(បាត់ដំបង)៖ ជំនន់ទឹកស្ទឹងសង្កែ ខេត្តបាត់ដំបង បាននិងកំពុងគំរាមកំហែងដល់ប្រជាពលរដ្ឋ ប៉ុន្ដែនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ លោក លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំមន្ដ្រីជំនាញចុះទប់ស្កាត់ ដើម្បីកុំឲ្យលិចលង់នៅក្រុងបាត់ដំបង។ នេះបើតាមការឲ្យដឹងពី លោក ចាន់ យុត្ថា នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក។
ថ្លែងប្រាប់អង្គភាព Fresh News លោក ចាន់ យុត្ថា បានបញ្ជាក់ថា ភ្លៀងបានធ្លាក់ចុះយ៉ាងគំហុកក្នុងកម្រិត៩៧មីលីម៉ែត្រ នៅស្រុកសំឡូត (តំបន់ផ្ទៃរងទឹកភ្លៀងរបស់ស្ទឹងសង្កែ) ហើយបានបង្កការគម្រាមកំហែងដល់ជំនន់ស្ទឹងសង្កែ ខណៈដែលទឹកស្ទឹងនេះ កំពុងជន់ស្រាប់រួចទៅហើយ។
បើតាមលោក ចាន់ យុត្ថា ទឹកស្ទឹងសង្កែ នៅក្រុងបាត់ដំបង នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ មានកម្ពស់១១,៤៨ម៉ែត្រ ខណៈកម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន១៣,៧៥ម៉ែត្រ។ យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កំពុងដឹកនាំក្រុមការងារទប់ស្កាត់នឹងជំនន់នេះ ដើម្បីការពារក្រុងបាត់ដំបង កុំឲ្យមានការលិចលង់៕