(ភ្នំពេញ)៖ បណ្តឹងជំទាស់ការសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ពីសំណាក់អតីតសមាជិកអតីតគណបក្សសង្គ្រោះជាតិពីររូប នៅក្នុងខេត្តបាត់ដំបងលើសំណុំរឿង «ម្រាបដៃស្អាត» ទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញនោះមិនទទួលបានជោគជ័យនោះទេ។ ក្រុមប្រឹក្សាធម្មនុញ្ញតាមរយៈសវនាការជំនុំជម្រះជាសាធារណៈនាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ បានសម្រេចរក្សាការសម្រេចរបស់ គ.ជ.ប ដដែល ហើយបានបិទផ្លូវតវ៉ាថែមទៀតផង។
លោក ថោង សារឿន និងលោក គ្រុយ គឹមសាំង អតីតសមាជិកអតីតគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨កន្លងទៅនេះ បានដាក់បណ្តឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីជំទាស់ទៅនឹងសេចក្តីសម្រេចរបស់ គ.ជ.ប កាលពីថ្ងៃទី០៨ ខែសីហា។ សេចក្តីសម្រេចនោះ គ.ជ.ប បានផាកពិន័យលោក ថោង សារឿន និង លោក គ្រុយ គឹមសាំង ម្នាក់ៗ៥លានរៀល ពាក់ព័ន្ធការធ្វើយុទ្ធនាការ «ម្រាមដៃស្អាត»។
ក្រោយទទួលបានបណ្តឹងក្រុមប្រឹក្សាធម្មនុញ្ញក៏បានបើកការស៊ើបអង្កេត និងពិនិត្យទៅលើសំណុំរឿងនេះ ហើយឈានដល់ការបើកសាវនាការនាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ ក្រោយអធិបតីភាពលោក អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ហើយក៏មានការអញ្ជើញចូលរួមពីតំណាងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរួមមាន៖ លោក មាន សទិ សមាជិក គ.ជ.ប, លោក កែ រឹទ្ធិ ទីប្រឹក្សាប្រធាន គ.ជ.ប និងលោក ហួត បូរិន ប្រធានការិយាល័យទទួលពាក្យបណ្តឹង និងស៉ើបអង្កេត។
ក្រៅពីថ្នាក់ដឹកនាំរបស់ក្រុមប្រឹក្សាធម្មនុញ្ញ និងតំណាងរបស់ គ.ជ.ប នៅក្នុងសវនាការជំនុំជម្រះនាព្រឹកមិញនេះ ក៏មានការចូលរួមពីលោកមេធាវី សំ សុគង់ និងលោកមេធាវី ជា ជីវ ដែលជាមេធាវីរបស់លោក ថោង សារឿន និង លោក គ្រុយ គឹមសាំង ផងដែរ។
បន្ទាប់ពីការដេញដោលគ្នាតាមនីតិវិធីទាំងខាងមេធាវីដើមបណ្តឹង ក៏ដូចជាតំណាង គ.ជ.ប រួចហើយនោះ ក្រុមប្រឹក្សាធមនុញ្ញដែលមានលោក អ៉ឹម ឈុនលឹម បានសម្រេចតម្កល់សេចក្តីសម្រេចរបស់ គ.ជ.ប ដដែល ហើយបិទផ្លូវតវ៉ា និងមានអនុភាពអនុវត្តទៅលើអំណាចទាំងអស់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ៕