(បាត់ដំបង)៖ លោក ប៊ុត គឹមស៊ាន អភិបាលរងខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទកម្ពុជាខេត្ត រួមទាំងមន្រ្តីអមដំណើរ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ បានចុះសួរសុខទុក្ខ និងនាំអំណោយកាកកបាទក្រហម ចែកជូនពលរដ្ឋចំនួន១០៩គ្រួសារមកពី៣ឃុំ ដែលរងគ្រោះសារទឹកជំនន់ នៅក្នុងបរិវេណវត្តក្តាំងងាស្ថិតក្នុងភូមិខ្វិត ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ពិធីនេះក៏មានការចូលរួមពីក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុកឯកភ្នំ អាជ្ញធរមូលដ្ឋានពាក់ព័ន្ធមួយចំនួនទៀត។
ថ្លែងក្នុងឱកាសនោះលោក ប៊ុត គឹមស៊ាន បានឱ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងប្រជាពលរដ្ឋរងគ្រោះ ដោយសារគ្រោះធម្មជាតិដែលកើតមានថ្មីៗនេះ រដ្ឋបាលខេត្តបានសហការជាមួយសាខាកាកបាទក្រហមខេត្ត អនុសាខាកាកបាទក្រហមស្រុកឯកភ្នំ និងមន្រ្តីពាក់ព័ន្ធបានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនដល់គ្រួសារដែលរងគ្រោះដោយសារទឹកជំនន់ចំនួន១០៩គ្រួសារ មកពីឃុំចំនួន៣ គឺឃុំព្រែកហ្លូងចំនួន៤៤គ្រួសារ ឃុំព្រែកខ្ពប់ចំនួន២០គ្រួសារ និងឃុំព្រែកនរិន្ន ចំនួន៤៥គួ្រសារស្រុកឯកភ្នំ ខេត្តបាត់ដំបង។
លោក ប៊ុត គឹមស៊ាន ក៏បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់លោក ងួន រតនៈប្រធានកិត្តិយសសាខាជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរ ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាក ទីទ័លក្រ មានជំងឺ ជនងាយរងគ្រោះ ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណះ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
លោកបានបន្តថា សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ សម្អាតបរិស្ថានជុំវិញផ្ទះ មានអនាម័យក្នុងការរស់នៅ ផឹកទឹកឆ្អឹន ត្រូវប្រកាន់ភ្ជាប់នូវ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត និងខិតខំប្រឹងប្រែង ប្រកបមុខរបរបង្ករបង្កើនផល ដាំដំណាំរួមផ្សំដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យបានប្រសើរឡើង។ បន្ថែមពីនេះ លោកប្រធាន បានមានមតិសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋត្រូវហូបទឹកស្អាត ទឹកដាំពុះ ត្រូវប្រុងប្រយ័ត្នការពារពស់ចឹក និងជាពិសេសសូមយកចិត្តទុកដាក់ដល់កុមារតូចៗ កុំឱ្យទៅលេងក្បែរមាត់ទឹក ពេលមានជំនន់។
អំណោយដែលត្រូវបានចែកជូននៅពេលនេះរួមមាន៖ អង្ក២៥គីឡូក្រាម មី១កេស,ទឹកក្រូច១កេស,ទឹកបរិសុទ្ធវីឃែរ១កេស ភួយ១,សារុង១ ក្រមា១។
សូមបញ្ជាក់ថាអំណោយដែលបានយកមកចែកជូនថ្ងៃគឺបានមកពីការឧត្ថម្ភរបស់សប្បុរសជននានាដូចជា អង្ករ និងមីជាអំណោយរបស់រដ្ឋបាលខេត្ត ទឹកក្រូចជាអំណោយរបស់ក្រុមហ៊ុននកូកាកូឡា ទឹកសុទ្ធ សារុង,ក្រមា ជាអំណោយសាខាកក្រកខេត្តបាត់ដំបង,ដោយឡែកភួយជាអំណោយរបស់សប្បុរសជនថៃតាមរយៈការិល័យប្រតិបត្តិសុខាភិបាលស្រុកឯកភ្នំ។
លោក ប៊ុត គឹមស៊ាន ក៏បានបញ្ជាក់ក្នុងនាឱកាសនោះដែរ អភិបាលខេត្ត និងសាខាកាកបាទក្រហមខេត្តបាត់ដំបង និងបន្តចែកអំណោយសង្រ្គោះបន្ទាន់នេះនៅតាមឃុំ ស្រុកផ្សេងៗទៀត ដើម្បីជួយសម្រាលនូវការលំបាកបានមួយរយៈរបស់ប្រជាពលរដ្ឋរងគ្រោះផងដែរ៕