(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះ លោក រ័ត្ន ស្រ៊ាង មេបញ្ជាការរងនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកទឹកក្រូច ទឹកដោះគោ ទឹកសុទ្ធ ស្រាបៀ និងថវិកា ទៅផ្តល់ជូន ក្រុមការងារ គ្រប់ភូមិ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីយកទៅ រៀបចំកម្មវិធីជួបជុំប្រជាពលរដ្ឋ គ្រប់ភូមិទូទាំងសង្កាត់ពួកគាត់ បន្ទាប់ពីពួកគាត់បានបំពេញកាតព្វកិច្ចជាពលរដ្ឋខ្មែរ ទៅចូលរួមបោះឆ្នោតគ្រប់ៗគ្នា បង្ហាញពីភក្តីភាពចំពោះប្រទេសជាតិ និង បង្ហាញពីជំហរស្រឡាញ់សន្តិភាព ដែលកម្ពុជា កំពុងមានសព្វថ្ងៃ។
អស់ជាង៥០០ឆ្នាំមកហើយ ដែលកម្ពុជាមិនធ្លាប់មានសន្តិភាព និងការបង្រួបបង្រួមឯកភាពជាតិតែមួយរយៈពេលយូរបែបនេះ ទើបតែនៅសម័យតេជោនេះប៉ុណ្ណោះ ដែលខ្មែរគ្មានសង្គ្រាមគ្មានការបែងចែកតំបន់ត្រួតត្រា គឺមានតែការជួបជុំ មានឱកាសបានរៀនសូត្រតាំងពីមត្តេយ្យដល់ឧត្តមសិក្សា មានសេរីភាពពេញលេញខាងជំនឿសាសនា មានវប្បធម៌ជាតិថ្កុំថ្កើង មានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ មានសម្ភារៈទំនើបប្រើប្រាស់ទាន់សម័យជាប្រទេសស៊ីវីល័យ មានវត្តអារាម មានសាលារៀន មានមន្ទីរពេទ្យ មានផ្សារ មានប្រព័ន្ធធារាសាស្ត្រ និងមានហេដ្ឋារចនាសម្ព័ន្ធ ច្រើនស្អេកស្កះខ្វាត់ខ្វែងពេញផ្ទៃប្រទេស ជាពិសេសនោះគឺ ខ្មែរមានមេដឹកនាំដ៏ឈ្លាសវាងវៃប្រកបដោយគតិបណ្ឌិត និងទស្សនៈវិស័យច្បាស់លាស់ ទាំងការដឹកនាំប្រទេសជាតិ ទាំងការទូត គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ ហើយអ្វីដែលមិនអាចបំភ្លៃបានជាប្រវត្តិសាស្ត្រ គឺសន្តិភាពដែលខ្មែរកំពុងមាននេះហើយ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរជាង១៦លាននាក់ កំពុងរស់នៅដោយសុខសាន្ត និងរក្សាបាននូវអត្តសញ្ញាណជាតិ ទំនៀមទម្លាប់ វប្បធម៌ ប្រពៃណី ផ្សព្វផ្សាយទៅដល់ឆាកអន្តរជាតិ។
ក្នុងឱកាសប្រគល់ភេសជ្ជៈ និងថវិកានាពេលនេះ លោក រ័ត្ន ស្រ៊ាង នៅបាននាំយកអាហារសម្រន់នំប៉័ងសាច់ខ្វៃ ទៅចូលរួមបរិភោគជាមួយក្រុមការងារគ្រប់គ្នាយ៉ាងសប្បាយរីករាយស្និតស្នាលបំផុតផងដែរ៕