(ភ្នំពេញ)៖ នគរបាលចរាចរណ៍កម្ពុជា និងនគរបាលចរាចរណ៍ឥណ្ឌូនេស៊ី បានផ្លាស់ប្តូរពិសោធន៍ជាមួយគ្នា ទាក់ទងនឹងការគ្រប់គ្រងចរាចរណ៍ ខណៈអត្រាគ្រោះថ្នាក់ចរាចរណ៍ នៅតែស្ថិតគួរឲ្យព្រួយបារម្ភ យ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា។
ជាក់ស្ដែង លោក Chryshnanda Dwilaksana ប្រធាននគរបាលចរាចរណ៍ឥណ្ឌនេស៊ី បានដឹងនាំមន្រ្តីរបស់ខ្លួន មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាចំនួនពីរថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ ដើម្បីស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍ជាមួយនគរបាលចរាចរណ៍កម្ពុជា។
នៅក្នុងដំណើរទស្សនកិច្ចរបស់លោក Chryshnanda Dwilaksana បានជួបពិភាក្សាការងារជាច្រើន ជាមួយតំណាងក្រសួងសាធារណការ និងដឹកជញ្ជួន ជួបជាមួយនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិកម្ពុជា និងឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ អគ្គស្នងការដ្ឋាននគរបាលជាតិជាដើម។
ក្នុងជំនួបនោះដែរ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានថ្លែងអំណរគុណដល់រដ្ឋាភិបាល ក៏ដូចជា នគរបាលឥណ្ឌូនេស៊ី ដែលតែងតែជួយឧបត្ថម្ភគាំទ្រ ជាពិសេស ការចែករំលែកបទពិសោធន៍ដល់ មន្ត្រីនគរបាលកម្ពុជា នាពេលកន្លងមក នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានបន្ថែមទៀតដែរថា កម្ពុជានៅតែបន្តពង្រឹង កិច្ចសហប្រតិបត្តិការជាមួយនគរបាលឥណ្ឌូនេស៊ីឲ្យកាន់ប្រសើរឡើងបន្ថែមទៀត។
នៅក្នុងកិច្ចជាមួយ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន, លោក Chryshnanda Dwilaksana បានសន្យាថា នឹងខិតខំធ្វើយ៉ាងណាផ្លាស់ប្តូរបទពិសោធន៍ ជាមួយកម្ពុជាបន្ថែមទៀត ដើម្បីរួមគ្នាកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ចរាចរណ៍នេះផងដែរ។
លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានលើកឡើងថា នៅក្នុងកិច្ចជំនួបនោះ ភាគីឥណ្ឌូនេស៊ី បានបង្ហាញបទពិសោធន៍ជាច្រើន ដល់មន្រ្តីនគរបាលចរាចរណ៍កម្ពុជា ទាក់ទងនឹងការគ្រប់គ្រងយានយន្ត និងការធ្វើដំណើរដោយយានយន្ត ប្រកបដោយមានប្រសិទ្ធភាពបំផុត។
សូមរំលឹកថា ក្នុងមួយឆមាស ឆ្នាំ២០១៨នេះ ករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងនៅទូទាំងប្រទេស ចំនួន១,៦៣៣លើក បើប្រៀបធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧កន្លង ទៅថយចុះ២៧២លើក ស្មើនិង១៤ភាគរយ ដោយមានចំនួន១,៩០៧លើក។ អ្នកស្លាប់ គឺមានចំនួន៩៣០នាក់ ថយចុះម្នាក់ ដែលឆ្នាំ២០១៧កន្លងទៅ មានចំនួន៩៣១នាក់ រងរបួសធ្ងន់១,៥០៦នាក់ លើ១,៩៤៣នាក់ ថយចុះ៤៣២នាក់ស្មើនិង២២ភាគរយ ហើយរបួសស្រាល ចំនួន៨៩៣នាក់ លើ១០៦៣នាក់ ថយចុះ១៧០នាក់ស្មើ១៦ភាគរយ៕