(ភ្នំពេញ)៖ អង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា នឹងនាំមកជូននូវបញ្ញាត្តិអប់រំថ្មីមួយ ដល់សាលានានានៅក្នុងប្រទេសកម្ពុជា ដោយរៀបចំការប្រកួតប្រជែង «រ៉ូបូតអូឡាំព្យាដពិភពលោក» ដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា។ ព្រឹត្តិការណ៍ប្រកួតប្រជែងបច្ចេកវិទ្យានេះ នឹងប្រព្រឹត្តទៅនៅថ្ងៃសោរ៍ ទី២២ ខែកញ្ញា ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យហ្សាម៉ាន់ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមសេចក្ដីប្រកាសព័ត៌មាន របស់អង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា អង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា នឹងរៀបចំជុំ ប្រកួតប្រជែង «រ៉ូបូតអូឡាំព្យាដពិភពលោក» ព្រមទាំងផ្ដល់នូវឱកាសដល់បណ្ដាសិស្សានុសិស្ស ក្នុងការប្រកួតដណ្ដើមកន្លែង និងមានសិទ្ធិឡើងទៅប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រនៅក្នុងប្រទេសថៃ នៅក្នុងខែវិច្ចិកា ខាងមុខនេះ។
ការប្រកួតប្រជែងនេះ ត្រូវបានបង្កើតក្នុងឆ្នាំ២០០៤ ហើយបានផ្ដល់នូវបរិយាកាសប្រកួតប្រជែងអន្តរជាតិមួយ យ៉ាងពិតប្រាកដល់យុវជន ដែលមានចំណាប់អារម្មណ៍លើបច្ចេកវិទ្យាថ្មីៗ។ ជុំប្រកួតជាច្រើនត្រូវបានរៀបចំឡើង នៅជាង៦០ប្រទេស ដើម្បីធានាថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រប្រចាំឆ្នាំ មានការចូលរួមពីសំណាក់សិស្សានុសិស្សដ៏វ័យឆ្លាតបំផុត ដែលញុំាងឲ្យបរិយាកាសប្រកួតប្រជែង មានលក្ខណៈអន្តរជាតិពិតប្រាកដ។
បេក្ខជនត្រូវប្រកួតជាក្រុម ដោយមានសមាជិកចំនួន២ ឬ ៣នាក់ក្នុងក្រុមនីមួយៗ និងមានគ្រូដឹកនាំម្នាក់។ ការប្រកួតប្រជែងនេះ ត្រូវបានបែងចែកជាពីរវិញ្ញាសារ៖ (១) វិញ្ញាសារសម្រាប់កុមារអាយុចាប់ពី១៣ ដល់១៥ឆ្នាំ និង (២) សម្រាប់មនុស្សធំអាយុចាប់ពី១៦ ដល់១៩ឆ្នាំ។
បេក្ខជនប្រកួតគួរយក LEGO Mindstorms Robot Kit របស់ខ្លួន ចូលក្នុងការប្រជុំរបស់បេក្ខជន ដែលមានចំណាប់អារម្មណ៍ប្រកួត នៅក្នុងខែកញ្ញា ២០១៨ ហើយព័ត៌មានបន្ថែមអំពីព្រឹត្តិការណ៍នេះ រួមទាំងការចុះឈ្មោះផងដែរ មាននៅលើទំព័រវែបសាយ http://www.stemcambodia.ngo/world-robot-olympiad។
សម្រាប់ព័ត៌មានបន្ថែម អំពីការប្រកួតប្រជែង «រ៉ូបូតអូឡាំព្យាដពិភពលោក» សម្រាប់ជុំប្រកួតនៅក្នុងប្រទេសកម្ពុជា សូមទាក់ទងមកកាន់ អង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា តាមរយៈអ៊ីមែល [email protected] ឬ ទូរស័ព្ទលេខ ០២៣ ៧២ ៧២ ៦២៕