(កោះកុង)៖ ក្រោយពីពិធីបុណ្យសមុទ្រលើកទី៦ នៅខេត្តកែប បានបញ្ចប់ទៅប្រកបដោយភាពជោគជ័យយ៉ាងត្រចេះត្រចង់រួចមក រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកខេត្តកោះកុងជាខេត្តបន្ទាប់ ក្នុងការរៀបចំពិធីបុណ្យសមុទ្រលើកទី៧ (សម្រាប់ខេត្តកោះកុង ជាជុំទី២) ដូច្នេះហើយទើបក្រសួងទេសចរណ៍ រួមជាមួយរដ្ឋបាលខេត្តកោះកុងបានបើកកិច្ចប្រជុំលើកដំបូងមួយ ដើម្បីកំណត់ការងារត្រៀមរៀបចំពិធីបុណ្យទេសចរណ៍ដ៏ធំមួយនេះ ប្រកបដោយភាពអធិកអធម។
កិច្ចប្រជុំលើកដំបូងនេះប្រព្រឹត្តទៅនាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នៅសាលាខេត្តកោះកុង ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការពាក់ព័ន្ធជាច្រើននាក់។
លោកស្រី មិថុនា ភូថង បានលើកឡើងនូវពីស្ថានភាពទូទៅ និងលទ្ធផលការងារជាច្រើនដែលរដ្ឋបាលខេត្ត និងរដ្ឋបាលចំណុះរបស់ខ្លួនសម្រេចបាននាពេលកន្លងមក ព្រមទាំងបានលើកឡើងនូវទិសដៅការងារមួយចំនួនក្នុងការអនុវត្តនាពេលខាងមុខ។ ជាមួយគ្នានោះ លោកស្រីបានបញ្ជាក់ពីទិសដៅការងារមួយចំនួនទៀត ក្នុងការត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៧ ដូចជាការរៀបចំសោភ័ណភាព និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ។
បន្ទាប់ពីលោកស្រីអភិបាលខេត្តរាយការណ៍ពីលទ្ធផលការងារ និងការត្រៀមលក្ខណៈសម្បត្តិគ្រប់ផ្នែកជំនាញទាំងអស់របស់ខេត្តរួចមក លោករដ្ឋមន្ត្រី ថោង ខុន បានដាក់ចេញនូវអនុសាសន៍ណែនាំសម្រាប់អនុវត្តដូចខាងក្រោម៖
១៖ រៀបចំអភិវឌ្ឍផលិតផលទេសចរណ៍ និងរៀបចំកញ្ចប់ទស្សនកិច្ចនៅខេត្ត ដោយភ្ជាប់គោលដៅទេសចរណ៍ ជាមួយសហគមន៍អេកូទេសចរណ៍ពិសេសត្រូវរៀបចំឱ្យមានឆ្នេរខ្សាច់មួយ ដើម្បីជាផលិតផលទេសចរណ៍ថ្មីសម្រាប់ខេត្ត។
២៖ ពង្រឹងគុណភាពឧស្សាហកម្ម និងសេវាកម្មទេសចរណ៍ ពិសេសសេវាស្នាក់នៅ ម្ហូបអាហារ ដឹកជញ្ជូន និងរមណីយដ្ឋានទេសចរណ៍ ពិសេសត្រូវជំរុញចលនាប្រលងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ។
៣៖ ការរៀបចំកែលម្អ និងលើកកម្ពស់សោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយ ចរាចរណ៍ អនាម័យ បរិស្ថានស្អាត និងការតុបតែងលម្អនៅក្នុងទីក្រុង និងតាមទីប្រជុំជននានា ពិសេសការបំផុសចលនាឱ្យប្រជាពលរដ្ឋចូលរួម និងរៀបចំទទួលទេសចរ។
៤៖ ការត្រៀមសម្រួលដល់ការធ្វើដំណើរ និងការស្នាក់នៅរបស់ប្រជាពលរដ្ឋកម្ពុជា និងថៃ នៅខាងទឹកដីថៃ និងទឹកដីកម្ពុជា តាមរយៈការបង្កើនទំនាក់ទំនង និងកិច្ចសហការដ៏ល្អរវាងកម្ពុជា-ថៃ។
៥៖ ការត្រៀមរៀបចំកម្មវិធី និងព្រឹត្តិការណ៍នានាក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យសមុទ្រ មានដូចជា ការសម្ដែងសិល្បវប្បធម៌ ការហែក្បួនព្យុហយាត្រា ការប្រកួតកីឡាលើទឹក លើគោក លើអាកាស ការតាំងពិព័រណ៍ផលិតផល និងម្ហូបអាហារ ការដាំដើមឈើ ។ល។
៦៖ រៀបចំបង្កើតក្រុមការងារអន្តរក្រសួងមួយដើម្បីសម្របសម្រួល និងដំណើរការរៀបចំពិធីបុណ្យសមុទ្រ និងសហការជាមួយក្រុមការងារថ្នាក់ខេត្ត។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា បុណ្យសមុទ្រនៅខេត្តកោះកុង ឆ្នាំ២០១៨នេះ ភាគីកម្ពុជានឹងសម្របសម្រួលជាមួយភាគីថៃ ដើម្បីឱ្យប្រជាជន និងភ្ញៀវទេសចរអាចឆ្លងទៅមកទស្សនគ្នាទៅវិញទៅមកបាន។
ខណៈកំណើនភ្ញៀវទេសចរដែលមកទស្សនាកម្ពុជាកំពុងកើនឡើងកាន់តែច្រើន លោករដ្ឋមន្ត្រីបានបង្ហាញពីក្ដីរំពឹងទុកថា ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យសមុទ្រលើកទី៧នេះ ភ្ញៀវទេសចរជាតិ-អន្តរជាតិនឹងមកទស្សនាព្រឹត្តិការណ៍ទេសចរណ៍នេះប្រមាណពី ២៥-៣០ម៉ឺននាក់។
អ្វីដែលរឹតតែពិសេសជាងនេះទៀត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យសមុទ្រលើកទី៧ ជុំទី២ នៅខេត្តកោះកុងនោះ ជាមួយប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ។
ប៉ុន្តែទោះជាយ៉ាងណា បញ្ហាផ្លូវធ្វើដំណើរពីរាជធានីភ្នំពេញឆ្ពោះមកខេត្តកោះកុង គឺជាបញ្ហាសំខាន់មួយផងដែរ ពីព្រោះដោយសារប្រទេសកម្ពុជារងនូវសម្ពាធអាកាសធាតុធ្វើឱ្យមានភ្លៀងធ្លាក់ជោកជាំ ជាហេតុធ្វើឱ្យផ្លូវធ្វើដំណើរ មានផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៤១ជាដើម ខូចខាតជាអន្លើៗពិបាកធ្វើដំណើរ ដូច្នេះក៏សូមអំពាវនាវដល់អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធមេត្តាដោះស្រាយបញ្ហានេះឱ្យបានទាន់ពេលវេលា៕