(កំពង់ធំ)៖ ក្នុងពិធីជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋនៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំជិត១ពាន់នាក់ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានព្រមានមន្ត្រីខិលខូចទាំងឡាយ ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសនេសាទ ត្រូវដកខ្លួនចេញជាបន្ទាន់ បើពុំនោះទេច្បាស់ជាប្រឈមមុខនឹងច្បាប់។
លោកបន្តថា ការធ្វើបែបនេះ ដើម្បីរក្សានូវពូជត្រី ធនធានធម្មជាតិជីវចម្រុះឡើងវិញ ក្នុងការជួយទ្រទ្រង់ជីវភាពរស់នៅដល់ប្រជាជនកម្ពុជា ជាពិសេសទុកសម្រាប់ប្រកបមុខរបរទេសាទ ជាលក្ខណៈគ្រួសារ។
លោក សុខ លូ បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសលុបចោលឡូតិ៍នេសាទទូទាំងប្រទេស ដើម្បីប្រជាពលរដ្ឋ ទទួលបានផលប្រយោជន៍នេសាទជាលក្ខណៈគ្រួសារ ជាពិសេស ប្រជាពលរដ្ឋនៅក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ដែលពឹងផ្អែកលើការនេសាទត្រី ជាមុខរបរសំខាន់ទីមួយតែម្តង។
លោកបានបញ្ជាក់ថា «សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាគោរពច្បាប់នេសាទទាំងអស់គ្នា ដើម្បីថែរក្សាពូជត្រី និងទិន្នផលត្រីឲ្យមានការកើនឡើងជាងមុន សម្រាប់អនាគតយូអង្វែងតទៅទៀត។ ចំពោះមន្ត្រីខិលខូចណា ដែលមានការពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសនេសាទ សូមធ្វើការដកខ្លួនចេញជាបន្ទាន់ បើពុំដូច្នោះទេ នឹងប្រឈមមុខចំពោះច្បាប់ ខ្ញុំនឹងអនុវត្តន៍នូវអភិក្រមទាំង ៥របស់រាជរដ្ឋាភិបាលកម្ពុជា គឺងូតទឹក ដុសក្អែល ឆ្លុះកញ្ចក់ ព្យាបាល និងវះកាត់»។
លោកបន្ថែមទៀតថា «សូមបងប្អូនត្រូវចាត់ទុកថា បឹងទន្លេសាបនេះ មិនមែនជាកម្មសិទ្ធរបស់អ្នកណាម្នាក់ទេ គឺជារបស់យើងទាំងអស់គ្នា ព្រោះបឹងទន្លេសាប មានវិសាលភាពដ៏ធំធេងសម្រស់ស្រស់ស្អាត ដែលជាអាងស្តុកទឹកធម្មជាតិ និងជាជំរកមច្ឆាជាតិ ដ៏សំខាន់សំរាប់ប្រជាជនកម្ពុជា និងសូមអំពាវនាវដល់កងកម្លំាងសមត្ថកិច្ច កម្លំាងជំនាញពាក់ព័ន្ធទាំងអស់ ត្រូវខិតខំធ្វើការបង្ក្រាបនូវបទល្មើសនេសាទ ប្រកបដោយតម្លាភាព»។
បន្ទាប់ពីសំណេះសំណាលជាមួយប្រជាពលរដ្ឋរួចមក លោក សុខ លូ និងក្រុមការងារបានបន្តដំណើរទៅពិនិត្យស្ថានភាព សាលាបឋមសិក្សានៅភូមិទួលនាងសាវ អំពីការការបង្រៀន និងរៀនរបស់សិស្សនៅទីនោះផងដែរ។ ម្យ៉ាងវិញទៀត នៅក្នុងភូមិនេះ ក៏មានការសាងសង់អនុវិទ្យាល័យទួលនាងសាវមួយខ្នងទៀត ដើម្បីសម្រួលដល់កុមារឲ្យបានសិក្សារៀនសូត្រចប់ថ្នាក់មូលដ្ឋាន។
ជាមួយគ្នានេះ លោកក៏បានទៅជួបលោក ជុំ លឿម អាយុ៤២ឆ្នាំ ដែលជាអ្នកស្ម័គ្រចិត្តរបស់គម្រោង Aus AID ASSISI AID LEC ដែលបានជួយបង្រៀនបំប៉នដល់កុមារនៅក្នុងតំបន់បឹងស្បូវ ក្នុងភូមិទួលនាងសាវ ឃុំផាត់សណ្តាយ។ ក្នុងនោះស្ថានភាពគ្រួសារ លោក ជុំ លឿម មានកូន៧នាក់ មានផែបណ្តែតទឹកមួយ មានផ្ទះមួយដែលមានសភាពទ្រុឌទ្រោម មានកាណូតស្មាច់មួយ សម្រាប់ធ្វើដំណើរតាមប្រពៃណីបងប្អូនតំបន់នេះ។
លោក សុខ លូ និងលោក ឃឹម នុភាព បេក្ខជនតំណាងរាស្ត្រមណ្ឌលកំពង់ធំ បានសម្រេចសាងសង់ផ្ទះមួយខ្នងជូន លោក ជុំ លឿម និងឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់ពួកបានមួយកម្រិតផងដែរ៕