(កណ្ដាល)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកលើកដែក នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះ បានចុះចែករង្វាន់សិស្សពូកែថ្នាក់ទី៩ និងថ្នាក់ទី១២ នៅស្រុកលើកដែក ខេត្តកណ្តាល រួមទាំងសំណេះសំណាល ជាមួយបេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០១៧-២០១៨។
ពិធីខាងលើនេះ មានការចូលរួមពីលោក ចៅ សម្បត្តិ អនុប្រធានគណៈពង្រឹងស្រុក និងជាប្រធានគណៈពង្រឹងឃុំកំពង់ភ្នំ, លោក ឌុច សុវណ្ណារី អនុប្រធានគណៈពង្រឹងស្រុក, លោក លី សុខា ប្រធានក្រុមប្រឹក្សាស្រុកលើក ដែក, លោកស្រី គង់ ច័ន្ទបុស្បា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្តាល, គណៈពង្រឹងស្រុក អភិបាលរងស្រុក ប្រធានការិយាល័យជំនាញជុំវិញស្រុក មេឃុំគ្រប់ឃុំ កងកម្លាំងប្រដាប់អាវុធ បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ យុវជន ស.ស.យ.ក និងសិស្សានុសិស្ស សរុប៥៩៩នាក់។
ថ្លែងនៅក្នុងពិធីនោះ លោក ហេង រតនា បានកោតសរសើរ ដល់គណៈកម្មាធិការ ស.ស.យ.ក ស្រុក និងការិយាល័យ អ.យ.ក ស្រុក ដែលបានសហការល្អ រៀបចំប្រឡងសិស្សពូកែ និងរៀបចំពិធីសំណេះសំណាល ជាមួយសិស្សនាពេលនេះ។ ឆ្នាំនេះ ជាឆ្នាំទី៥ នៃការប្រឡងសិស្សពូកែ ក្រោយពីបានជោគជ័យ៤ឆ្នាំមកហើយ។
លោក ហេង រតនា ក៏បានកោតសរសើរដល់សិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ ដែលមានភាពក្លាហាន ចូលរួមប្រឡងសិស្សពូកែ ដើម្បីសាកល្បងសមត្ថភាព មុនពេលប្រឡងថ្នាក់ជាតិជាផ្លូវការ ទោះបីលទ្ធផលយ៉ាងណា ក៏ជាការបង្ហាញសមត្ថភាពរៀងៗខ្លួន។
នាឱកាសនោះ លោក ហេង រតនា បានណែនាំឲ្យសិស្សថ្នាក់ទី១២ នៅពេលប្រឡងថ្នាក់ជាតិ ត្រូវមានភាពក្លាហាន កុំខ្ជិល កុំខ្ជីខ្ជា កុំខ្ជះខ្ជាយ ត្រូវថែរក្សាសុខភាព មើលមេរៀនបន្ថែម គោរពតាមបទបញ្ជាផ្ទៃក្នុង នៃការប្រឡង និងជៀសវាងប្រព្រឹត្តកំហុសឆ្គង នាំឲ្យទទួលពិន័យ ហើយសូមប្រុងប្រយ័ត្ន ក្នុងពេលធ្វើដំណើរទាំងទៅទាំងមក៕