(ភ្នំពេញ)៖ លោក ហុង លីម តំណាងរាស្ត្រប្រចាំរដ្ឋវិចតូរីយ៉ា ប្រទេសអូស្ត្រាលី បានហៅទណ្ឌិត សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ ជាមេដឹកនាំចលនាតស៊ូបរាជ័យមួយរូបគួរតែហ៊ានចុះចេញពីតំណែងហើយប្រគល់ទង់ចលនាតស៊ូទៅឲ្យកញ្ញា កឹម មនោវិទ្យា កូនស្រីរបស់លោក កឹម សុខា ជំនួសវិញ។
ការលើកឡើងរបស់លោក ហុង លីម ដែលជាអ្នកកំពុងធ្វើសកម្មជួយជ្រោមជ្រែងចលនាតស៊ូមតិរបស់កញ្ញា កឹម មនោវិទ្យា នៅក្នុងប្រទេសអូស្ត្រាលី បានធ្វើឡើងក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី លើប្រធានបទនៃដំណើរតស៊ូមតិស្វែងរកការគាំទ្រពីបរទេសមិនឲ្យគាំទ្រការបោះឆ្នោតនៅកម្ពុជា កាលពីយប់ថ្ងៃអាទិត្យ ទី១២ ខែសីហា ឆ្នាំ២០១៨កន្លងទៅនេះ។
បើទោះបីនៅក្នុងបទសម្ភាសន៍នេះលោក ហុង លីម មិនបានចុចចំឈ្មោះលោក សម រង្ស៊ី យ៉ាងណាក្តី តែគេអាចដឹងបានថាលោក ហុង លីម បានសម្តៅដល់លោក សម រង្ស៊ី។ ដ្បិតគេដឹងថា បច្ចុប្បន្ននេះលោក សម រង្ស៊ី ត្រូវបានគេចាត់ទុកជាមេដឹកនាំចលនាប្រឆាំងរាជរដ្ឋាភិបាលនៅក្រៅប្រទេស។
តាមរយៈបទសម្ភាសន៍នោះ លោក ហុង លីម បានលើកឡើងថា លោក សម រង្ស៊ី បានប្រព្រឹត្តទង្វើខុសឆ្គងជាច្រើនក្នុងការដឹកនាំចលនាតស៊ូនៅក្នុង ដែលគួរតែហ៊ានចុះចេញពីការដឹកនាំចលនានេះ។
លោក ហុង លីម បានគូសបញ្ជាក់យ៉ាងដូច្នេះ «វាដល់ដំណាក់កាលមួយដែលយើងទាំងអស់គ្នាទទួលស្គាល់ថានរណាធ្លាប់បានធ្វើឲ្យបរាជ័យ ធ្វើឲ្យខូចខាតចលនាតស៊ូហ្នឹងយើងត្រូវតែហ៊ានចុះចេញ ដកខ្លួនដើម្បីឲ្យមានឈាមថ្មី ឈាមស្រស់ ហើយមានយោបល់ថ្មី មានកម្លាំងថ្មីមកស្ទុះស្ទារទំពាំងស្នងឫស្សីទទួលយកទង់តស៊ូបន្តដំណើរទៅមុខទៀត។ នរណាដែលធ្លាប់បានហួសពេលហួសវេលាបានប្រព្រឹត្តទង្វើខុសចំពោះជាតិយ៉ាងច្រើនក្នុងការដឹកនាំចលនាតស៊ូហ្នឹង មិនបាច់សម្រេចផលប្រយោជន៍ទេ យើងត្រូវតែហ៊ានចុះចេញ យើងត្រូវតែហ៊ានហុចទង់តស៊ូទៅឲ្យក្មេងជំនាន់ក្រោយ»។
ជាមួយនឹងសារវាយប្រហាររិះគន់លើការដឹកនាំចលនាតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ដែលត្រូវបានគេប្រសិទ្ធនាមជាអ្នកនយោបាយកំសាកហើយនោះ លោក ហុង លីម ក៏បានលើកឡើងបង្ហាញពីគុណសម្បត្តិរបស់កញ្ញា កឹម មនោវិទ្យា ផងដែរ។ លោក ហុង លីម ថា កញ្ញា កឹម មនោវិទ្យា កំពុងមានការទទួលស្គាល់ និងគាំទ្រច្រើនពីបណ្តាមេដឹកនាំបរទេសដូចជានៅអូស្ត្រាលី អឺរ៉ុប ជប៉ុន និងអាមេរិកជាដើម ដែលគួរតែផ្តល់តំណែងដឹកនាំចលនាតស៊ូនៅក្រៅប្រទេសឲ្យកញ្ញាដឹកនាំជំនួសវិញ។
«ខ្ញុំឃើញក្មេងៗមួយចំនួនដូចជាកញ្ញា កឹម មនោវិទ្យា ដែលគេបានទទួលស្គាល់ជាអន្តរជាតិ គ្រប់មជ្ឈដ្ឋានអន្តរជាតិ។ ខ្ញុំបានឃើញនៅអូស្ត្រាលីជាក់ស្តែង ដែលគេស្តាប់ពីយោបល់របស់កញ្ញាហ្នឹង គេចាត់ទុកថាមានយោបល់ត្រឹមត្រូវ ថ្លៃថ្នូរគួរឲ្យគេគោរព ហើយដែលគេយកចិត្តទុកដាក់[...]។ [...] ដល់ពេលដែលយើងហ៊ានលើកស្ទួយ ហ៊ានគាំទ្រ ហ៊ានពុះពារឲ្យឈាមថ្មី កម្លាំងថ្មី មកដឹកនាំការតស៊ូ»។ លោក ហុង លីម បានបញ្ជាក់បន្ថែម។
មិនត្រឹមតែលោក ហុង លីម ទេដែលមើលឃើញពីភាពបរាជ័យរបស់ទណ្ឌិត សម រង្ស៊ី ក្នុងការដឹកនាំចលនាតស៊ូនេះ នៅមានមនុស្សជាច្រើនទៀតដែលមិនងុបងុលជាមួយទណ្ឌិត សម រង្ស៊ី ក៏បានមើលឃើញភាពកម្សោយក្នុងការដឹកនាំចលនាតស៊ូរបស់អ្នកនយោបាយបរាជ័យវ័យចំណាស់រូបនេះផងដែរ។
បើទោះបីជាទស្សនៈរបស់លោក ហុង លីម មានការគាំទ្រច្រើនយ៉ាងណាក្តី តែក៏មានក្រុមមនុស្សដែលងុបងុលនឹងទណ្ឌិត សម រង្ស៊ី មួយចំនួន បានបង្ហាញប្រតិកម្មយ៉ាងខ្លាំងជាមួយទស្សនៈមួយនេះ។ ក្រុមអ្នកស្រឡាញ់ងុបងុលនឹងទណ្ឌិត សម រង្ស៊ី បានចេញមករិះគន់វាយប្រហារយ៉ាងចាស់ដៃទៅលើលោក ហុង លីម និងកញ្ញា កឹម មនោវិទ្យា ផងដែរ។
ការវាយប្រហារគ្នានេះកំពុងខ្លាយទៅជាសង្គ្រាមពាក្យសម្តី និងការបែកបាក់ផ្ទៃក្នុងរបស់ក្រុមអ្នកនយោបាយ និងអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិផងដែរ។ អ្នកស្ម័គ្រស្មោះនឹងទណ្ឌិត សម រង្ស៊ី បានហៅកញ្ញា កឹម មនោវិទ្យា ថា មិនមែនជាទំពាំងត្រូវមកជំនួសទណ្ឌិត សម រង្ស៊ី ដែលគេចាត់ទុកជាឫស្សី ក្នុងចលនាតស៊ូនៅក្រៅប្រទេសនោះឡើយ៕