(កំពង់ចាម)៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ បានចុះបង្ក្រាបបទល្មើសល្បែងស៊ីសង់ខុសច្បាប់ ជល់មាន់ និងអាប៉ោង នៅចំណុចចំការស្វាយចន្ទីរ ស្ថិតក្នុងភូមិអូរបេង ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ លោកបញ្ជាដល់កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលមេសជ្រៃ។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ប្រតិបត្តិការកម្លាំងជំនាញបានចាប់ខ្លួនបានមុខសញ្ញាអ្នកលេង បានចំនួន០៣នាក់ ដោយទី១៖ឈ្មោះ នុត វ៉ា អាយុ៥០ឆ្នាំ នៅភូមិដីក្រហម ឃុំសូភាស ស្រុកស្ទឹងត្រង់, ទី២៖ឈ្មោះ ឈាង ផល្លី អាយុ៤៧ឆ្នាំ និងទី៣៖ឈ្មោះ ឃឹម ឆ័ង អាយុ២៩ឆ្នាំ មានទីលំនៅភូមិត្រពាំងឈូក ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ក្នុងនោះដកហូតវត្ថុតាងរួមមាន៖ តុហាន់តោអាប៉ោង០១, ចានអាប៉ោង០១, ចានទ្រអាប៉ោង០១, គំរបអាប៉ោង០១, ជញ្ជីងថ្លឹងមាន់០១, កន្រ្តក់មាន់០១, ទូរស័ព្ទ០៥គ្រឿង និងម៉ូតូចំនួន១៩គ្រឿង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបាននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងចងក្រងសំណុំរឿងតាមនិតិវិធី៕