(មណ្ឌលគិរី)៖ ទឹកដីខេត្តមណ្ឌលគិរី ភាគឥសាន្តប្រទេសកម្ពុជា ត្រូវបានគេចាត់ទុកថា ជាកន្លែងដ៏រស៊ើប នៃការប្រព្រឹត្តបទល្មើស និងរត់ពន្ធព្រៃឈើទៅកាន់ប្រទេសជិតខាង ជាពិសេសប្រទេសវៀតណាម ដែលជាប់ព្រំដែនតែម្តង។ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានសេចក្តីរាយការណ៍ និងព័ត៌មានចុះផ្សាយជាបន្តបន្ទាន់ ចំពោះបទល្មើសព្រៃឈើយ៉ាងព្រោងព្រាត និងមានការនាំចេញរាប់សិបរថយន្តទៅកាន់ ប្រទេសវៀតណាមពីសំណាក់ឈ្មួញ និងឧកញ៉ាមួយចំនួន ដែលធ្លាប់រកស៊ីរបរអ្នកមានមួយនេះ។
ដោយសារតែមានការចុះផ្សាយជាបន្តបន្ទាប់បែបនេះ អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង តាមរយៈអង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះ បានប្រកាសពីចំណាត់ ការយ៉ាងម៉ឺងម៉ាត់ លើការទប់ស្កាត់បទល្មើសព្រៃឈើឲ្យខាងតែបាន មិនធ្វើឲ្យមានការប៉ះពាល់ដល់មុខមាត់រាជរដ្ឋាភិបាលនោះឡើយ។ ក្នុងនាមអាជ្ញាធរខេត្តទាំងមូលលោក ស្វាយ សំអ៊ាង បានដាក់ បទបញ្ជាដល់អង្គភាព និងមន្រ្តីពាក់ព័ន្ធទាំងអស់ត្រូវរួមសហការគ្នាជាធ្លុងមួយ ធ្វើយ៉ាងណារាំងខ្ទប់នៃការនាំចេញឈើ និងរត់ពន្ធឈើនៅក្នុងខេត្តរបស់លោក។
អ្នកនាំពាក្យសាលាខេត្តមណ្ឌលគិរី និងជានាយករងរដ្ឋបាលសាលាខេត្ត លោក សុខ សេរ៉ា បានបញ្ជាក់ថា ចំពោះសេចក្តីរាយការណ៍ និងព័ត៌មាននាប៉ុន្មានថ្ងៃមកនេះ ពីការរត់ពន្ធឈើនាំចេញទៅកាន់ ប្រទេសវៀតណាមនោះ លោកអភិបាលខេត្ត បានបញ្ជាឲ្យដល់មន្រ្តី និងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ចុះធ្វើការស្រាវជ្រាវជាបន្ទាន់ នៅគ្រប់គោលដៅ និងទីកន្លែងដែលមានព័ត៌មានបែបនេះ ប៉ុន្តែជាលទ្ធផល និងចុងក្រោយទៅរកឃើញថា មិនមានបទល្មើសទ្រង់ទ្រាយធំបែបនេះឡើយ គឺរកមិនឃើញនោះទេ។
យ៉ាងណាក៏ដោយបើតាមលោក សុក សេរ៉ា បើទោះលទ្ធផល នៃការស្រាវជ្រាវមិនទាន់ឃើញជាលក្ខណៈទ្រង់ទ្រាយធំក៏ដោយនោះ ប៉ុន្តែលោកអភិបាល ស្វាយ សំអ៊ាង នៅតែដាក់បទបញ្ជាដល់មន្រ្តី និងកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធទាំងអស់ត្រូវបន្តតាមដានជាប្រចាំថែមទៀត លើការទប់ស្កាត់បទល្មើសព្រៃឈើទាំងនេះ។
ជាមួយគ្នានេះលោក សុង ឃាង ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី ក៏បានលើកឡើងផងដែរសម្រាប់បទល្មើសព្រៃឈើនៅខេត្តមួយនេះ លោកទទួលស្គាល់ពិតជាកើតមានឡើង ប៉ុន្តែមន្រ្តីជំនាញទាំងអស់ បានរួមសហការគ្នាធ្វើការទប់ស្កាត់ជាបន្តបន្ទាប់ផងដែរ និងបង្កើនសកម្មភាពនៃការបង្រ្កាបនេះតទៅទៀត។ ចំពោះសេចក្តីរាយការណ៍ស្តីពីការត់ពន្ធឈើទ្រង់ទ្រាយធំ តាមរយៈរថយន្តជាច្រើនគ្រឿង នោះ លោក សុខ ឃាង បានបញ្ជាក់ត្រឡប់ទៅវិញថា ក្រោយមន្រ្តីជំនាញចុះស្រាវជ្រាវទៅរកឃើញថា មិនបានរកឃើញនោះឡើយ ហើយលោកក៏សូមអំពាវនាវដល់អ្នកយកព័ត៌មានទាំងអស់ចូលរួមសហការ ប្រកបដោយការពិតជាក់ស្តែងជាមួយមន្រ្តីជំនាញ ដើម្បីធ្វើការទប់ស្កាត់បទល្មើសនេះ។
លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានបញ្ជាក់ថា រូបភាពនៃការផ្សព្វផ្សាយនោះគឺជារូបភាពចាស់ ហើយលោកបានចាត់ចែងឲ្យមន្រ្តីជំនាញចុះស្រាវជ្រាវភ្លាមៗ ប៉ុន្តែមិនបានរកឃើញនោះទេ។ លោកថា ចំពោះព័ត៌មាន និងសេចក្តីរាយការណ៍ខាងលើនេះធ្វើឲ្យមានការភ័ន្តច្រឡំយ៉ាងខ្លាំងដល់ខេត្តមណ្ឌលគិរី ហើយថ្នាក់ដឹកនាំចង់វ៉ុលអស់ហើយលើការផ្សាយព័ត៌មានទាំងនេះ។
ដោយឡែកលោក អ៊ំ វណ្ណសុភៈ នាយខ័ណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី មិនបានចាប់អារម្មណ៍ចំពោះសេចក្តីរាយការណ៍ និងព័ត៌មានដែលផ្សព្វផ្សាយនោះទេ ដោយសារធាតុពិតនោះ មិនមានបទល្មើសព្រៃឈើទ្រង់ទ្រាយធំនោះឡើយ។ ប៉ុន្តែលោកទទូលស្គាល់ថា សម្រាប់បទល្មើសព្រៃឈើពិតជាកើតមានមែន តាមរយៈការដឹកតាមម៉ូតូ និងរថយន្តធុនតូច ប៉ុន្តែក្រុមមន្រ្តីជំនាញបានធ្វើការបង្ក្រាបជាបន្តបន្ទាប់។
ជុំវិញការលើកឡើងចំពោះការរត់ពន្ធឈើខាងលើនេះ លោកឧកញ៉ា ស៊ឹង សំអុល ដែលមានឈ្មោះក្នុងចំណោមឧកញ៉ា និងឈ្មួញរកស៊ីឈើនៅខេត្តមណ្ឌលគិរីនោះ ក៏បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា នាពេលបច្ចុប្បន្ននេះ លោកមិនបានរកស៊ីឈើទៀតឡើយ ពោលបានឈប់ចាប់តាំងពីរាជរដ្ឋាភិបាលបានដាក់វិធានការយ៉ាងតឹងរឹងលើការនាំចេញឈើទៅបរទេស។ លោកថែមទាំងហ៊ានប្រើពាក្យស្បថ ឲ្យស្លាប់ទាំងខ្លួនឯង និងប្រពន្ធកូនទៀតផង បើសិនរកឃើញថា លោកបានរកស៊ីឈើនេះទៀត។ លោកថា ចំពោះការផ្សាយព័ត៌មាននារយៈពេលប៉ុន្មានថ្ងៃនេះ ធ្វើឲ្យថ្នាក់ដឹកនាំមួយចំនួនមានភ័ន្តច្រឡំលើរូបលោក ដោយលោកសុំធ្វើការបដិសេធទាំងស្រុង។
ជាការកត់សម្គាល់មួយរយៈពេលចុងក្រោយនេះ ឧកញ៉ានិងឈ្មួញធំៗ ដែលធ្លាប់រកស៊ីឈើនៅក្នុងប្រទេសកម្ពុជា បានផ្អាកជាបន្តបន្ទាប់ ក្រោយពេលដែលរាជរដ្ឋាភិបាលបានដាក់វិធានការជាបន្តបន្ទាប់ និងរឹតបន្តឹងលើការនាំចេញឈើទៅក្រៅប្រទេស៕