(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ បានចុះជួបសំណេះសំណាលសួរសុខទុក្ខ ដោះស្រាយបញ្ហាប្រឈម និងថ្លែងអំណរគុណ បងប្អូនអាជីវករផ្សារពោធិ៍សាត់ ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ត្រូវបានបញ្ចប់ ខណៈដែលលទ្ធផលបណ្តោះអាសន្ន ឃើញថា ខេត្តពោធិ៍សាត់ទទួលបានសម្លេង យ៉ាងច្រើនលើសលុប។
លោក ម៉ៅ ធនិន បានថ្លែងថា នេះជាការឆ្លើយតបទៅនឹងអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដោយបានបញ្ជាក់ក្រោយការបោះឆ្នោតថា «មន្ត្រីរាជការទាំងអស់ ត្រូវបន្តបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានជាប់ជាប្រចាំ ហើយត្រូវតែធ្វើឱ្យបានល្អ និងមានប្រសិទ្ធភាពជាងមុន»។ សម្រាប់លទ្ធផលជោគជ័យផ្ទួនៗ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងការបោះឆ្នោតសកលលើកនេះ គឺជាការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ដោយទទួលបានការគាំទ្រ ពីអាជីវករ ក៏ដូចជា ប្រជាពលរដ្ឋទូទាំងខេត្ត មិនមែនបានមកដោយស្រួលៗ ធ្វើឲ្យមានការភ្ញាក់ផ្អើលនោះទេ។
លោកអភិបាលខេត្ត ក៏បានដាក់ផែនការឲ្យអាជ្ញាធរក្រុង សហការជាមួយមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយក្នុងផ្សារបាញ់សម្អាតស្រោចកៅស៊ូបំពេញបន្ថែម ជុំវិញផ្សារ និងក្នុងផ្សារពោលត្រូវធ្វើយ៉ាងណាឲ្យមានផ្លូវដើរ ផ្លូវទឹក និងលូទឹក។ ចំពោះភាស៊ីផ្សារត្រូវពន្លឿន ក្នុងការរៀបចំទុកដាក់សម្រាម កុំឲ្យអាជីវករបោះចោលសម្រាមពាសវាលពាសកាល ដូចជា ធុងស្នោរជាដើមដែលអាចបង្កឲ្យមានអគ្គិភ័យឆេះផ្សារ ដោយប្រការណាមួយត្រូវត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាព និងប្រព័ន្ធទឹកជាដើម។
ក្នុងឱកាសចុះជួបអាជីវករនោះដែរ លោកក៏បានទទួលដោះស្រាយសំណូមពរមួយចំនួន របស់បងប្អូនអាជីវករ និងបានពិនិត្យការអនុវត្តយន្តការ ដែលបានដាក់ចេញកន្លងមក លើការសាងសង់ដំបូលផ្សារបំពេញ បន្ថែមប៉ែកខាងមុខ ព្រមទាំងជូនអំណោយជាថវិកាមួយចំនួន ជូនដល់លោកយាយចាស់ៗ ដែលបានយកផលិតផល និងបន្លែបង្កាបន្តិចបន្តួចមកលក់ដូរផងដែរ។
ក្នុងថ្ងៃដដែលនោះលោក ម៉ៅ ធនិន បានបន្តចុះពិនិត្យការដ្ឋានធ្វើវេទិកាត្រៀមរៀបចំកម្មវិធីអុំទូក ដោយបានបញ្ជាក់ថា គិតមកដល់ពេលនេះ តាមរយៈការគៀងគរពីបណ្តាមន្ទីរ វិស័យឯកជន និងវត្តអារាម យើងមានទូកខ្នាតអន្តរជាតិ ចំនួន២០គូរួចមកហើយ សម្រាប់ត្រៀមចូលរួមប្រគួត ក្នុងពិធីបុណ្យអុំទូក អកអំបុក និងបណ្តែតប្រទីប ក្នុងស្ទឹងពោធិ៍សាត់ នាពេលខាងមុខ។
ចំពោះកីឡាករ កីឡាការិនីអុំទូកទាំងអស់ តម្រូវឲ្យមានសំលៀកបំពាក់បូរាណ ដោយឡែក អាជ្ញាធរក្រុងត្រូវចូលរួមកែលម្អរសោភ័ណភាពតាមមាត់ស្ទឹង ឲ្យបានស្អាតល្អ សម្រាប់ប្រជាពលរដ្ឋ ចូលរួមទស្សនា ហើយលោកនឹងតម្លើងទូរទស្សន៍ LED មួយគ្រឿងទៀត នៅមុខវត្តបន្ទាយដី ដែលមានទំហំ ៦x១២ម៉ែត្រ ធ្វើយ៉ាងណាឲ្យខេត្តពោធិ៍សាត់កាន់តែមានភាពទាក់ទាញពីភ្ញៀវជាតិ និងអន្តរជាតិ៕