(ភ្នំពេញ)៖ នៅប៉ុន្មានថ្ងៃនេះ យើងសង្កេតឃើញថា ក្រុមហ៊ុន OPPO បានធ្វើការផ្លាស់ប្តូររូបភាពផ្ទាំងប៉ាណូធំៗ របស់ខ្លួន ក៏ដូចជាផ្ទាំងរូបភាព តាមបណ្តារហាងទាំងនៅភ្នំពេញ និងនៅតាមខេត្តនានា។

OPPO បានប្រើប្រាស់នូវរូបភាពថ្មី ដែលមានតារាដំណាងរបស់ខ្លួន ទាំង៣កាន់នូវទូរស័ព្ទម៉ាកថ្មី ហើយមានសរសេរឈ្មោះ របស់ទូរសព្ទម៉ូដែលថ្មីនេះ យ៉ាងធំៗថា F9 រួមជាមួយនឹងពាក្យស្លោកមួយឃ្លាគឺ សាកថ្ម៥នាទី និយាយទូរស័ព្ទបាន២ម៉ោង។

អ្នកអាចនឹងសន្និដ្ឋានបានថាម៉ូដែលថ្មីនេះ នឹងបំពាក់មកជាមួយនូវបច្ចេកវិទ្យាសាកថ្មលឿន VOOC ដូចទៅនឹងស្មាតហ្វូនកំពូល OPPO Find X ផងដែរ ដែលអាចសាកថ្មទូរស័ព្ទ ឲ្យពេញដោយប្រើរយៈពេល ប្រហែល ១ម៉ោងប៉ុណ្ណោះ នេះពិតជាលឿនព្រោះថាទូរស័ព្ទដ៏ទៃទៀត ប្រើពេលរហូតដល់ទៅ២ ឬ៣ម៉ោង ទើបអាចសាកថ្មបានពេញ។ OPPO F9 នឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះ ហើយវានឹងបង្កើតភាពភ្ជាក់ផ្អើលដ៏ធំមួយក្នុង ក្រុងភ្នំពេញ។

គ្រួសារទូរស័ព្ទឆ្លាតវៃត្រកូល F របស់ OPPO បានវិវត្តន៍សមាជិកដល់ជំនាន់ F9 ហើយ! បើបើតាមការលេចធ្លាយព៌តមាន វានឹងមានវត្តមាននៅប្រទេសកម្ពុជា នៅថ្ងៃទី២៤ ខែសីហានេះហើយ។ សមាជិកថ្មីមួយនេះ មិនត្រឹមតែជាអ្នកជំនាញខាងថតសែលហ្វីនោះទេ OPPO F9 ជាទូរសព្ទឆ្លាតវៃដែលបំពាក់ ទៅដោយបចេ្ចកវិទ្យាថ្មីៗ នឹកស្មានមិនដល់។ តាមរយៈ gsmarena ដែលជាគេហទំព័រនិយាយពីលក្ខណៈសម្បត្តិទូរស័ព្ទ ជុំវិញពិភពលោក បានបង្ហើបពីសមត្ថភាពពិសេសៗ របស់ OPPO F9 ដែលមើលទៅពិតជាគួរឲ្យចាប់អារម្មណ៍មែនទែន។

បន្ថែមពីការរចនាអេក្រង់ឆកតូចជាងមុន ដែល OPPO ហៅថា Water drop Screen (អេក្រង់រាងតំណក់ទឹក) F9 នឹងបំពាក់អេក្រង់ ៦,៣ អ៊ីញ ប្រភេទ LCD Display ១៦ លានពណ៌ កម្រិត 1,080 x 2,280 ភិចសែល ភ្ជាប់ជាមួយកញ្ចក់ការពារ Corning Gorilla Glass 5 មិនងាយឆ្កូតងាយៗឡើយ។ បន្សំបន្ទះឈីប Mediatek MT6771 Helio P60 មាន RAM 6GB និងអង្គផ្ទុក 64GB គាំទ្រការបន្ថែម microSD Card ដល់ 256GB។

ម៉ូដែលថ្មី បានអាប់ដែតកាមេរ៉ាភ្លោះក្រោយទំហំ ១៦+២MP និងខាងមុខ ២៥MP AI ភ្ជាប់មកជាមួយនឹង Sensor HDR លាយឡំថាមពលថ្មធំ ៣៥០០mAh គាំទ្រមុខងារសាកថ្មរហ័ស VOOC Flash Charging ចំណែកឯទ្រនាប់ស្កេនខ្ចៅដៃ អាចនឹងមាននៅផ្នែកខាងក្រោយ។

យ៉ាងណាក៏ដោយ gsmarena ក៏បានបញ្ជាក់ដែរថា លក្ខណៈសម្បត្តិនេះ មិនទាន់ចេញជាផ្លូវការពីក្រុមហ៊ុន OPPO នៅឡើយទេ។ ដូចនេះ ដើម្បីឲ្យកាន់តែច្បាស់ សូមរង់ចាំតាមដានទាំងអស់គ្នាថា នៅថ្ងៃ២៤ ខែសីហានេះ ថាតើ OPPO F9 នឹងមានចំណុចពិសេសអ្វីខ្លះទៀត? ឆាប់ៗនេះ៕