(ក្រចេះ)៖ នៅថ្ងៃអង្គារ៍ និងថ្ងៃពុធ ៣រោច-៤រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤-១៥ ខែសីហា ឆ្នាំ២០១៨ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់លោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា រួមជាមួយថ្នាក់ដឹកនាំមន្ត្រីនៃសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ បន្តចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ដោយផ្ទាល់ដៃ ជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ ចំនួន ៨០២គ្រួសារ ដែលរស់នៅភូមិចំនួន ២៧ នៃឃុំចំនួន ៥ របស់ស្រុកចិត្របុរី និងស្រុកឆ្លូង ខេត្តក្រចេះ។
បន្ទាប់ពីបានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា លោក យូ ឡាណា បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ និងគិតគូរពីបញ្ហាសុខភាពរស់នៅប្រចាំថ្ងៃដោយប្រើប្រាស់ទឹកស្អាត និងពិសាទឹកដាំពុះ ជាពិសេសនូវរដូវទឹកជំនន់នេះ សូមបងប្អូនប្រុងប្រយ័ត្នចំពោះសត្វអាសិរពិសគ្រប់ប្រភេទ ហើយពេលគេងត្រូវដាក់មុងការពារកុំឲ្យមូសខាំ ជៀសវាងនូវការកើតជំងឺគ្រុនឈាម និងជំងឺផ្សេងៗ ។ ចំពោះស្ត្រីមានផ្ទៃពោះត្រូវរកទីតាំងសុវត្ថិភាពនៅជិតមណ្ឌលសុខភាព ដើម្បីងាយស្រួលតាមដានពិនិត្យសុខភាពឱ្យបានទៀងទាត់ ហើយនៅពេលទឹកស្រកវិញ សូមបងប្អូនប្រញាប់ប្រញាល់បង្កបង្កើនផល ដើម្បីកសាងសេដ្ឋកិច្ចគ្រួសារឡើងវិញ ។
សូមបញ្ជាក់ជូនថា អំណោយដែលនាំយកមកចែកជូននៅពេលនេះ បានមកពីការចូលរួមវិភាគទានរបស់សប្បុរសជនជាតិ និងអន្តរជាតិ ជាពិសេស ការប្រារព្ធទិវា ៨ ឧសភា ដែលធ្វើឡើងជារៀងរាល់ឆ្នាំ ។ សម្រាប់អំណោយដែលបានចែកជូនទាំងពីរថ្ងៃខាងលើនេះ ក្នុងគ្រួសារនីមួយៗទទួលបាន ៖ អង្ករ ៣០គក្រ មី ១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ និងក្រមា១។
បន្ទាប់ពីបានបញ្ចប់ការចែកអំណោយរយៈពេលពីរថ្ងៃរួចមក លោក យូ ឡាណា អគ្គលេខាធិការរងទី២ បានប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ នូវស្បៀង និងសម្ភារ ដែលជាអំណោយរបស់ទីស្នាក់ការកណ្តាល ទុកសម្រាប់សាខាចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះចំនួន ៤៨គ្រួសារ បន្តទៀត។ នេះជាលើកទី ២ ហើយ ដែលកាកបាទក្រហមកម្ពុជា ចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅខេត្ដក្រចេះ ក្នុងខែសីហានេះ លើកទី១ ចែកនៅថ្ងៃទី ៤ ខែសីហា ឆ្នាំ២០១៨ បានចំនួន ៤២១គ្រួសារ នៅក្នុងសង្កាត់/ឃុំចំនួន ៥ នៃក្រុងក្រចេះ និងស្រុកចិត្របុរី ។
សូមបញ្ជាក់ផងដែរថា កាកបាទក្រហមកម្ពុជា បានចែកអំណោយមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់គិតចាប់ពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៨ រហូតមកដល់ថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៨ នេះ បានសរុបចំនួន ១៦.០២៤គ្រួសារ បើគិតជាភូមិស្មើនឹង ១៨១ភូមិ ៧២ឃុំ និង ២៦ស្រុក នៅក្នុងខេត្តចំនួន ១៥ ក្នុងចំណោមរាជធានី-ខេត្តទាំង ២៥ នៃព្រះរាជាណាចក្រកម្ពុជា ៕