(កណ្តាល)៖ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស បានក្រើនរម្លឹកដល់កងកម្លាំងអង្គរក្សទាំងអស់ ត្រូវគោរពច្បាប់រដ្ឋធម្មនុញ្ញ ស្មោះត្រង់ បម្រើ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតឡើងដោយការបោះឆ្នោតពីប្រជាជន។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍រូបនេះ បានដាក់បទបញ្ជាដល់កងកម្លាំងទាំងអស់ ខិតខំជួយសង្គ្រោះឲ្យបានទាន់ពេលវេលា នៅពេលមានគ្រោះទឹកជំនន់ និងហានិភ័យដ៍ទៃទៀត ជាយថាហេតុ ដែលកើតមានឡើងនៅទូទាំងប្រទេសកម្ពុជា។
នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានធ្វើបទឧទ្ទេសនាមអំពីសភាពការណ៍បច្ចុប្បន្នជាតិ និងអន្តរជាតិ។ ពាក្យគន្លឹះចំនួន៣ ដែលនាយឧត្តមសេនីយ៍ បានផ្តាំផ្ញើដល់កងកម្លាំងអង្គរក្សនោះរួមមាន៖
ទី១៖ ស្មោះត្រង់
ទី២៖ ការពារ
ទី៣៖ បំរើ។
សូមបញ្ជាក់ថា បញ្ជាការដ្ឋានអង្គរក្សដែលមាននាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ជាមេបញ្ជាការនោះ គឺជាអង្គភាពស្នូលដ៏សំខាន់មួយ សម្រាប់ការពារសុវត្ថិភាពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារទាំងមូល។
ក្រៅមានភារកិច្ចស្នូលលើកិច្ចការពារសុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាល និងក្រុមគ្រួសារទាំងមូលនោះ កម្លាំងអង្គរក្សទាំងមូល ក៏មានភារកិច្ចលើកិច្ចការពារសន្តិសុខ សុវត្តិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋនៅគ្រប់ទិសទី ដែលមានគ្រោះអាសន្នម្តងៗ៕