(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសបង្កើវេទិកាសំណេះសំណាលមួយរវាងរាជរដ្ឋាភិបាល និងគណបក្សនយោបាយទាំង២០ ដែលបានចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដើម្បីបានទទួលស្តាប់នូវគំនិតយោបល់នានាពីមេដឹកនាំគណបក្សនយោបាយទាំងអស់នោះយកធ្វើជាធាតុចូលក្នុងដឹកនាំ និងអភិវឌ្ឍន៍ជាតិកម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀត។
ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងកិច្ចសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១ម៉ឺន ៥ពាន់នាក់មកពីបណ្តារោងចក្រ សហគ្រាសចំនួន១៧ នៅក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ។
បើតាមសម្តេចតេជោ ហ៊ុន សែន ការប្រកាសបង្កើតវេទិកានេះឡើង ដើម្បីផ្តល់ឱកាសឲ្យគណបក្សនយោបាយដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតហើយមិនទទួលបានអាសនៈនោះ បានចូលរួមកែលំអរគោលនយោបាយ និងផ្តល់ជាគំនិតយោបល់ល្អៗសម្រាប់ចង្អុលបង្ហាញដល់រាជរដ្ឋាភិបាលក្នុងការដឹកនាំ និងអភិវឌ្ឍន៍ជាតិ។
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដែរថា គណបក្សនយោបាយទាំងអស់នោះ អាចលើកបង្ហាញពីការអនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ ដើម្បីកុំឲ្យរាជរដ្ឋាភិបាលជិះសេះលែងដៃ។
សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំចង់ឲ្យមានវេទិកានេះកើតឡើង ដែលវាជាវេទិកាពិគ្រោះយោបល់មួយក្រៅផ្លូវការ ដែលវានឹងអាចជាធាតុចូលនៃបណ្តាបក្សដែលផ្តល់ជូនមករាជរដ្ឋាភិបាលក្នុងគោលបំណងដែលគេមានចំណែក ដើម្បីនឹងចូលរួមកសាងប្រទេស[...]។ [...] វាជាផលប្រយោជន៍ទាំងអស់គ្នា ផលប្រយោជន៍នៃការសុខសាន្ត សុខដុមរមនាក្នុងសង្គមជាតិ បង្កើតឡើងនូវវប្បធម៌សន្ទនារវាងបក្សក្នុងរាជរដ្ឋាភិបាល និងបក្សក្រៅរដ្ឋាភិបាល ឬបក្សក្រៅសភា»។
សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «ខ្ញុំអាចយកធាតុចូលដែលអ្នកផ្តល់មកជួយជំរុញអនុវត្តន៍នូវគោលនយោបាយរបស់គណបក្សប្រជាជនបាន។ ឧទាហរណ៍លើបញ្ហាមួយចំនួនដែលយើងយល់ថា វាមានចំណុចស្របគ្នា ប៉ុន្តែយើងអនុវត្តន៍ទៅឃើញមានខ្វះចន្លោះ ធាតុចូលពីគណបក្សដទៃអាចនឹងគួបផ្សំឲ្យយើង»។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា វេទិកានេះនឹងត្រូវធ្វើឡើងនៅមុនពេលបង្កើតរាជរដ្ឋាភិបាលថ្មី ហើយនឹងធ្វើឡើងនៅវិមានសន្តិភាពផ្ទាល់តែម្តង។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា សម្តេចនឹងសរសេរលិខិតដោយផ្ទាល់ដៃទៅអញ្ជើញថ្នាក់ដឹកនាំគណបក្សនយោបាយទាំង២០នោះ ដែលគណបក្សនយោបាយមួយអាចឲ្យអ្នកតំណាងចូលរួមពី ២ ទៅ៣នាក់។
សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហើបដែរថា រាជរដ្ឋាភិបាលរបស់សម្តេចក្នុងអាណត្តិថ្មី ក៏អាចអញ្ជើញប្រធានបក្ស ឬថ្នាក់ដឹកនាំគណបក្សនយោបាយទៅធ្វើទីប្រឹក្សានៅតាមក្រសួងដែលខ្លួនមានជំនាញផងដែរ៕