(កំពង់ស្ពឺ)៖ «ត្រូវត្រៀមឲ្យបានមុន ការងារជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ ក្នុងករណីដែលមានគ្រោះទឹកជំនន់ នារដូវវស្សាឆ្នាំ២០១៨ ដោយត្រៀមគ្រប់មធ្យោបាយដែលអង្គភាពមានស្រាប់»។
ការលើកឡើងនេះ ក្នុងពេលដែលលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ អញ្ជើញក្នុងពិធិផ្សព្វផ្សាយសភាពការណ៍វិវដ្តថ្មីៗ និងផ្សព្វផ្សាយផែនការ ជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះមហន្តរាយដោយគ្រោះធម្មជាតិទឹកជំនន់ នៅខេត្តកំពង់ស្ពឺឆ្នាំ២០១៨ និងត្រួតពិនិត្យមធ្យោបាយសម្ភារ គ្រឿងបំពាក់ជួយសង្រ្គោះប្រជាពលរដ្ឋ និងធ្វើការ សាកល្បងចេញក្បួនប្រតិបត្តិការសង្គ្រោះនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨។
ក្នុងពិធិនោះមានវត្តមានចូលរួមពីនាយទាហាន នាយទាហានរង និងពលទាហានចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ផងដែរ។
លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានដាក់ចេញនូវវិធានការចំពោះនាយទាហាន នាយទាហានរង និងពលទាហានថា ក្នុងករណីមានគ្រោះធម្មជាតិ ខ្យល់កន្ទ្រាក់ ទឹកជំនន់ ក្នុងរដូវវស្សាឆ្នាំ២០១៨ នេះ ត្រូវនាំគ្នាខិតខំយ៉ាងយកចិត្តទុកដាក់បំផុត ដឹកជញ្ជូនប្រជាពលរដ្ឋរកទីទួលមានសុវត្តិភាព ថែរក្សាទ្រព្យសម្បត្តិរបស់ពលរដ្ឋឲ្យបានគង់វង្ស ក្នុងករណីធ្ងន់ធ្ងរ ត្រូវរាយការណ៍បន្ទាន់ ដើម្បីស្វែងរកជំនួយ អន្តរាគមន៍ពីថ្នាក់លើ។
លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានបន្ថែមថា កងកម្លាំងត្រូវសហការឲ្យខ្ជាប់ខ្ជួនជាមួយអាជ្ញាធរមូលដ្ឋាន តាមដានជាប្រចាំចំពោះចំណុច ដែលប្រឈមានមហានិភ័យខ្ពស់ក្នុងមូលដ្ឋាន ដើម្បីធានាដល់ជួយសង្គ្រោះរបស់យើង ចំណុចដែលត្រូវគិតគូរចម្បងគឺចាស់ជរា ស្រ្តីមានផ្ទៃពោះ ស្ត្រីទើបសម្រាលកូនរួច ក្មួយៗ សាលា និងវត្តអារាមនានា។
មេបញ្ជាការសង្កត់ធ្ងន់ថា ចាប់ពីពេលនេះរហូតចប់រដូវវស្សា កម្លាំងទាំងអស់ត្រូវថែរក្សាមធ្យោបាយរថយន្តធំ សម្រាប់ដឹកជញ្ជូនសម្ភារ អូប័រ-ទូក សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋ មកទីទួលសុវត្តិភាព ជាពិសេសប្រើកម្លាំងសរុប មធ្យោបាយសរុប បើមានការខ្វះខាតចាំអង្គភាព និងសុំជំនួយបន្ទាន់ពីកងរាជអាវុធហត្ថលើផ្ទៃប្រទេសភ្លាមៗផងដែរ៕