងស្រុក និងក្រុមការងារស្រុក ចុះទៅពិនិត្យមើលផ្លូវនេះ ពិតជាមានការលំបាកក្នុងការធ្វើដំណើរ និងការរស់នៅរបស់ពលរដ្ឋពិតមែនពីព្រោះតំបន់នេះ ពុំមានផ្លូវណាមួយអាចរំដោះទឹកចេញ នៅរដូវវស្សាបាននោះទេ។
លោកបានបន្តថា ផ្លូវរងនូវការខូចខាតធ្ងន់ធ្ងរគួសមដោយទឹកភ្លៀងបន្ថែម ពីលើសំណល់រាវចេញពីផ្ទះពលរដ្ឋ និងការស៊ីណូនោះដែល អាជ្ញាធរស្រុក-ឃុំ និងក្លឹបកាស៊ីណូ បន្តពិភាក្សាស្វែងរកការរំដោះទឹកនៅពេលខាងមុខ ពីព្រោះស្រុក និងឃុំពុំមានកញ្ចប់ថវិកាសម្រាប់ស្ថាបនា កែលំអរនៅពេលនេះទេ៕