(ភ្នំពេញ)៖ ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាសុខភាពប្រជាពលរដ្ឋ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះ មន្ត្រីសាខាកាំកុងត្រូលកំពង់ផែ អន្តរជាតិភ្នំពេញ បានសហការជាមួយ មន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានបន្តចុះពិនិត្យផ្សព្វផ្សាយ អំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារតាមផ្ទះ ម៉ាត ផ្សារច្បារអំពៅ ផ្សារបន្លែច្បារអំពៅ សាលាបឋមសិក្សាច្បារអំពៅ ផ្សារព្រែកឯង និងសាលាបឋមសិក្សាព្រែកឯង ក្នុងខណ្ឌច្បារអំពៅ។
មន្រ្តីសាខាកាំកុងត្រូល បានឲ្យដឹងថា ការចុះអង្កេតទំនិញនៅតាមផ្សារ និងម៉ាតនេះ ផ្តោតទៅលើផលិតផលវេចខ្ចប់ជាគ្រឿងឧបភោគ បរិភោគ ដែលបាននិងកំពុងដាក់តាំងលក់ដោយ បានធ្វើតេស្តបឋម (Test Kit) ទៅលើម្ហូបអាហារមួយចំនួនរួមមាន៖ បង្គារ មឹក សរសៃគុយទាវ សណ្តែកបណ្តុះ សរសៃមីលឿង នំបញ្ចុក ស្ពៃជ្រក់ ជ្រក់ត្រសក់ ជ្រក់ត្រពាំង ស្លឹកគូឆាយ ជាដើម តែលទ្ធផលនៃការធ្វើតេស្តបឋម គឺទទួលបានលទ្ធផលល្អ។
ឆ្លៀតឱកាសនោះដែរ ក្រុមការងារក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយ ដល់ អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ដឹងអំពីផលវិបាក ដែលបណ្តាល មកពី ការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។
មន្រ្តីកាំកុងត្រូល កំពង់ផែអន្តរជាតិភ្នំពេញ ក៏បានធ្វើការណែនាំដល់ក្រុមអាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូល ចែកចាយ ត្រូវតែស្គាល់ពីប្រភពច្បាស់លាស់ជាមុនសិន មុននឹងទទួលទិញយកមកលក់ ហើយត្រូវបញ្ចប់ការលាយបន្ថែម នូវសារធាតុគីមីឃាត់ ទៅលើផលិតផលម្ហូបអាហារ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និងបានបន្តណែនាំដល់ ក្រុម អាជីវករទាំងអស់ ដាក់តាំងលក់ផលិតផលអោយត្រូវ តាមលក្ខណៈបច្ចេកទេស ដោយញែក ចេញពីគ្នារវាងគ្រឿងប្រើប្រាស់ ដែលផ្ទុកសារធាតុពុលនិង ម្ហូបអាហារហាមការដាក់តាំង ផលិតផលភេសជ្ជះត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផល ហួសកាលបរិច្ឆេទជាដើម។
គេសង្កេតឃើញថា ក្នុងប្រតិបត្តិការខាងលើនេះ គឺបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករផ្សារ បានសម្តែងនៅទឹកចិត្តរីករាយ នឹងគាំទ្រចំពោះសកម្មភាពរបស់មន្ត្រីកាំកុងត្រូល ដែលតែង តែចុះពិនិត្យទំនិញផ្សេងៗ ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាការពារសុខភាព របស់ពួកគាត់ផងដែរ៕