(ភ្នំពេញ)៖ ជាថ្មីម្តងទៀតការិយាល័យសហប្រតិបត្តិការកិច្ចការពារជាតិ នៃទូតអាមេរិកប្រចាំនៅកម្ពុជា បានប្រកាសអាហារូបករណ៍ជ្រើសរើសយុវជន-យុវតីកម្ពុជា ដើម្បីចូលរៀននៅសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក ដែលក្នុងនោះមានទាំងផ្នែកកងទ័ពជើងគោក នៅ West Point ផ្នែកខាងជើងទឹកនៅ Annapolis និងផ្នែកខាងល្បាតដែនសមុទ្រនៅ New London សម្រាប់ថ្នាក់ដែលចាប់ផ្តើមចូលរៀននៅខែកក្កដា ឆ្នាំ២០១៩ និងបញ្ចប់នៅឆ្នាំ២០២៣។
និសិ្សតដែលជាប់អាហារូបករណ៍ចូលរៀន នៅពេលបញ្ចប់ការសិក្សានឹងទទួលបានសញ្ញាបត្រប្រភេទ Bachelor's of Science ដែលផ្អែកលើកម្មវិធីសិក្សា ដែលមានភាពតានតឹង និងទាមទារខ្លាំង ហើយនឹងសាកល្បងសមត្ថភាពរបស់និស្សិត ទាំងផ្នែកបញ្ញាស្មារតី និង រូបរាងកាយ ព្រមទាំងផ្នែកយោធា នៅក្នុងបរិស្ថានមួយ ដែលលើកកម្ពស់ការអភិវឌ្ឍបុគ្គលិកលក្ខណៈ។
និស្សិតបរទេសទាំងឡាយ នឹងទទួលបានការហ្វឹកហាត់ ប្រាក់ខែ ក៏ដូចជាប្រាក់ឧបត្ថម្ភ ដូចគ្នាទៅនឹងពលរដ្ឋអាមេរិក ហើយស្ថិតក្រោមការអនុវត្តន៍វិន័យនិងបទបញ្ញត្តិតែមួយ។ យ៉ាងណាមិញ ពួកគេនឹងមិនត្រូវចូលបម្រើក្នុងជួរយោធាអាមេរិក ឬធ្វើសច្ចាប្រណិធានបញ្ជាក់ពីភាពស្មោះស្ម័គ្រចំពោះសហរដ្ឋអាមេរិកនោះឡើយ។ បេក្ខជន-បេក្ខនារីកម្ពុជា ដែលទទួលបានអាហារូបករណ៍ នឹងត្រូវចុះកិច្ចសន្យាជាមួយក្រសួងការពារជាតិ ដើម្បីវិលត្រឡប់មកប្រទេសកំណើតវិញ ហើយចូលបម្រើជាមន្រ្តីយោធាក្នុងកងយោធពលខេមរភូមិន្ទ សម្រាប់រយៈពេលកំណត់ជាក់លាក់មួយ។
អ្នកទាំងឡាយដែលមានចំណាប់អាម្មណ៍ ត្រូវអនុវត្តន៍តាមចំណុចដូចខាងក្រោម៖
* នៅលីវ និងមានអាយុយ៉ាងតិច១៧ឆ្នាំ ប៉ុន្តែមិនអាចលើសពី២៣ឆ្នាំ នៅពេលដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ នោះទេ
* ទទួលបានពិន្ទុខ្ពស់នៅក្នុងការធ្វើតេស្តចំណេះដឹង SAT និង ACT
* ឆ្លងផុតការធ្វើតេស្តជំនាញភាសាអង់គ្លេស រួមមាន TOEFL ឬ ECL
* ទទួលបានពិន្ទុខ្ពស់ក្នុងធ្វើវាយតម្លៃ CFA របស់ស្ថានទូតអាមេរិក ឬការធ្វើតេស្តលើកាយសម្បទាដែលចាំបាច់ដទៃទៀត
* មានការត្រួតពិនិត្យផ្នែកសុខភាពត្រឹមត្រូវ ដែលបញ្ជាក់ថា ពុំមានផ្ទុកជំងឺឆ្លង ឬបញ្ហាសុខភាពធ្ងន់ធ្ងរ
* ធ្វើបានល្អក្នុងបទសម្ភាសន៍ ដែលរៀបចំឡើងដោយស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ https://kh.usembassy.gov/service-academies/