(តាកែវ)៖ ក្រុមប្រជាពលរដ្ឋដែលប្រកបរបរអាជីវកម្មយានយន្តដឹកទំនិញ យានយន្តដឹកអ្នកដំណើរ និងយានយន្តប្រកបរបរអាជីវកម្មទាំងអស់ នៅក្នុងខេត្តតាកែវ បានផ្ញើិលិខិតថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់កាដូដ៏មានតម្លៃមិនអាចកាត់ថ្លៃបាននូវការមិនយកប្រាក់សម្រាប់ការប្រើប្រាស់ ផ្លូវជាតិលេខ២១ ដោយតភ្ជាប់ពីផ្លូវជាតិលេខ២ ខាងលិចមន្ទីរពេទ្យសុខាភិបាលមកទល់មកទល់នឹងផ្លូវលេខ១២៥ក ឬហៅថាផ្លូវវាងក្រុងដូនកែវ ចាប់ពីម៉ោង២៤ (ម៉ោង១២អាធ្រាត) ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ តទៅ។ នេះបើតាមលិខិតថ្លែងអំណរគុណរបស់ពលរដ្ឋខេត្តតាកែវ ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ។
នៅក្នុងលិខិតរបស់តំណាងប្រជាពលរដ្ឋខេត្តតាកែវ បានថ្លែងយ៉ាងដូច្នេះថា៖ «យើងខ្ញុំទាំងអស់គ្នាជាតំណាងប្រជាពលរដ្ឋ អ្នកប្រកបរបរអាជីវកម្មយានយន្តដឹកទំនិញ យានយន្តដឹកអ្នកដំណើរ និងយានយន្តប្រកបរបរអាជីវកម្មទាំងអស់នៅក្នុងខេត្តតាកេវ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាអតិបរិមាជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចតេជោ បានផ្តល់ជូនយើងខ្ញុំទាំងអស់គ្នា នូវការប្រើប្រាស់ផ្លូវលេខ២១ ដោយតភ្ជាប់ពីផ្លូវជាតិលេខ២ ខាងលិចមន្ទីរពេទ្យសុខាភិបាលមកទល់នឹងផ្លូវលេខ១២៥ក ឬហៅកាត់ថាផ្លូវវាងក្រុង ដោយមិនចាំបាច់បង់ប្រាក់តទៀត ចាប់ពីម៉ោង២៤ (ម៉ោង១២អាធ្រាត) ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ តទៅ»។
លិខិតរបស់ពលរដ្ឋ បានឱ្យដឹងថា អំណោយដ៏ថ្លៃថ្លានេះ គឺជាសក្ខីភាព បញ្ជាក់កាន់តែច្បាស់ថែមទៀតអំពីទឹកចិត្តប្រកបដោយមេត្តាធម៌ដ៏សប្បរស និងការយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះ សុខទុក្ខរបស់ប្រជាពលរដ្ឋដែលសេម្តេចតេជោ ជានាយករដ្ឋមន្ត្រី តែងតែបានប្រកាន់ខ្ជាប់កន្លងមក ក្នុងការដឹកនាំប្រទេសជាតិ និងប្រជាពលរដ្ឋតាំងពីក្រោយថ្ងៃរំដោះ ០៧ មករា ១៩៧៩ រហូតដល់បច្ចុប្បន្ននេះ ជាពិសេសក្រោមការដឹកនាំប្រកដោយគតិបណ្ឌិតរបស់សម្តេចតេជោ ក្នុងអាណត្តិកន្លងមកបានធ្វើឱ្យប្រទេសជាតិ មានការរីកចម្រើន និងអភិវឌ្ឍន៍ធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពធូរធាពីមួយថ្ងៃទីមួយថ្ងៃ ដែលធ្វើឱ្យប្រជាពលរដ្ឋផ្តល់ការទុកចិត្តគាំទ្រនិងបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា គាំទ្របេក្ខភាពសម្តេចតេជោ ជានាយករដ្ឋមន្ត្រី នៃកម្ពុជា ដោយទទួលបានសម្លេងឆ្នោតច្រើន ភ្លូកទឹកភ្លូកដី ហើយឈ្នះការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស នៅក្នុងអាណត្តិទី០៦នេះ និងអាណត្តិបន្តបន្ទាប់ទៀត ដើម្បីបន្តដឹកនាំនាវាកម្ពុជា ឈានឆ្ពោះទៅរកវឌ្ឍនភាព សន្តិភាព សេរីភាព ស្ថិរភាព និងស្របតាមលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ៕
សូមអានខ្លឹមសារលម្អិត នៅក្នុងលិខិតថ្លែងអំណរគុណរបស់ប្រជាពលរដ្ឋខេត្តតាកែវ នៅខាងក្រោមនេះ៖