(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ឱក ប៊ុង បានអះអាងថា ការនាំចេញរបស់កម្ពុជា នៅក្រោមប្រព័ន្ធអនុគ្រោះពន្ធ សម្រាប់ឆមាសទី១ នៃឆ្នាំ២០១៨ មានតម្លៃ ៦,២២៩លានដុល្លារអាមរិក គឺបានកើនឡើងជាង ១៥% បើធៀបនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ២០១៧ ដែលមានទឹកប្រាក់ត្រឹមតែ ៥,៣៨៦លានដុល្លារអាមេរិកប៉ុណ្ណោះ។
ការអះអាងរបស់លោករដ្ឋលេខាធិការ បានធ្វើឡើងនាឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា ស្តីពីអ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញ-នាំចូល (ជំនាន់ទី២ និងទី៣) និងបើកវគ្គបណ្តុះបណ្តាលអ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញ-នាំចូល (ជំនាន់ទី៤) ដែលរៀបចំឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨។
ក្នុងឱកាសនោះ លោក ឱក ប៊ុង បានគូសបញ្ជាក់ថា សហភាពអឺរ៉ុប អាមេរិក កាណាដា ជប៉ុន ចិន និងអាស៊ាន គឺជាទីផ្សារដែលស្រូបយកផលិតផលកម្ពុជា រួមមាន៖ សម្លៀកបំពាក់ ស្បែកជើង កាបូប ជ័រកៅស៊ូ អង្ករ ដំឡូងមី និងផលិតផលកសិកម្មផ្សេងៗទៀត។
លោករដ្ឋលេខាធិការ បានសម្តែងការអបអរចំពោះសិក្ខាកាមចំនួន ១១៤នាក់ ដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលជំនាន់ទី២ និងទី៣ ដោយជោគជ័យ ព្រមទាំងសិក្ខាកាមចំនួន ៦៤នាក់ ដែលត្រូវបានជ្រើសរើសចូលរៀនវគ្គបណ្តុះបណ្តាល ជំនាន់ទី៤ ដែលនឹងចាប់ផ្តើមពីថ្ងៃទី២០ ខែសីហា ដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខ។
លើសពីនេះលោករដ្ឋលេខាធិការ ឱក ប៊ុង ក៏បានសំណូមពរដល់សិក្ខាកាមទាំងអស់ប្រើប្រាស់ចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាល ទៅអនុវត្តន៍ការងារឲ្យបានត្រឹមត្រូវ ជាពិសេសចេះទទួលខុសត្រូវចំពោះមុខច្បាប់នូវព័ត៌មាន និងឯកសារដែលបានផ្តល់មកក្រសួង ស្របតាមខ្លឹមសារប្រកាសលេខ ២៥៨ព.ណ.ចបព.ប្រក ស្តីពីការទទួលស្គាល់អ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំ ចុះបញ្ជីពាណិជ្ជកម្ម ឬឯកសារនាំចេញ-នាំចូលនៅក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា។
គួររំលឹកដែរថា ដើម្បីជួយពង្រឹង និងបង្កើនប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងនីតិវិធីពាក់ព័ន្ធនឹងការស្នើសុំវិញ្ញាបនប័ត្របញ្ជាក់ប្រភពដើមទំនិញ (CO) ក៏ដូចជាការផ្តល់ឯកសារនាំចេញ-នាំចូលឱ្យកាន់តែមានប្រសិទ្ធិភាព ក្រសួងពាណិជ្ជកម្ម តាមរយៈវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ (TTRI) បានសហការ ជាមួយនាយកដ្ឋាននាំចេញ-នាំចូល រៀបចំវគ្គបណ្តុះបណ្តាលស្តីពី «អ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញ-នាំចូល» ចំនួនបីវគ្គរួចមកហើយ ដោយមានសិក្ខាកាមចូលរួមសរុប ១៨០នាក់។
តាមរយៈវគ្គបណ្តុះបណ្តាលទាំងនេះ បានធ្វើឱ្យទំហំពាណិជ្ជកម្មរបស់កម្ពុជា មានវឌ្ឍនភាពល្អប្រសើរ។ ជាក់ស្តែងទឹកប្រាក់នាំចេញរបស់កម្ពុជា នៅក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មទៅកាន់ទីផ្សារបរទេស ក្នុងឆ្នាំ២០១៧ មានតម្លៃសរុប ១១,១៥៣លានដុល្លារអាមេរិក គឺបានឡើងប្រមាណ ១៨% បើប្រៀបធៀបឆ្នាំ២០១៦ ដែលមានទឹកបា្រក់ត្រឹមតែ ៩,៤២១លានដុល្លារអាមេរិក៕