(ភ្នំពេញ)៖ ក្រុមហ៊ុន អ៊ីដតខូ គ្រុប, ក្រុមហ៊ុន អ៊ីដតខូ ខេមបូឌា, ក្រុមហ៊ុន Atelier Cole និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC-សាលាតិចណូ) នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ បានចុះកិច្ចព្រមព្រៀងមួយដើម្បីសិក្សាស្រាវជ្រាវពីលទ្ធភាព នៃការប្រើប្រាស់ដើមឫស្សីដែលមាននៅក្នុងស្រុក យកមកធ្វើជាសម្ភារសម្រាប់ការសាងសង់បង្គោលអង់តែនទូរគមនាគមន៍។
ក្រោមកិច្ចព្រមព្រៀងនេះ Atelier Cole នឹងទទួលខុសត្រូវចំពោះការស្ថាបនារចនាសម្ព័ន្ធបង្គោលអង់តែន ធ្វើពីដើមឫស្សីនេះ ក្រោយពីការសិក្សារបស់ក្រុមហ៊ុន អ៊ីដតខូ និង ITC ត្រូវបានបញ្ចប់។ ក្រុមហ៊ុន អ៊ីដតខូ មានមហិច្ឆតា ចង់បង្កើតឲ្យមានបង្គោលអង់តែនទូរគមនាគមន៍ធ្វើពីឫស្សីដំបូងគេបង្អស់ នៅប្រទេសកម្ពុជា ឲ្យបានរួចរាល់ជាស្រេចសម្រាប់ការប្រើប្រាស់ ក្នុងគោលដៅពាណិជ្ជកម្ម នៅត្រឹមចុងឆ្នាំ២០១៨នេះ។
លោក Phillip Wong នាយកប្រចាំតំបន់ផ្នែកពង្រីកទីផ្សារ នៃក្រុមហ៊ុន edocto Group បានថ្លែងឲ្យដឹងថា «ក្រុមហ៊ុន អ៊ីដតខូ តែងតែធ្វើពិសោធជាមួយសមា្ភរ និងផ្តល់ដំណោះស្រាយ ច្នៃប្រឌិតថ្មី ដើម្បីដោះស្រាយបញ្ហា ប្រឈមនៃឧស្សាហកម្មហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍»។
បង្គោលអង់តែនទូរស័ព្ទធ្វើពីដើមឫស្សី គឺជាការច្នៃប្រឌិតថ្មីចុងក្រោយបំផុត ដែលយើងផ្តើមគំនិតប្រើប្រាស់សម្បត្តិធម្មជាតិធនធានកកើតឡើងវិញ ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ដើម្បីកាត់បន្ថយផលប៉ះពាល់លើបរិស្ថាន។ នៅពេលដែលអង់តែនទាំងនេះ ត្រូវបានសាងសង់ឡើងដោយប្រើប្រាស់ធនធានធម្មជាតិ ការបញ្ចេញកាបូនក៏ត្រូវបានកាត់បន្ថយដែរ។
បង្គោលអង់តែនប្រភេទនេះ ដែលត្រូវបានសង់លើកដំបូងនៅក្នុងប្រទេសបង់ក្លាដែស បានបង្ហាញថា ការបញ្ចេញកាបូនទៅក្នុងបរិយាកាសត្រូវបានកាត់បន្ថយរហូតដល់ទៅជាង ៧០% ឯណោះ ក្នុងមួយបង្គោលអង់តែន។ បង្គោលអង់តែនទាំងនេះ មានទម្ងន់ស្រាលជាងបង្គោលអង់តែនធ្វើអំពីដែករហូតដល់ទៅ ៨៨% ឯណោះ ហើយមានភាពងាយស្រួល ក្នុងការសាងសង់ និងកាត់បន្ថយទម្ងន់ផ្ទុក ទៅលើអគារទៀតផង។
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ជឿជាក់យ៉ាងមុតមាំថា ធនធានកកើតឡើងវិញ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការច្នៃប្រឌិត និងបង្កើតនូវអ្វីថ្មីៗជាច្រើនទៀត ហើយយើងពិតជាមានសេចក្តីរីករាយ ឥតឧបមាក្នុងការបានធ្វើជាដៃគូដ៏ល្អ ជាមួយក្រុមហ៊ុន អ៊ីដតខូ ចំពោះគម្រោងត្រួសត្រាយផ្លូវមួយនេះ ដែលមិនធ្លាប់មានពីមុនមកនៅកម្ពុជា។
ប្រទេសរបស់យើងសម្បូរទៅដោយធនធានធម្មជាតិជាច្រើន ហើយការប្រើប្រាស់ធនធានទាំងនេះ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ គឺជាវឌ្ឍនភាពថ្មីមួយទៀតរបស់កម្ពុជា នៃការប្រើប្រាស់ធនធានធម្មជាតិរបស់ខ្លួន ប្រកបដោយចីរភាព។ នេះជាការបញ្ជាក់របស់លោកសាស្ត្រាចារ្យ ជ្រា រ៉ាដា ព្រឹទ្ធបុរសមហាវិទ្យាល័យវិស្វកម្មសំណង់ស៊ីវិល នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
យោងតាមការសិក្សា បានបង្ហាញថា ដើមឫស្សីដែលមិនទាន់កែច្នៃ មានសមត្ថភាពទ្រទម្ងន់បេតុងពេលធ្វើរន្ទា និងចាក់គ្រឹះដែលធ្វើឲ្យវាក្លាយជាសម្ភារចាំបាច់មួយ សម្រាប់វិស័យសំណង់ទូរគមនាគមន៍។ វាអាចទប់ទល់នឹង កម្លាំងសន្ទុះខ្យល់បានដល់ទៅ២១០គីឡូម៉ែត្រ ក្នុង១ម៉ោង និងមានអាយុកាលប្រមាណ១០ឆ្នាំ ប្រសិនជាមានការថែទាំបានត្រឹមត្រូវ។
បង្គោលអង់តែនឫស្សី ត្រូវចំណាយពេលប្រហែល១២ថ្ងៃ ដើម្បីសាងសង់ និងប្រើប្រាស់ថាមពលតិចដើម្បីផលិតបើប្រៀបធៀបទៅនឹងបង្គោលអង់តែនធ្វើពីដែក។ សំណង់នេះ មានសមត្ថភាព អាចដាក់អង់តែន បានរហូតដល់ទៅ៨ ក្នុងពេលតែមួយដោយអនុញ្ញាតឲ្យបំពាក់នៅលើទីតាំងតែមួយបាន។
ក្រុមហ៊ុន អ៊ីដតខូ បានផ្គត់ផ្គង់បង្គោលអង់តែនទូរស័ព្ទ ច្នៃពីដើមឫស្សីដំបូងគេនៅលើពិភពលោក ក្នុងទីក្រុងដាក្កាប្រទេសបង់ក្លាដែស កាលពីឆ្នាំ២០១៧ ហើយចាប់តាំងពីពេលនោះមក ក្រុមហ៊ុនបានដាក់ពង្រាយ អង់តែនប្រភេទនេះបានចំនួនប្រាំបួនបន្ថែមទៀត ខណៈដែលបង្គោលអង់តែនឫស្សី ចំនួនប្រាំមួយផ្សេងទៀតកំពុងសាងសង់។
ក្រុមហ៊ុន អ៊ីដតខូ នៅតែបន្តជំរុញការប្តេជ្ញាចិត្តរបស់ខ្លួនឲ្យបានកាន់តែស៊ីជម្រៅបន្ថែមទៀត ក្នុងការកាត់បន្ថយផលប៉ះពាល់លើបរិស្ថាន តាមរយៈការធ្វើភាពជាដៃគូជាមួយក្រុមហ៊ុន ក្នុងស្រុកដែលកំពុងមានការរីកចម្រើនខ្លាំង ក្នុងគោលបំណងនាំយកបង្គោលអង់តែនទូរស័ព្ទច្នៃពីដើមឫស្សីនេះ ទៅកាន់ទីផ្សារជាច្រើនទៀត ដែលក្រុមហ៊ុនកំពុងធ្វើប្រតិបត្តិការ៕