(តាកែវ)៖ គិតមកដល់ថ្ងៃនេះពោលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះ លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានទៅកាន់តំណែងជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ រយៈពេល១ឆ្នាំ ១ខែហើយ បន្ទាប់ពីមានការទុកចិត្ត និងមើលឃើញពីសមត្ថភាពពិតប្រាកដ ពីសំណាក់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។
លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានឲ្យដឹងថា សម្រាប់កម្លាំងនគរបាលសរុបរួម នៅស្នងការដ្ឋាននគរបាលខេត្តតាកែវ មានចំនួន១៨៥៣នាក់ ក្នុងនោះស្នងការរង១៥នាក់, បែងចែកជា១២ផែន, ៣៣ការិយាល័យ, ៩ស្រុក-ក្រុង, ១០០ប៉ុស្ដិ៍ និងវរព្រំដែនមួយគឺ វរ៦០៣ ដើម្បីបម្រើ ថែរក្សា សន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
បើតាមលោកឧត្តមសេនីយ៍ស្នងការ លទ្ធផលការងារដែលបានអនុវត្តមួយឆ្នាំកន្លងមកនេះ គឺទទួលបានលទ្ធផលល្អប្រសើរ ដោយអនុវត្តតាមបទបញ្ជា និងការណែនាំយ៉ាងត្រឹមត្រូវ ពីសំណាក់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដោយមានការត្រៀមបែងចែកកងកម្លាំង ប្រចាំការ២៤ម៉ោង លើ២៤ម៉ោង ដើម្បីចេញអន្ដរាគមន៍ជួយប្រជាពលរដ្ឋ។
ដោយឡែក លទ្ធផលថ្មីៗនេះ ពាក់ព័ន្ធការងារមុនបោះឆ្នោត ពេលឃោសនាបោះឆ្នោត ពេលបោះឆ្នោត និងក្រោយការបោះឆ្នោត ទទួលបានជោគជ័យ ដោយសារមានការបែងចែកកម្លាំងច្បាស់លាស់ ប្រចាំការដើម្បីការពារ ទប់ស្កាត់ រាល់សកម្មប៉ុនប៉ង់ប្រព្រឹត្តិបទល្មើសទាំងអស់ ហើយសម្រាប់ខេត្តតាកែវទាំងមូល មិនមានអំពើហិង្សា ឬការគំរាមកំហែងណាមួយនោះ សម្រាប់ព្រឹត្តិការណ៍បោះឆ្នោតកន្លងទៅនេះ។
បន្ថែមពីនេះ សម្រាប់ការងារបង្ក្រាបបទល្មើសវិញ ត្រូវបានលោកឧត្តមសេនីយ៍ទោ សុខ សំណាង បញ្ជាក់ថា ក៏មានការថយចុះផងដែរ ដោយមិនមានអ្វីជាការគំរាមកំហែងដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខេត្តតាកែវឡើយ។ យ៉ាងណាមិញ លោកឧត្តមសេនីយ៍ស្នងការ ក៏បានជម្រាបជូនប្រជាពលរដ្ឋដែរថា ប្រសិនបើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍ជូនកម្លាំងនគរបាលដែលនៅក្បែរជាបន្ទាន់ ឬអាចទាក់ទងមកលោកផ្ទាល់តែម្ដងក៏បាន៕