(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លទ្ធផលផ្លូវការនៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី០៦ នឹងត្រូវប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តាមរយៈទូរទស្សន៍ជាតិកម្ពុជា (TVK) នៅវេលាម៉ោង៧៖៣០នាទី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ស្អែកនេះហើយ។ ទូរទស្សន៍ Fresh News នឹងធ្វើការផ្សាយបន្តផ្ទាល់អំពីលទ្ធផលផ្លូវការនៃការបោះឆ្នោតនេះផងដែរ។
សេចក្តីជូនដំណឹងរបស់ គជប បានឲ្យដឹងថា លទ្ធផលផ្លូវការដែលប្រកាសនៅយប់ថ្ងៃស្អែកនេះ នឹងបង្ហាញទាំងអស់នូវ សំឡេងសន្លឹកឆ្នោត ឈ្មោះបេក្ខជនជាប់ឆ្នោត រួមទាំងចំនួនអាសនៈរដ្ឋសភា ដែលគណបក្សនយោបាយទទួលបាន។
សូមបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏បានចេញសេចក្តីប្រកាសលទ្ធផលបោះឆ្នោតបណ្តោះអាសន្នមួយដែរ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ កន្លងទៅនេះ ដោយបង្ហាញថា អត្រាប្រជាពលរដ្ឋដែលបានទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ បានកើនដល់៨៣.០២%៕
តួលេខចុងក្រោយ ដែលបង្ហាញក្នុងលទ្ធផលបណ្តោះអាសន្ន បានឱ្យដឹងថា ចំនួនអ្នកចូលរួមបោះឆ្នោត កាលពីថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ មានចំនួនរហូតដល់ ៦,៩៥៦,៩០០នាក់ ដែលស្មើនឹង ៨៣.០២ភាគរយ នៃចំនួនប្រជាពលរដ្ឋ ដែលមានឈ្មោះនៅក្នុងបញ្ជីទាំងអស់ ក្នុងនោះគណបក្សប្រជាជនកម្ពុជា មានសំឡេងនាំមុខលើសលប់ នៅគ្រប់បណ្តាមណ្ឌលរាជធានី-ខេត្ត។
ចំណែកគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ទទួលបានសំឡេងគាំទ្រ ៣៧៤,៥១០សំឡេង, គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ទទួលបានសំឡេង ៣០៩,៣៦៤សំឡេង។ តពីក្រោយនេះ គឺគណបក្សឆន្ទៈខ្មែររបស់កូនប្រុសលោកគង់ គាំ ដែលមានចំនួន ២១២,៨៦៩សំឡេង។ ដោយឡែក គណបក្សយុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់ ទទួលបាន ៣៩,៣៣៣៕