(ភ្នំពេញ)៖ បុរសម្នាក់ទំនងជាសមត្ថកិច្ចជាន់ខ្ពស់មួយរូប មានខ្សែទុយោជាថ្នាក់ដឹកនាំ ដោយមិនខ្លាចរអែងច្បាប់នោះ បានបើករថយន្ដស៊េរីទំនើប Lexus 570 ពាក់ស្លាកលេខរដ្ឋ 07-2-8989 ទៅបុកសួន និងបង្គោលភ្លើងរបស់រដ្ឋ នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ នាយប់ទាបភ្លឺថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ បណ្ដាលឲ្យរងការខូចខាត។
ប៉ុន្ដែអ្វីដែលហួសចិត្តនោះ ម្ចាស់រថយន្ដរូបនេះ រួមជាមួយបក្ខពួកម្នាក់ទៀត បានបើករថយន្ដមួយគ្រឿងទៀត តាមរថយន្ដស្ទួចរបស់នគរបាលចរាចរណ៍ផ្លូវគោក ដែលដឹករថយន្ដរបស់ខ្លួន ទៅកាន់ការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយ និងបង់ផាកពិន័យនោះ បានដកកាំភ្លើងទៅភ្ជង់អ្នកបើករថយន្ដស្ទួច ឲ្យដឹករថយន្ដរបស់ខ្លួន យកទៅទុកនៅក្នុងផ្ទះ ដែលស្ថិតនៅផ្ទះលេខ R0204 ក្រុម១ ភូមិខ១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ។
ករណីដ៏ព្រហើននេះ ត្រូវបានផ្អើលរហូតដល់អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង និងស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បញ្ជាឲ្យនគរបាលចរាចរណ៍ ក្រោមការសម្របសម្រួលរបស់ព្រះរាជអាជ្ញា ចុះទៅយករថយន្ដដែលបង្ក និងបំផ្លាញទ្រព្យសម្បត្តិមួយគ្រឿងនេះ ព្រមទាំងចាប់វាយខ្នោះអ្នកបើករថយន្ដស៊េរីទំនើប និងបក្ខពួក ចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ជាទីបំផុត ដែលត្រូវចោទប្រកាន់ពីបទ ប្លន់យកវត្ថុតាង របស់សមត្ថកិច្ច។
នៅព្រឹកថ្ងៃទី១៥ ខែសីហានេះ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយសមត្ថកិច្ចខណ្ឌឫស្សីកែវ ក្រោមការដឹកនាំសម្របសម្រួលរបស់ព្រះរាជអាជ្ញារង សៀង សុខ បានចុះទៅដល់ទីតាំងដែលជននេះ ភ្ជង់អ្នកបើករថយន្ដស្ទួចយកទៅទុកនៅផ្ទះរបស់ខ្លួនត្រឡប់មកវិញ និងបញ្ជូនជននេះ ដោយវាយខ្នោះដៃ ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់វិធានការតាមផ្លូវច្បាប់។
ភ្នាក់ងារព័ត៌មាន Fresh News ដែលទៅយកព័ត៌មានផ្ទាល់ ដែលលាក់រថយន្ដនោះ បានរាយការណ៍មកថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូត រថយន្ដ Lexus 570 ដែលបង្កគ្រោះថ្នាក់ចរាចរណ៍បំផ្លាញ ទ្រព្យសម្បត្តិរបស់រដ្ឋ ដកហូតកាំភ្លើងខ្លីមួយដើម ជាមួយគ្រាប់កាំភ្លើងរបស់ជនបង្ក ព្រមទាំងឃាត់ខ្លួនបក្ខពួក២នាក់ទៀតរបស់ជននេះ ម្នាក់ជាអ្នកបើករថយន្ដកូរ៉ូឡា ដែលទៅពាំងរថយន្ដស្ទួច និងម្នាក់ទៀតជាអ្នកមើលការខុសត្រូវរថយន្ដនៅក្នុងផ្ទះ។
យ៉ាងណាក៏ដោយ អត្ដសញ្ញាណ និងតួនាទីរបស់ជនបង្ករូបនេះ មិនទាន់មានការបញ្ជាក់ជាផ្លូវការរបស់សមត្ថកិច្ចនៅឡើយទេ។
សូមបញ្ជាក់ថា រថយន្ត Lexus570 ពាក់ស្លាកលេខរដ្ឋ: 07-2-8989 បានបុកបង្គោលភ្លើងបាក់មួយដើម នៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ កាលពីវេលាម៉ោងជាង៣ទៀបភ្លឺថ្ងៃទី១៥ ខែសីហាឆ្នាំ២០១៨ ត្រូវបានមន្ត្រីចរាចរណ៍ហៅរថយន្តស្ទួច ដឹកយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប៉ុន្តែដោយសារតែមន្ត្រីចរាចរណ៍ទៅមុន បែរជាម្ចាស់រថយន្ត Lexus 570នេះ យកកាំភ្លើងទៅភ្ជង់ម្ចាស់ឡានស្ទួច មិនឱ្យយកមកស្នងការរួចឱ្យដឹកយកទៅផ្ទះរបស់ខ្លួនវិញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់នេះ បានបើករថយន្តមួយគ្រឿងម៉ាក Lexus 570 ពណ៌សពាក់ស្លាកលេខរដ្ឋ 07-2-8989 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើង ទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុក៏ជ្រុលចង្កូតឡើងឃឿន ទៅបុកចំបង្គោលភ្លើងមួយដើម បណ្តាលឱ្យបាក់រីឯរថយន្តវិញរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ៕