(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ប្រធានសហព័ន្ធកីឡាហែលទឹកកម្ពុជា បានជួបសំណេះសំណាល និងផ្តល់ថវិកាមួយចំនួនជូនគ្រូបង្វឹក និងអត្តលិកត្រៀមចេញទៅប្រកួតកីឡា Asian Games 2018 នៅប្រទេសឥណ្ឌូនេស៊ីនាព្រឹកថ្ងៃចន្ទ ទី១៣ ខែសីហា ឆ្នាំ២០១៨ នៅការិយាល័យផ្ទាល់តែម្តង។
ក្នុងពិធីជួបសំណេះសំណាលនោះដែរ លោក ស៊ុន ចាន់ថុល បានផ្តែផ្តាំដល់កីឡាករ-កីឡាការនីទាំងអស់ ត្រូវហូបចុក ឲ្យប្រយ័ត្នប្រយែង និងចេះថែរក្សាសុខភាពឲ្យបានល្អ ជាពិសេសត្រូវប្រឹងឲ្យអស់ពីសមត្ថភាព និងត្រូវតែគោរពច្បាប់ ក្នុងការប្រកួត ទោះបីចាញ់ឈ្នះក៏ដោយ និងចំណុចសំខាន់ទី២-កីឡាករ-កីឡាការនី តំណាងឲ្យកម្ពុជាទាំងអស់ ត្រូវ ជៀសវាងប្រើប្រាស់សារធាតុប៉ូវកម្លាំង មានន័យថា ធ្វើយ៉ាងណាកុំឲ្យខុសបច្ចេកទេស ដោយសារ ប្រើប្រាស់សារធាតុលើកកម្លាំងនោះទេ។
ជាចុងក្រោយ ប្រធានសហព័ន្ធខាងលើ ក៏បានផ្តល់ជាថវិកាដល់អត្តពលិកក្នុងម្នាក់ ២០០ដុល្លារ និងគ្រូបង្វឹក ៣០០ដុល្លារ ក្នុងម្នាក់ផងដែរ ក្នុងចំណោមប្រតិភូដឹកនាំក្នុងយុទ្ធនាការ Asian Games លើកទី១៨ រួមមានគ្រូបង្វឹក ហែម លំផាត់ កីឡាករ លឹម កែវឧត្តម កីឡាករ ធឿន ចាន់ថុល និងកីឡាការិនី សុខ វល័ក្ខ៕