(ភ្នំពេញ)៖ ការវិនិយោគទុនលើផ្សារទំនើប និងមជ្ឈមណ្ឌលលក់រាយជាច្រើន បានកើនឡើងជាបន្តបន្ទាប់ក្នុងប្រទេសកម្ពុជា។ តួយ៉ាង ក្នុងឆ្នាំ២០១៨នេះ ក្រុមហ៊ុន ជីប ម៉ុង រីថេល ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ជីប ម៉ុង ទើបតែបើកដំណើរការផ្សារទំនើប ជីប ម៉ុង ដំបូងបំផុត កាលពីថ្ងៃទី១០ សីហា កន្លងទៅថ្មីៗនេះ ដែលមានទីតាំងស្ថិតនៅលើមហាវិថីព្រះមុន្នីវង្ស កែងផ្លូវលេខ ៣២២ រាជធានីភ្នំពេញ។
មិនយូរប៉ុន្មានផង ក្រុមហ៊ុន ជីប ម៉ុង រីថេល ក៏មានគម្រោងបើកការដ្ឋានផ្សារទំនើបខ្នាតធំដ៏ប្រណិតមួយទៀត ដើម្បីបំពេញតម្រូវការបន្ថែមរបស់ប្រជាជនកម្ពុជា។ ផ្សារទំនើបខ្នាតធំនេះ នឹងមានទីតាំងស្ថិតនៅតំបន់មានសក្តានុពលខ្ពស់ សម្រាប់ពាណិជ្ជកម្មទីក្រុងភ្នំពេញ។ ផ្សារទំនើបខ្នាតធំដ៏ប្រណិតនេះ គឺជាគម្រោងមួយស្ថិតនៅក្នុងគម្រោង ដឹ លែនម៉ាក ២៧១ ដែលរួមមានលំនៅឋានឯកជនលំដាប់ខ្ពស់ ខុនដូ សណ្ឋាគារប្រណិត ក្លិបហាត់ប្រាណបំពាក់ដោយឧបករណ៍ទំនើបៗ និងអគារការិយាល័យជាច្រើនទៀតផងដែរ។
គម្រោងផ្សារទំនើបខ្នាតធំមួយនេះ នឹងត្រូវបានបើកសម្ពោធបុកគ្រឹះសាងសង់ជាផ្លូវការ នាពេលឆាប់ៗខាងមុខនេះ៕