(កណ្ដាល)៖ រដ្ឋបាលខេត្ដកណ្ដាល នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត លើកទី៥១ អាណត្តិទី២ ដែលនឹងប្រព្រឹត្តទៅនាដើមខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីត្រៀមខិតខំប្រឹងប្រែង ដោះស្រាយរាល់បញ្ហាប្រឈម និងសំណើរបស់ប្រជាពលរដ្ឋ ដែលស្នើឡើងក្នុងវេទិកា ឲ្យបានល្អប្រសើរជាងឆ្នាំ២០១៧។
លោក នួន ផា ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានឲ្យដឹងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ខាងលើនេះ ក្រុមប្រឹក្សាខេត្ត និងខិតខំប្រឹងប្រែងដោះស្រាយរាល់បញ្ហាប្រឈម និងសំណើរបស់ប្រជាពលរដ្ឋ ដែលបានស្នើឡើងក្នុងវេទិកា ក្នុងគោលបំណងបង្កើនជំនឿជឿជាក់ លើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។
លោក នួន ផា បានបន្តទៀតថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះក្រុមប្រឹក្សាខេត្ត នឹងជ្រើសរើសយកស្រុក-ក្រុងណា ដែលមានបញ្ហាប្រឈមច្រើនជាងគេ អនុវត្តមុនបណ្តាស្រុកក្នុងខេត្ត។
នៅក្នុងកិច្ចប្រជុំលើកទី៥១ អាណត្តិទី២នេះដែរក្រុមប្រឹក្សាខេត្ត ក៏បានធ្វើការពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំសាមញ្ញាលើកទី៥០ ពង្រាងរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តកណ្តាល សេចក្តីព្រាងកម្មវិធី វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត លើកទី៥២ អាណត្តិទី២ និងពិភាក្សាបញ្ហាផ្សេងៗ មួយចំនួនផងដែរ។
ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តខាងលើនេះ លោក គឹម រិទ្ធី អភិបាលរងខេត្តតំណាងលោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្ត បានបញ្ជាក់ថា នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ សម័យប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ និងឈានចូលមកដល់ ដូច្នេះស្នើអង្គភាពពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ ក្នុងការរឹតបន្តឹងគ្រប់ការងារសំដៅ ឲ្យការប្រលងរបស់ សិស្សមានរបៀបរៀបរយ ទទួលបានលទ្ធផលល្អជាង ឆ្នាំ២០១៧ កន្លងមកមានន័យថា សិស្ស ពូកែ និងចេះគឺប្រឡងជាប់។
ក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្ត ក៏បានស្នើឲ្យមន្ទីរសុខាភិបាល ពង្រឹងលើការផ្តល់សេវាជូនប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អប្រសើរជាងមុន និងមានទំនួលខុសត្រូវ តាមជំនាញវិជ្ជាជីវៈ ដើម្បីធ្វើឲ្យអ្នកជំងឺ មានទំនុបចិត្ត លើវិស័យសុខាភិបាលរបស់កម្ពុជា។
នៅក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះ ទូទាំងខេត្តកណ្តាល បេក្ខជនប្រឡង ៩,០១៥ ស្រី ៤,៧២១ មានមណ្ឌលប្រឡង១៨ រួមមាន ៣៦៤បន្ទប់។ បេក្ខជនឆ្នាំ២០១៨ មានការកើនឡើង១,៩០០នាក់ ស្រី៥៧៩នាក់ បើប្រៀបធៀបឆ្នាំ២០១៧៕