(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះ បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូ ដែលអញ្ជើញមកពីក្រសួងកសិកម្ម និងនៃសាធារណរដ្ឋប្រជាមានិតចិន ដែលរៀបចំធ្វើឡើង នៅទីស្ដីការក្រសួងកសិកម្ម។
ជំនួបខាងលើនេះ ធ្វើឡើងក្នុងគោលបំណង អនុវត្តឲ្យបានទាន់ពេលវេលា លើការអនុវត្តអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ស្តីពី ការរៀបចំផែនការ អភិវឌ្ឍន៍កសិកម្មទំនើបនៅកម្ពុជា រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយក្រសួងកសិកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានចូលជាធរមាន កាលពីខែមករា ឆ្នាំ២០១៨។
មានមតិស្វាគមន៍គណៈប្រតិភូ លោករដ្ឋមន្រ្តី វេង សាខុន បានថ្លែងអំណរគុណ និងសូមធ្វើការវាយតម្លៃខ្ពស់ ចំពោះលទ្ធផលទទួលបានដ៏ល្អប្រសើរ ដែលកើតចេញពីការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ និងក្រសួង ពាក់ព័ន្ធ ដែលបានជួយគាំទ្រ ដល់ការអភិវឌ្ឍលើវិស័យកសិកម្មកម្ពុជា។
លោកបន្ដថា ដោយឡែក បេសកកម្មរបស់គណៈប្រតិភូចិននាពេលនេះ មានសារៈសំខាន់ណាស់ ស្របពេលដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងរៀបចំផែនការមេអភិវឌ្ឍន៍ និងការធ្វើទំនើបកម្ម វិស័យកសិកម្មនៅកម្ពុជា សម្រាប់រយៈពេលវែង ២០១៩-២០៣០។
តាមផែនការ ដែលបានគ្រោងទុក ក្រុមបេសកកម្ម នឹងធ្វើការបែងចែកជាពីរក្រុម ដែលក្នុងមួយក្រុមៗ មានសមាជិកចំនួន៦នាក់ ត្រូវចុះសិក្សាតាមបណ្តាខេត្តចំនួន១២ ដែលមានសក្តានុពលលើវិស័យកសិកម្ម ប្រាំមួយខេត្ត នៅភាគខាងត្បូង និងប្រាំមួយខេត្ត នៅភាគខាងជើង រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា បេសកកម្មនឹងបញ្ចប់របាយការណ៍បឋមរបស់ខ្លួន នៅបំណាច់ខែសីហា ខាងមុខនេះ ហើយនឹងមានរៀបចំពិធីចុះហត្ថលេខា លើរបាយការណ៍បឋមនេះ រវាងភាគីកម្ពុជា និងភាគីចិន៕