(ភ្នំពេញ)៖ បន្ទាប់ពីប្រកាសតែងតាំងលោក Keisuke Honda ជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិកម្ពុជា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងរៀបចំការប្រកួតមិត្តភាពអន្ដរជាតិចំនួន ៣លើកនៅលើទីលានពហុកីឡដ្ឋានជាតិ ដើម្បីពង្រឹងសមត្ថភាពកីឡាករ ត្រៀមចូលរួមការប្រកួតពានរង្វាន់អាស៊ាន AFF Suzuki Cup 2018 នាពេលខាងមុខ។
យោងតាមមន្ដ្រីសហព័ន្ធបានឲ្យដឹងថា កម្មវិធីប្រកួតមិត្តភាពអន្ដរជាតិ ៣ប្រកួត ដែលកម្ពុជាត្រូវបើកទ្វារផ្ទះទទួលក្រុមភ្ញៀវ គឺមានថ្ងៃទី១០ ខែកញ្ញា កម្ពុជាត្រូវជួបក្រុមជម្រើសជាតិម៉ាឡេស៊ី, ថ្ងៃទី១២ ខែតុលា កម្ពុជា ត្រូវជួបក្រុមជម្រើសជាតិទីម័រខាងកើត និងថ្ងៃទី១៦ ខែតុលាកម្ពុជា ត្រូវជួបក្រុមជម្រើសជាតិសិង្ហបុរី ដោយចាប់ផ្ដើមប្រកួតនាវេលាម៉ោង ៦៖៣០នាទីល្ងាច លើទីលានពហុកីឡដ្ឋានជាតិតែ១គត់។
ជុំវិញការប្រកួតមិត្តភាពអន្ដរជាតិនេះដែរ គេមិនទាន់ដឹងថា គ្រូបង្វឹកថ្មីរបស់ក្រុមគោព្រៃកម្ពុជាលោក Keisuke Honda ត្រូវចូលរួមដឹកនាំផ្ទាល់ ឬយ៉ាងណានោះទេ តែលោកធ្លាប់បានអះអាងថា បានត្រៀមក្រុមការងារបច្ចេកទេសរបស់ខ្លួនជាស្រេច ដើម្បីដឹកនាំ ពិសេសគឺការចែករំលែកនូវបទពិសោធន៍ និងបច្ចេកទេសតាមរយៈ Video Conference ជាមួយនឹងកីឡាករជម្រើសជាតិកម្ពុជា ដើម្បីធ្វើឲ្យមានភាពប្រសើរឡើង សម្រាប់ត្រៀមការប្រកួតពានរង្វាន់ដ៏ធំ គឺពាន AFF Suzuki Cup 2018 នាចុងឆ្នាំនេះ។
សម្រាប់ពានរង្វាន់ AFF Suzuki Cup 2018 នឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី០៨ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ខណៈក្រុមគោព្រៃកម្ពុជា ស្ថិតក្នុងពូល A ជាមួយក្រុមជម្រើសជាតិវៀតណាម មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងឡាវ ។ ដោយឡែកចំពោះការប្រកួតបើកឆាក កម្ពុជានឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិ ស្វាគមន៍ក្រុមជម្រើសជាតិម៉ាឡេស៊ីជាថ្មីនាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨៕