(សៀមរាប)៖ ជនជាតិចិន៣នាក់ បានប្រើប្រាស់អាវុធមួយដើម ធ្វើសកម្មភាពចូលប្លន់ផ្ទះលក់មាស ប្ដូរប្រាក់ នៅស្រុកពួក ខេត្តសៀមរាប នៅវេលាម៉ោង០៧៖២០នាទីយប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ តែមិនបានសម្រេច ហើយកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប តាមបង្ក្រាបបានភ្លាមៗ។
របាយការណ៍របស់មន្ដ្រីនគរបាលដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ទីតាំងផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិអូរតាប្រាក់ ឃុំពួក ស្រុកពួក ខេត្តសៀមរាប ដោយជនរងគ្រោះទី១៖ឈ្មោះ តៅ សុភា ភេទស្រី អាយុ៤៤ឆ្នាំ, ទី២៖ឈ្មោះ ជូ រចនា ភេទស្រី អាយុ២៦ឆ្នាំ និងទី៣៖ឈ្មោះ ឌឹម វិជ្ជារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ និងកូនតូចម្នាក់ទៀត។
មន្ដ្រីនគរបាលដដែលបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះឡានមកពីប្រកបមុខរបរលក់មាស ប្ដូរប្រាក់ នៅក្រុងសៀមរាប លុះមកដល់មុខផ្ទះគាត់ ជនរងគ្រោះឈ្មោះ តៅ សុភា បានចុះពីលើឡានដើម្បីទៅបើកទ្វារចូលផ្ទះ ស្រាប់តែមានក្រុមជនសង្ស័យមានគ្នា០៣នាក់ បានមកវាយគាត់ពីក្រោយ ដោយវត្ថុរឹង និងវាយកញ្ចក់ឡានបំណងយកទ្រព្យសម្បត្តិមានតំលៃ តែជនរងគ្រោះបានស្រែកផ្អើលអ្នកជិតខាង ជនសង្ស័យក៏បានរត់គេចខ្លួនឆ្លងស្ទឹងបាត់។
ក្រោយទទួលបានសេចក្ដីរាយការណ៍កម្លាំងសមត្ថកិច្ចចម្រុះ បានចុះទៅដល់កន្លែកើតហេតុ និងបានធ្វើការរុករកបានឃាត់ខ្លួន ជនសង្ស័យចំនួន០៣នាក់ ជនជាតិចិន ដោយទី១៖ឈ្មោះ Hv Ming Chaa អាយុ៤៣ឆ្នាំ, ទី២៖ឈ្មោះ Ly Xiao Si អាយុ៣៨ឆ្នាំ និងទី៣៖ឈ្មោះ Lhang yong Sheng អាយុ៤៨ឆ្នាំ។ ក្នុងប្រតិបត្តិការនោះ កម្លាំងជំនាញដកហូតបាន អាវុធម៉ាកឡុកចិនមួយដើម គ្រាប់ចំនួន១០គ្រាប់, ដែកបំពង់ទីប, រថយន្ដមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយស្ដារិច ២០០៤ (គ្មានស្លាកលេខ) និងម៉ូតូនៅក្នុងរថយន្ដមួយគ្រឿងសេរី ២០១៦ (គ្មានស្លាកលេខ)។ ជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្ដតាមនីតិវិធី៕