(តាកែវ)៖​ កាដូថ្មីមួយទៀតហើយ ដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសផ្ដល់ជូនប្រជាពលរដ្ឋ នៅខេត្តតាកែវ ក៏ដូចជា អ្នកដំណើរទូទាំងប្រទេស ក្រោយការបោះឆ្នោតនោះ គឺបញ្ឈប់ការយកប្រាក់តទៅទៀតហើយ សម្រាប់ការធ្វើដំណើរលើផ្លូវលេខ២១ ដែលជាផ្លូវវាងក្រុងដូនកែវ ភ្ជាប់ពីផ្លូវជាតិលេខ២ ចាប់ពីម៉ោង១២អាធ្រាត្រ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះតទៅ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តតាកែវ ដែលអង្គភាព Fresh News ទទួលបាននៅមុននេះបន្ដិច នៅវេលាថ្ងៃត្រង់ថ្ងៃទី១៤ ខែសីហា។

យ៉ាងណាមិញសម្រាប់កាដូថ្មីនេះ សម្ដេចតេជោ ហ៊ុន សែន នឹងអនុញ្ញាតឲ្យពលរដ្ឋធ្វើដំណើរឥតបង់ប្រាក់ចាប់ពីម៉ោង១២យប់នេះ ប៉ុន្ដែ​លោកឧកញ៉ា ប៉ោ សួន អ្នកវិនិយោគលើការសាងសង់ផ្លូវនេះ តាំងពីឆ្នាំ២០០៦ ​បានប្រកាសបន្ថែមថា លោកនឹងបញ្ឈប់ការយកប្រាក់ចាប់ពីម៉ោង១២ថ្ងៃត្រង់នេះតែម្ដង។

លោកឧកញ៉ា ប៉ោ សួន បានបញ្ជាក់ថា ផ្លូវវាងក្រុងដូនកែវ ខេត្តតាកែវ នេះមានប្រវែងជាង៤គីឡូម៉ែត្រ ដោយក្រុមហ៊ុនទទួលបានការវិនិយោគរយៈពេល៣៥ឆ្នាំ។

ក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ បានបញ្ជាក់យ៉ាងដូច្នេះថា «ដោយយល់ពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋ និងអ្នកប្រកបអាជីវកម្ម យានយន្ដដឹកទំនិញគ្រប់ប្រភេទ ដែលឆ្លងកាត់ផ្លូវបង់ប្រាក់លេខ២១ ដោយភ្ជាប់ពីផ្លូវជាតិលេខ២ ខាងលិចមន្ទីរសុខាភិបាលមកទល់នឹងផ្លូវលេខ១២៥ក ឬហៅថាផ្លូវវាងក្រុង និងដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្រេចផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋ និងអាជីវករ ប្រើប្រាស់ផ្លូវខាងលើ ដោយមិនយកប្រាក់ ចាប់ពីម៉ោង២៤ (ម៉ោង១២អាធា្រត) ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨តទៅ»

សូមអានខ្លឹមសារលម្អិត នៅក្នុងសេចក្តីជូនដំណឹងរបស់អភិបាលខេត្តតាកែវ នៅខាងក្រោមនេះ៖