(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅបុរីសន្ដិភាព២ ស្ថិតក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មួយរយៈពេលចុងក្រោយនេះ ហាក់មានការភ័យខ្លាចសម្រាលមិនបានលក់ស្កប់ស្កល់ឡើយ ដោយសារតែមានក្រុមចោរកំពុងធ្វើការអុកឡុក ដោយចូលគាស់ផ្ទះ និងលួចយកសម្ភារមានតម្លៃមួយចំនួនផងដែរ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋ បង្កឲ្យមានការភ្ញាក់ផ្អើល រហូតប្រជាពលរដ្ឋចាប់បានជនសង្ស័យរូបនេះ ហើយប្រគល់ជូនកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ចាត់វិធានការតាមផ្លូវច្បាប់។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា កន្លងទៅនេះជនសង្ស័យធ្លាប់ធ្វើសកម្មភាពគាស់ទ្វារផ្ទះប្រជាពលរដ្ឋ យកលុយចំនួន៦០០ដុល្លារ និង៩០០ដុល្លាររួចម្ដងហើយ តែដោយលើកនោះជនសង្ស័យខាងលើ បានមកធ្វើសកម្មភាពទៀត ក៏ត្រូវបានម្ចាស់ផ្ទះទាន់ ហើយភ្លាមៗនោះ ក៏ស្រែកឆោរឡោរទើបនាំគ្នាដេញចាប់បានភ្លាមៗតែម្ដង។
មន្ដ្រីនគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ថេង វ៉ាន អាយុ៣២ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយជនរងគ្រោះបានបាត់ខ្សែកប្លាកទីនចំនួន១ជី ទូរស័ព្ទ លុយចំនួន១,៦៤៥ដុល្លារ និងអត្តសញ្ញានប័ណ្ណចំនួន៤ ផងដែរ។
ដោយឡែកជនសង្ស័យដែលធ្វើសកម្មភាពនេះ ឈោ្មះ នួន ខ្លឹម ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ដកហូតបានឧបករណ៍សម្រាប់ធ្វើសកម្មភាពមួយចំនួនផងដែរ។ បច្ចុប្បន្នជនសង្ស័យកម្លាំងសមត្ថកិច្ច កំពុងធ្វើការសួរនាំដើម្បីចាត់ការបន្ដតាមនីតិវិធី៕