(ភ្នំពេញ)៖ ខណៈការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នឹងឈានចូលមកដល់នៅថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៨នោះ, លោក ហ៊ុន មានី តំណាងរាស្ដ្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះ បានរំលឹកដល់ប្អូនៗ សិស្សានុសិស្ស ត្រៀមប្រឡងបាក់ឌុបទាំងអស់ ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព និងត្រូវមានជឿជាក់លើខ្លួនឯង។
តាមរយៈ Video បង្ហោះនៅក្នុង Facebook ជាផ្លូវការរបស់លោក ហ៊ុន មានី ចុះផ្សាយនៅថ្ងៃនេះ លោកបានរៀបរាប់យ៉ាងដូច្នេះថា «ក្នុងឱកាសនៃការជិតឈានមកដល់ នៃការឱកាសប្រឡងមធ្យមសិក្សាទុតិយភូមិ ក្នុងនាមខ្ញុំជា តំណាងរាស្ដ្រ ក្នុងនាមខ្ញុំជា ស.ស.យ.ក ក្នុងនាមជាបងប្រុសម្នាក់ គឺសូមជូនពរប្អូនៗ សិស្សានុសិស្ស ថ្នាក់ទី១២ទាំងអស់ ដែលបានកំពុងខំប្រឹងប្រែងត្រៀមខ្លួនរួចជាស្រេច នៅក្នុងថ្ងៃទី២០-២១ ខាងមុខនេះ នឹងចូលរួមប្រឡងបាក់ឌុប ជូនពរឲ្យប្អូនៗ ទទួលបានជោគជ័យទាំងអស់»។
លោក ហ៊ុន មានី បានបន្ថែមទៀតថា អ្វីដែលបងសូមចង់រំលឹកប្អូនៗ សូមឲ្យប្អូនៗ ជឿជាក់លើខ្លួនឯង ថាក្នុងដំណាក់កាលចុងក្រោយនេះ ក្រសួងអប់រំ យុវជន និងកីឡា មន្ទីរអប់រំ យុវជន និងកីឡា លោកនាយកសាលា លោកគ្រូ អ្នកគ្រូ ជាពិសេសតែម្ដង គឺបានខំប្រឹងប្រែងជាមួយប្អូន ក្នុងនោះតាមរូបភាពផ្សេងៗ ទាំងម៉ោងបង្រៀន និងម៉ោងរដ្ឋ ហើយវគ្គបំប៉ន់ផ្សេងៗ ក្នុងនោះមានការចូលរួមពីស.ស.យ.ក ឃើញថា បងប្អូនៗ ខិតខំប្រឹងប្រែង ធ្វើយ៉ាងត្រៀមខ្លួនរួចជាស្រេច បង្កើននូវចំណេះដឹង។
លោកបានបញ្ជាក់ថា «ប្អូនៗ ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីភាពជោគជ័យក្នុងជីវិតរបស់ប្អូនខ្លួនឯង យកកិត្ដិយសជូនទៅក្នុងគ្រួសាររបស់យើង ក្នុងសាលារៀនរបស់យើង...ពួកបងៗទាំងអស់គ្នា ជាមួយនឹង អ្នកគ្រូ លោកគ្រូ គឺជឿជាក់ថា ប្អូនៗអាចធ្វើបាន...សំខាន់ប៉ុន្មានថ្ងៃខាងមុខ ត្រូវធ្វើយ៉ាងម្ដេច សំរាកឲ្យបានច្រើន កុំព្រួយបារម្ភ ហូបអាហារពេលព្រឹក ញាំទឹកឲ្យបានគ្រប់គ្រាន់ ធ្វើយ៉ាងណាពេលប្រឡងបាក់ឌុប ក្នុងរយៈ ពេល២ថ្ងៃនេះ គឺមានស្មារតី មានសុខភាព មុតមាំ សូមឲ្យប្អូនជឿជាក់លើខ្លួនឯង ប្អូននឹងទទួលបានជោគជ័យ»៕