(ស្វាយរៀង)៖ បុរសជនជាតិវៀតណាមម្នាក់ ដោយសារតែបើកបរមិនប្រកាន់ស្តាំ ជិះម៉ូតូបញ្ច្រាសចូលផ្លូវមួយចំហៀងទៀតរបស់គេ ត្រូវរថយន្តបាឡែនបុកចំពីមុខពេញទំហឹងលាន់ស្នូរដូចរន្ទះ បណ្តាលឱ្យស្លាប់ភ្លាមៗ នៅនិងកន្លែកើតហេតុតែម្តង។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៧៖៣០នាទីល្ងាច នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៤៨-១៤៩ ស្ថិតក្នុងភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។
នៅមុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាកគុបមូល ពណ៌ខៀវស គ្មានស្លាកលេខ បើកបរដោយបុរសជនជាតិវៀតណាមម្នាក់ឈ្មោះ តឹង ថាន់ហៅ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិ អាំងឃ័រ ឃុំអាំងឃរ័ ស្រុកអាំងឃ័រខេត្តយ៉ាឡាយ ប្រទេសវៀតណាម (គ្មានពាក់មួកសុវត្ថិភាពម៉ូតូគ្មានកញ្ចក់មើលក្រោយ) បើកបរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ខាងលើក៏បានបុកប៉ះ និងរថយន្ត១គ្រឿង ម៉ាកបាឡែនពាក់ស្លាកលេខ 2N-1227 ពណ៌ទឹកប្រាក់ បើកបរពីលិចទៅកើត បណ្តាលឱ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ហើយអ្នកបើកបរអត់ស្គាល់ អត្តសញ្ញាណនោះទេ (គ្មានរងរបួសក្រោយពីបុកប៉ះរួច ហើយអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅ និងកន្លែងហេតុ)។
គួរបញ្ជាក់ថា មូលហេតុដែលបណ្តាលឱ្យកើតមានគ្រោះថ្នាក់ខាងលើនេះ គឺបណ្តាលមកពីអ្នកបើកបរម៉ូតូមិនប្រកាន់ស្តាំ។
បច្ចុប្បន្ន សាកសពត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុប្រគល់ឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅប្រទេសវៀតណាម។ រីឯវត្ថុតាងទាំង០២គ្រឿង សមត្ថកិច្ចបានយកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រៃអង្គុញ ដើម្បីបំពេញសំណុំរឿងបញ្ជូនទៅការរិយាល័យជំនាញខេត្តចាត់ការបន្ត៕