(ប្រាជិនបុរី)៖ បើកឆាកការប្រកួតប្រជែងដំបូងនៃព្រឹត្តិការណ៍ Asia Cross Country Rally 2018 ដែលចាប់ផ្តើមពីទីក្រុងប៉ាតាយ៉ា នៃខេត្តប្រាជិនបុរី ប្រទេសថៃក្រុមរថយន្តកម្ពុជាទាំង២គ្រឿង ដែលប្រកួតលើប្រភេទរថយន្តប្រើថាមពលប្រេងសាំងប្រជែងបានចំណាត់ថ្នាក់លេខ២ និងលេខ៣ ពោលគ្រាន់តែចាញ់ពិន្ទុក្រុមរថយន្តជប៉ុនតែមួយប៉ុណ្ណោះក្នុងជុំដំបូងនេះ ។
គួរជម្រាបថា ព្រឹត្តិការណ៍ Asia Cross Country Rally 2018 ជាព្រឹត្តិការណ៍ប្រកួតយានយន្តលើកទី២៣ ប្រចាំតំបន់អាស៊ី។ ព្រឹត្តិការណ៍នេះ បានចាប់ផ្ដើមនាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ និងបញ្ចប់នៅរាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែសីហា។
ថ្លែងនៅក្រោយបញ្ចប់ការប្រកួតជុំទី១ លោក ហូ សិទ្ធិគុណអ្នកបើករថទី១ តំណាងក្រុមរថយន្ត KARA កម្ពុជា បានលើកឡើងថា ការប្រកួតនៅថ្ងៃដំបូងនេះ លោកពិតជាធ្វើបានល្អ ទោះបីផ្លូវមានស្ថានភាពលំបាកខ្លាំងធ្វើឲ្យរថយន្តមានបញ្ហាមួយចំនួនក៏ដោយ ក៏ការបញ្ជារថយន្តប្រកបដោយទំនុកចិត្តខ្ពស់របស់លោក នៅអាចប្រជែងឈ្នះថេរវេលារថយន្តផ្សេងទៀតចន្លោះពី ១៥-៣០នាទី ធ្វើឲ្យរថយន្តលោកមានពិន្ទុខ្ពស់ឈរនៅចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមរថយន្តប្រើសាំង។
ជាមួយគ្នានេះ លោក វង្ស គីមហួត អ្នកបើករថយន្តទី២ដែលឈរនៅពិន្ទុខ្ពស់ស្ថិតនៅលំដាប់លេខ២ បានអះអាងថា ការប្រកួតថ្ងៃដំបូងរបស់លោក ក្នុងចំណុចចាប់ផ្តើមដំបូងវាបានជួបបញ្ហាលំបាកខ្លាំងដែរ ប៉ុន្តែការលំបាកទាំងនោះលោកប្រឹងជម្នះ រហូតទទួលបានពិន្ទុខ្ពស់ក្នុងថ្ងៃប្រកួតទី១នេះ។
លោកបានប្ដេជ្ញាថា ថ្ងៃទី២នៃការប្រកួត ត្រូវនឹងថ្ងៃ១៤ ខែសីហា ដែលប្រកួតចេញពីខេត្តប្រាជិនបុរី ឆ្ពោះទៅកាន់ខេត្តបុរីរម្យ ក្នុងរយៈចម្ងាយជាង៣០០គីឡូម៉ែត្រ លោកនឹងធ្វើឲ្យកាន់តែល្អជាងនេះទៀត។
ដោយឡែក លោកស្រី សេង សុជាតា ជំនួយការអ្នកបើកបររថយន្តកម្ពុជា ដែលជាជំនួយការអ្នកបើកបរនារីកម្ពុជាដំបូងគេ នៃព្រឹត្តិការណ៍ប្រណាំងរថយន្តកម្រិតអាស៊ីនេះ បានលើកឡើងដែរថា លោកស្រីនឹងបង្កើនសមត្ថភាពបន្ថែមទៀតលើវិស័យប្រណាំងយានយន្តមួយនេះ ក្នុងបំណងអភិវឌ្ឍសមត្ថភាពចូលបញ្ជារថយន្តដោយខ្លួនឯងនាឱកាសប្រកួតក្រោយៗទៀត។
សម្រាប់លទ្ធផលប្រភេទរថប្រណាំងប្រើសាំង ពិន្ទុខ្ពស់ក្នុងថ្ងៃទី១ បានទៅលើក្រុមរថយន្តមកពីប្រទេសជប៉ុនលេខ២ បានទៅលើក្រុមរថយន្តកម្ពុជា លោក វង្ស គីមហួត និងពិន្ទុ លេខ៣ បានទៅលើក្រុមរថយន្តកម្ពុជាដែរ លោក ហូ សិទ្ធិគុណ។ រីឯរថយន្តម៉ាសូតវិញ មានពីលេខ១ដល់៣ សុទ្ធតែជារថយន្តរបស់ជនជាតិថៃ៕