(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី០៦នេះ នឹងផ្តល់ឱកាសឱ្យមានការចូលរួមពីបណ្តាគណបក្សដទៃដែលមានសមត្ថភាព ក៏ប៉ុន្តែអ្នកទាំងនោះអាចមានឋានៈត្រឹមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាស្ថាប័ន ឬទីប្រឹក្សារាជរដ្ឋាភិបាលតែប៉ុណ្ណោះ មិនមែនជាសមាជិករាជរដ្ឋាភិបាល ដែលត្រូវបោះឆ្នោតដោយរដ្ឋសភានោះទេ។
ការប្រកាសរបស់សម្តចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីចុះជួបសំណេះសំណាលជាមួយកម្មករនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ ដែលជាថ្ងៃប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី០៦។ ទោះជាយ៉ាងនេះក្តី គណបក្សប្រជានកម្ពុជា ដែលជាបក្សកាន់អំណាចមានជំនឿថា តាមរយៈសន្លឹកឆ្នោតដែលខ្លួនទទួលបានប្រមាណ៧៧% នៃសំឡេងឆ្នោតបានការទាំងមូលនោះ បក្សកាន់អំណាច៥អាណត្តិនេះ នឹងឈ្នះឆ្នោតហើយគ្រប់គ្រងអាសនៈទាំងអស់ នៅក្នុងរដ្ឋសភាតែម្តង។
នៅចំពោះមុខកម្មករជាង១ម៉ឺននាក់ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកម្តងទៀតអំពីការបង្កើតរាជរដ្ឋាភិបាល អាណត្តិថ្មី ដែលនឹងត្រូវធ្វើឡើងនៅដើមខែកញ្ញាខាងមុខនេះ បន្ទាប់ពីរដ្ឋសភាចូលប្រជុំលើកដំបូង និងបោះឆ្នោតរៀបចំក្បាលម៉ាស៊ីន ហើយបញ្ជាក់ថាសមាជិករដ្ឋាភិបាលដែលត្រូវបោះឆ្នោតសុំសេចក្តីទុកចិត្តដោយរដ្ឋសភាគ្រាដំបូងនេះ មានតែគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ។
សម្តេចបញ្ជាក់យ៉ាងដូច្នេះថា៖ «មួយឆាវដំបូងនេះមានតែគណបក្សប្រជាជនកម្ពុជាទាំងអស់នៅក្នុងរាជរដ្ឋាភិបាល អត់មានលាយឡំទេ បន្តទៅទៀត ចាំខ្ញុំពិនិត្យទៅដល់គណបក្សមួយចំនួន ដែលធនធានមនុស្សគ្រាន់បើ ខ្ញុំអាចអញ្ជើញគេ មកធ្វើជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឬទីប្រឹក្សាស្ថាប័ន ឬទីប្រឹក្សារាជរដ្ឋាភិបាល ខ្ញុំនឹងពិនិត្យតាមក្រោយ ប៉ុន្តែធ្វើដូច្នេះគឺចូលមកអនុវត្តតែគោលនយោបាយគណបក្សប្រជាជនទាំងស្រុងតែប៉ុណ្ណោះ»។
សម្តេចបានបន្តទៀតថា សម្រាប់រាជរដ្ឋាភិបាលថ្មីនេះ ទោះបីជាអាចនឹងមានការចូលរួមដោយបក្សដទៃក៏ដោយ ប៉ុន្តែសម្តេចមិនអាចយកគោលនយោបាយបក្សណា មកអនុវត្តជំនួសគោលនយោបាយគណបក្សប្រជាជន ដែលប្រជាជនបានបោះឆ្នោតគាំទ្រយ៉ាងច្រើនលើសលប់បានទេ ក៏ប៉ុន្តែសម្តេចអាចយកធាតុចូលរបស់បក្សទាំងនោះ ដើម្បីជួយជំរុញអនុវត្តគោលនយោបាយរបស់គណបក្សប្រជាជនបាន។
និយាយដល់ការចូលរួមរបស់បក្សដទៃ ក្នុងរាជរដ្ឋាភិបាលអាណត្តិថ្មីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានរិះគន់ចំៗ ចំពោះគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ ដែលបានប្រើប្រាស់វប្បធម៌រត់ការដើម្បីទទួលបានតំណែងក្នុងរាជរដ្ឋាភិបាលផងដែរ។
សូមបញ្ជាក់ថា បើតាមអ្វីដែលសម្តេចតេជោ ហ៊ុន សែន ប្រកាសកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ រដ្ឋសភាអាណត្តិទី០៦ នឹងបើកកិច្ចប្រជុំលើកដំបូងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ព្រះមហាក្សត្រ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ ហើយក្បាលម៉ាស៊ីនរដ្ឋសភា និងរាជរដ្ឋាភិបាលអាណត្តិថ្មី ក៏នឹងបង្កើតឡើងនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះផងដែរ៕