កំពុងស្វែងរកការងារធ្វើមែនទេ? ចង់ឆាប់ទទួលបានការងារធ្វើដែរទេ? តោះចូលរួមវេទិកាសម្ភាសការងាររបស់ NEA ស្អែកនេះទាំងអស់គ្នា
15-08-2018 09:00
(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ស្អែកនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងសហការជាមួយក្រុមហ៊ុនធំៗចំនួន១០ ក្នុងនោះមានមីក្រូហិរញ្ញវត្ថុ មហានគរ ក្រុមហ៊ុន Chip Mong ក្រុមហ៊ុន ចំរើន ធនាគារ AEON ក្រុមហ៊ុន Smart ក្រុមហ៊ុន Smile ក្រុមហ៊ុន WorldBridge ក្រុមហ៊ុន 103 ញូប្រូដាក់សិន សហគ្រាសហ្គោដហៀល និងក្រុមហ៊ុន KTHដោយមានតម្រូវការបុគ្គលិកប្រមាណ៧៦២នាក់។ កិច្ចសម្ភាសការងារនេះ ធ្វើឡើងចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង ៥ល្ងាច នៅទីភ្នាក់ងារជាតិមុខរបរ និងការងារ ស្ថិតនៅក្នុងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ប្អូនស្រីវណ្ណ ម៉ូលីកា និស្សិតឆ្នាំ២ ផ្នែកគីមីវិទ្យានៅ សាកលវិទ្យាល័យភូមិន្ទភ្នំពេញធ្លាប់បានចូលរួមវេទិកាការងារនេះ បានចាត់ទុកវេទិកាការងាររបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ ថាបានរួមចំណែកជាច្រើន ក្នុងការនាំយកឱកាសការងារ ដល់សិស្សនិស្សិត ដែលមានបំណងចង់ស្វែងរកការងារ «វេទិកានេះពិតជាល្អណាស់បង ព្រោះបានជូយដល់ខ្ញុំ ក៏ដូចជាអ្នកកំពុងស្វែងរកការងារធ្វើឲ្យឆាប់ទទួលបានការងារធ្វើ ជាក់ស្តែងខ្ញុំមកវេទិកានេះជាលើកទី១ទេ តែខ្ញុំសង្កេតឃើញថា ការរៀបចំវេទិកានេះពិតជាល្អណាស់ ព្រោះបានជួយដល់សិស្សនិស្សិតឲ្យបានជួបដោយផ្ទាល់ជាមួយនឹងក្រុមហ៊ុន»។
សូមជម្រាបថាក្នុងដំណើរប្រតិបត្តិការជួយស្វែងរកការងារធ្វើដល់ប្រជាពលរដ្ឋខ្មែរ ក្នុងឆមាសទី១ ឆ្នាំ២០១៨ NEA បានជួយស្វែងរកការងារធ្វើដល់ប្រជាពលរដ្ឋខ្មែរបានប្រមាណ ៣២៥១នាក់ ចុះឈ្មោះអ្នកស្វែងរកការងារធ្វើបានប្រមាណ ៧,៥៩០នាក់ នឹងរៀបចំវេទិកាការងារបានចំនួន៤២ដង។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញតាមរយៈលេខទូរស័ព្ទ៖ ០១៦ ៧៨៦៦៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ដោយងាយស្រួល ៕