(បន្ទាយមានជ័យ)៖ កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បានធ្វើការបញ្ជូនជនសង្ស័យ ២នាក់ ជាជនជាតិថៃ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនខុសច្បាប់ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ស្ថិតនៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រួមទាំងវត្ថុតាងចំនួនធំ ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី។
លោកឧត្តមសេនីយ៍ត្រី បោន ប៉ិន មេបញ្ជាការអាវុធហត្ថខេត្តបានថ្លែងប្រាប់ភ្នាក់ងារអង្គភាពព័ត៌មាន Fresh News ឲ្យដឹងនាថ្ងៃទី១៤ ខែសីហានេះថា ក្រោយពីទទួលបានព័ត៌មានកាលពីយប់រំលង់អាធ្រាត្រថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ពីករណីខាងលើ លោកបានឲ្យកម្លាំងជំនាញការិយាល័យគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះប្រតិបត្តិការបង្រ្កាបបទល្មើសខាងលើ រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ផងដែរ។
លោកបានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់នោះ ទី១-ឈ្មោះ ថៃ សំរាន (ហៅ តាឡិក) ភេទប្រុស អាយុ ៦៣ឆ្នាំ ជនជាតិថៃ ស្រុកកំណើតនៅភូមិសាថន សង្កាត់យ៉ាណាវ៉ា ក្រុងប៉ាងកក ២-ឈ្មោះ ភីនយ៉ៃ ធប់កែវ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិថៃ ស្រុកកំណើតនៅភូមិម៣ ឃុំអារញ្ញ ស្រុកអារញ្ញ ខេត្តស្រះកែវ និងរឹបអូសបានវត្ថុតាងមួយចំនួនរួមមាន៖ គ្រឿងញៀនមេតំហ្វេតាមីនទឹកកកចំនួន ០៣ថង់កិប ស្មើ ៣០៦.៤ក្រាម, ទូរស័ព្ទដៃចំនួន ០២គ្រឿង, លិខិតឆ្លងដែនជនជាតិថៃឈ្មោះ ទេពកាសេម គេត្រាត ចំនួន ០១ក្បាល, កូនកាំបិតបត់ចំនួន ០១ដើម, ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន។
បន្ទាប់ពីធ្វើការឃាត់ខ្លួន និងសាកសួរចម្លើយជនសង្ស័យ (ភីនយ៉ៃ ធប់កែវ) បានសារភាពថា ខ្លួនបានជួញដូរសារធាតុញៀននេះ រយៈពេល ០៤ខែមកហើយ ដោយទិញពីថៅកែម្នាក់តាមរយៈ តាឡិក ម្តង០២ ទៅ០៣ថង់កិប និងតាឡិក ក៏ជាអ្នកជួយចែកចាយបន្តដែរ។
ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ ឃើញមានតម្រុយពិរុទ្ធភាព នៃបទល្មើសជាក់លាក់ជនសង្ស័យខាងលើ ពិតជាបានប្រព្រឹត្តបទល្មើសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីផងដែរ៕