(ពោធិ៍សាត់)៖ «បើទោះបីជារាជរដ្ឋាភិបាលថ្មី មិនទាន់ត្រូវបានបង្កើត ប៉ុន្តែថ្នាក់ដឹកនាំគណបក្សប្រជាជនបានចុះជួយដោះស្រាយបញ្ហានានារបស់ពួកគាត់ជាបន្តបន្ទាប់»។ នេះជាការលើកឡើងរបស់ ប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់ នៅចំពោះមុខលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងក្រុមការងារ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះ ក្នុងឱកាសលោករដ្ឋមន្រ្តី បានចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលរបស់​ប្រជាកសិករ ព្រមទាំងការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្រមួយចំនួន នៅក្នុងខេត្តពោធិ៍សាត់។

ជាមួយគ្នានេះលោករដ្ឋមន្រ្តី ក៏បានចុះទៅពិនិត្យការសាងសង់ គម្រោងអភិវឌ្ឍន៍ស្ទឹងពោធិ៍សាត់ទំនប់លេខ​៣ និងទំនប់លេខ​៥ ជំហានទី​២ និងប្រព័ន្ធធារាសាស្ត្រដំណាក់អំពិល-វត្តលួងផងដែរ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី លឹម គាន់ហោ បានទទួលយកនូវសំណូមពររបស់​ប្រជាពលរដ្ឋ ដែលមានបញ្ហាប្រឈមមួយចំនួន នោះគឺការខ្វះខាតទឹក សម្រាប់ស្រោចស្រពនៅក្នុងក្រុងពោធិ៍សាត់​។ ការខ្វះខាតទឹកនេះ មូលហេតុ​គឺដោយសារគម្រោង កំពុងតែដំណើរការសាងសង់ ដូចនេះ​ទើបមានការរអាក់រអួល ក្នុងការបញ្ជូនទឹកទៅកាន់ស្រែរបស់​ប្រជាពលរដ្ឋ​។ ដើម្បីដោះស្រាយបញ្ហានេះ លោករដ្ឋមន្ត្រី បានឧបត្ថម្ភនូវម៉ាស៊ីនបូមទឹកខ្នាតតូច ចំនួន​០៦​គ្រឿង ដើម្បីបូមទឹកពីប្រឡាយមេ បញ្ចូលទៅប្រឡាយរង សម្រាប់ស្រោចស្រពស្រែរបស់ប្រជាពលរដ្ឋ។

 សូមបញ្ជាក់ជូនថា គម្រោងអភិវឌ្ឍន៍ស្ទឺងពោធិ៍សាត់ ទំនប់លេខ​៣ និងលេខ​៥ ជំហានទី​២ ស្ថិតក្នុងខេត្តពោធិ៍សាត់ គ្របដណ្តប់លើស្រុកភ្នំក្រវាញ និងស្រុកបាកាន។

គម្រោងនេះមានការងារសំខាន់ៗដូចជា​៖
*ប្រឡាយមេបេតុង ចំនួន​០១ ខ្សែ មានប្រវែងសរុប​២០.៥គីឡូម៉ែត្រ (ទទឹងមាត់លើពី​២០,៥​-​២១,៥ម៉ែត្រ និងទទឹងបាតក្រោម​១៤​ម៉ែត្រ ជម្រៅពី​៣-៣,៥ម៉ែត្រ)​។
*ប្រឡាយរង ចំនួន​០៧​ខ្សែ មានប្រវែរងសរុប​៥០,៨គីឡូម៉ែត្រ (ទទឹងមាត់លើពី​៦-៨ម៉ែត្រ និងទទឹងបាតក្រោមពី​១,៥-២,៥​ម៉ែត្រ ជម្រៅ​១,៥៨-២,២ម៉ែត្រ) ក្នុងនោះ ប្រឡាយរងលេខ​១ ក្រាលបេតុងទាំងអស់​ប្រវែង​១១.០៥១ម៉ែត្រ ដោយឡែកប្រឡាយរង​០៦​ខ្សែទៀត ក្រាលបេតុងតែផ្នែកខ្លះ គឺលេខ​១-១​ប្រវែង​២,០០០ម៉ែត្រ, លេខ​២ ប្រវែ​ង២៣៦ម៉ែត្រ, លេខ​៣ ប្រវែង​២៣៦ម៉ែ​ត្រ, លេខ​៤ ប្រវែង​២៣៦ម៉ែត្រ, លេខ​៥ ប្រវែង​២៣៦ម៉ែត្រ និងលេខ​៦ ប្រវែង​២៣៦ម៉ែត្រ។
*ប្រឡាយស្រោចស្រព ចំនួន​៧៧​ខ្សែ មានប្រវែងសរុប​១៣៨.១៩គីឡូម៉ែ (ទទឹងមាត់លើពី ៤,០៥-៤,៧៥​ម៉ែត្រ និងទទឹងបាតក្រោមពី ០,៨-១​ម៉ែត្រ, ជម្រៅពី​១,៣-១,៥​ម៉ែត្រ)​។
*ប្រឡាយដោះទឹក ចំនួន​០៨​ខ្សែ មានប្រវែងសរុប ៤៨.៨៨គីឡូ​ម៉ែត្រ (ទទឹងមាត់លើពី ៥,៧-៨,៥​ម៉ែត្រ និងទទឹងបាតក្រោមពី​១,៥-២,៥​ម៉ែត្រ, ជម្រៅពី ១,៥-២​ម៉ែត្រ)​។
*ស្តារស្ទឹងប្រវែង ៥​គីឡូ​ម៉ែត្រ។
*សំណង់យកទឹក ចំនួន​០១​កន្លែង សំណង់សម្រួលចរន្តទឹកចំនួន​៣៦​កន្លែង សំណង់បង្វែរចរន្តទឹក​ចំនួន​៨៨​កន្លែង និងសំណង់ស្ទាក់ទឹក ចំនួន​០២​កន្លែង​។
*លូក្រោមប្រឡាយទឹក ចំនួន​០៣​កន្លែង សំណង់ប្រឡាយបេតុងចម្លងទឹក ចំនួន​០២​កន្លែង និងសំណង់លូទឹក ចំនួន​០៦​កន្លែង​។

គម្រោងអភិវឌ្ឍន៍ស្ទឹងពោធិ៍សាត់ ទំនប់លេខ​៣ និងលេខ​៥ ជំហានទី​២ នឹងមានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រព សម្រាប់បង្កើនផលិតផលកសិកម្ម បានទំហំប្រមាណ​១៩,៧០០​ហិកតា នៅរដូវវស្សា និង​១០,៥០០​ហិកតា នៅរដូវប្រាំង ហើយក៏រួមចំណែកផងដែរ ក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់ តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម​។

ជារួមការអភិវឌ្ឍស្ទឹងពោធិ៍សាត់ ទំនប់លេខ​៣ និងលេខ​៥ ជំហានទី​២​នេះ នឹងធ្វើឲ្យរាជរដ្ឋាភិបាលសម្រេច បាននូវប្រព័ន្ធធារាសាស្ត្រពេញលេញមួយ ដែលអាចឲ្យប្រជាពលរដ្ឋ នៅ​ស្រុកភ្នំក្រវាញ និងស្រុកបាកាន ខេត្តពោធិ៍សាត់ អាចធ្វើការដោះស្រាយបញ្ហាទឹកបានមួយកម្រិតធំ ដែលពីមុនយើងពឹងផ្អែកភាគច្រើន ទៅលើប្រភពទឹកពីភ្លៀងនៅរដូវវស្សា។

បន្ទាប់មកលោករដ្ឋមន្ត្រី និងក្រុមការងារ បានបន្តដំណើរចុះពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្រដំណាក់ឈើក្រំ​។ ការសាងសង់ប្រព័ន្ធធារាសាស្ត្រ ដំណាក់ឈើក្រំ ត្រូវបានបែងចែកជា​០៣​កញ្ចប់ រួមមាន​៖
*កញ្ចប់ទី​១​៖ សាងសង់សំណង់មេកាត់ស្ទឹងពោធិ៍សាត់ ចំនួន​០១​កន្លែង ត្រង់ចំណុចភូមិដំណាក់ឈើក្រំ ឃុំសំរោង ស្រុកភ្នំក្រវាញ។
*កញ្ចប់ទី​២​៖ ជីកប្រឡាយមេ​០១​ខ្សែ ប្រវែង​១៦,០០០​ម៉ែត្រ និងសាងសង់សំណង់សិល្បការ សរុបចំនួន​២៨​កន្លែង​។
*កញ្ចប់ទី​៣​៖ ជីកប្រឡាយរង​០៤​ខ្សែ សរុបប្រវែង ៦៨.៩៨១​ម៉ែត្រ និងសាងសង់សំណង់សិល្បការ សរុបចំនួន​២១៥​កន្លែង​។

នៅក្នុងការសាងសង់ជំហានដំបូង ក្រសួង​បានចាប់អនុវត្តនូវកញ្ចប់ទី​២ នោះគឺការជីកប្រឡាយមេ​០១​ខ្សែ ប្រវែង​១៦គីឡូ​ម៉ែត្រ លាតសន្ធឹងលើឃុំផ្ទះរ៉ុង ឃុំសំរោង ឃុំបាក់ចិញ្ចៀន នៃស្រុកភ្នំក្រវាញ និងឃុំតាលោ ឃុំខ្នារទទឹង នៃស្រុកបាកាន​។ ប្រឡាយមេ​០១​ខ្សែនេះ នឹងមានបំពាក់នូវសំណង់សិល្បការតូច ធំ សរុបចំនួន​២៨​កន្លែង។

នៅក្នុងការពិនិត្យនោះដែរ លោករដ្ឋមន្ត្រី ក៏បានណែនាំដល់ក្រុមហ៊ុន Guangdong Foreign Construction Co.,Ltd នៃសាធារណរដ្ឋប្រជាមានិតចិន ដែលកំពុងសាងសង់គម្រោងអភិវឌ្ឍន៍ស្ទឹងពោធិ៍សាត់ ជំហានទី​២ ក៏ដូចជាក្រុមហ៊ុនជប៉ុន ដែលកំពុងសាងសង់ប្រព័ន្ធធារាសាស្ត្រដំណាក់អំពិល-វត្តលួង និងក្រុមហ៊ុន ដែលកំពុងសាងសង់ប្រព័ន្ធធារាសាស្ត្រដំណាក់ឈើក្រំ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុតលើបញ្ហាបច្ចេកទេស ដើម្បីសំណង់មានគុណភាព ធានានូវការប្រើប្រាស់យូរអង្វែង៕