(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ បានប្រកាសឲ្យសាធារណជនដឹងថា ចោរដែលលួច Facebook របស់សម្ដេចគឺជាទណ្ឌិត សម រង្ស៊ី ដែលកំពុងរត់គេចខ្លួនពីសំណាញ់ច្បាប់របស់ប្រទេសកម្ពុជា ទៅជ្រកកោននៅក្រៅប្រទេស ហើយបានហៅអំពើនេះជាទង្វើអាក្រក់ជូរជាតិ។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានហៅអ្នកលួច Facebook របស់សម្តេច ហើយបង្ហោះព័ត៌មានពីការបែងចែកអាសនៈទៅឲ្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សហ៊្វុនស៊ិនប៉ិច គឺជាអ្នកមានចេតនាបំផ្លាញការប្រកាសលទ្ធផលបោះឆ្នោតនៅកម្ពុជា ដែលប្រជាពលរដ្ឋបានចេញទៅបោះឆ្នោត យ៉ាងច្រើនលើសលប់។
ការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើង ក្នុងឱកាសបន្តអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី នៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «គេធ្វើអីមិនកើតមកលួច Facebook របស់ហ៊ុន សែន នេះពិតជាអាក្រក់ជោរជាតិ ដែលខ្ញុំសង្ឃឹមថា ឧក្រិដ្ឋកម្មបច្ចេកវិទ្យានេះ នឹងត្រូវបានផ្ដន្ទាទោសដោយពិភពលោក [...] ប៉ុន្ដែដល់ធ្វើអីមិនបាន គេចេញមកថាយើងបង្កើតបញ្ហាខ្លួនឯង អាលូវគិតមើល ចោរម៉ាស្សៀត អ្នកណាទៅបង្កើត Facebook នាយករដ្ឋមន្ដ្រីទៅបង្កើតរឿង ហើយរឿងវាងាយយល់ណាស់»។
សម្ដេចនាយករដ្ឋមន្ដ្រី បានបន្ដថា «ទី១៖គេធ្វើឲ្យធ្វើក្រឡាប់ចាក់ នៃការប្រកាសលទ្ធផល តាមរយៈពូជាអ្នកផុសថា គណបក្សប្រជាជន នឹងចែករំលែកទៅឲ្យ គណបក្សហ្វ៊ិនស៊ិនប៉ិច ២អាសនៈ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ២អាសនៈ។ ចឹងយើងដឹងហើយថាអ្នកណាធ្វើរឿងនេះ ឯមួយទៀត គេថ្លែងអំណរគុណ ចំពោះបងប្អូនកូនក្មួយ ដែលបានចុច Like ឲ្យ Facebook របស់ខ្ញុំជាពិសេស ថ្លែងអំណរគុណចំពោះប្រជាជនហ្វីលីពីន ឥណ្ឌា ឥណ្ឌូនេស៊ី។ ចឹងជាអ្នកណា? អាអ្នកធ្លាប់ប្ដឹងពូទៅ Facebook រហូតដល់ Facebook គេស្ដីឲ្យវិញនោះ។ អាហ្នឹងចោរជាប្រភពមកពីណុង»។
ពាក់ព័ន្ធករណីនេះសម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា នេះគឺជាអំពើឧក្រិដ្ឋកម្មធ្ងន់ធ្ងរណាស់ ដែលសម្ដេចមិនបញ្ជាក់ថា ដំណើរការសាច់រឿង ដល់ណានោះទេ ព្រោះទុកលទ្ធភាពឲ្យសមត្ថកិច្ចជំនាញរបស់កម្ពុជាធ្វើការការងារនេះ ព្រោះសមត្ថកិច្ចរបស់កម្ពុជា ក៏ត្រូវមានទំនាក់ទំនងជាមួយប៉ូលីសអន្ដរជាតិ (អាំងទ័រប៉ូល) ដើម្បីបំបែកសំណុំ។
សូមរំលឹកថា គេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានឈ្មោះថា «Samdech Hun Sen, Cambodian Prime Minister» ត្រូវបានក្រុមជនអនាមិកលួចចូលទៅគ្រប់គ្រង (Hack) នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨។ ប៉ុន្ដែត្រូវបានក្រុមកម្លាំងជំនាញយកមកគ្រប់គ្រងវិញ នៅម៉ោងប្រមាណ១រសៀល បន្ទាប់ពីបាន Hack ចូលគ្រប់គ្រងតាំងពីម៉ោង១១៖១៦នាទីថ្ងៃសុក្រ (ជាង២ម៉ោង)។
ក្រោយពី Hack បានភ្លាមៗក្រុមអនាមិកបានបង្ហោះព័ត៌មាន បំភាន់សាធារណជនអំពីការបែងចែកអាសនៈ ដែលគណបក្សប្រជាជន នឹងទទួលបាន ទៅគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) និងគណបក្សហ៊្វុនស៊ិនប៉ិច។ ជាមួយនោះក្រុម Hacker បានលុបចោលនូវព័ត៌មានមួយចំនួនចេញពី Facebook ផ្លូវការរបស់សម្តេចតេជោ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការដែលយក Facebook នេះមកគ្រប់គ្រងវិញបាន ដោយសារតែមាន កិច្ចសហប្រតិបត្តិការពីក្រុមហ៊ុន Facebook ផ្ទាល់តែម្តង ហើយកម្លាំងជំនាញបានរកឃើញតម្រុយមួយចំនួន ក្នុងនោះគឺជនទុច្ចរិតដែលវាយប្រហារ (Hack) Facebook សម្តេចតេជោ ហ៊ុន សែន គឺមាននិន្នាការប្រឆាំង ដែលអ្នកខ្លះកំពុងលាក់ខ្លួននៅក្រៅប្រទេស៕