(ពោធិ៍សាត់)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានថ្លែងថា​ នៅក្នុងអាណត្តិទី៦នេះ​ អង្គភាពរដ្ឋាករទឹក​ នឹងបន្តពង្រីកបណ្តាញ​ និងប្រព័ន្ធទឹកស្អាត​ ទៅដល់បណ្តាខ្នងផ្ទះប្រជាពលរដ្ឋ​នៅតាមជនបទ​ ជាមួយនឹងការបញ្ចុះតម្លៃឲ្យបានសមរម្យផងដែរ។

លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ​ បានថ្លែងបែបនេះនាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨​ ក្នុងដំណើរបេសកកម្មចុះស្វែងយល់ និងពង្រឹងការងារនៅខេត្តពោធិ៍សាត់ ដោយទទួលបានការស្វាគមន៍ យ៉ាងកក់ក្តៅពីសំណាក់លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តពោធិ៍សាត់ផងដែរ។

បន្ទាប់ពីត្រឡប់មកពីពិនិត្យអង្គភាពរដ្ឋាករទឹករួចមក លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារ ដែលមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តពោធិ៍សាត់សម្រេចបាន។ លោកកិត្តិសេដ្ឋាបណ្ឌិត បានបញ្ជាក់ថា ទាំងការងារស្នូល និងការងារដែលក្រសួងបានធ្វើប្រតិភូអំណាចជូន គឺមានចំនួនច្រើនគួរសម ដែលតម្រូវឲ្យថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីក្រោមឱវាទខិតខំបន្ថែមទៀត ទាំងការងារជំនាញ និងការងារបណ្តុះបណ្តាលពង្រឹងសមត្ថភាព។

លោកកិត្តិសេដ្ឋាបណ្ឌិត បានណែនាំការងារជាក់ស្តែងមួយចំនួន ដែលមន្ទីរត្រូវយកចិត្តទុកដាក់ គឺការងារ វិស័យទឹកស្អាត, ការងារគ្រប់គ្រង និងចុះបញ្ជីរោងចក្រសហគ្រាស និងសិប្បកម្មការងារស្តង់ដារ និងមាត្រាសាស្ត្រ ការងារចុះបណ្តុះបណ្តាលស្តីពីផលិតភាព និងផលិតកម្មស្អាត និងជម្រុញប្រសិទ្ធិភាពការងារតាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា Online ជាដើម។

ជាមួយគ្នានេះ លោកកិត្តិសេដ្ឋាបណ្ឌិត បានបញ្ជាក់បន្ថែមថា «យើងត្រូវអនុវត្តការងារនេះបន្តទៀត ដោយចាត់ទុកជាការងារ មានសារសំខាន់សម្រាប់ការដាក់ពិន្ទុវាយតម្លៃពីការគ្រប់គ្រង ដឹកនាំសមត្ថភាព បំពេញការងារក្នុងចំណោមថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទក្នុងអង្គភាពទាំងអស់ ដែលជាមូលដ្ឋាន ដើម្បីជម្រុញប្រសិទ្ធភាពការងារផង និងកែកំហុសខុសឆ្គងរបស់បុគ្គលរៀងៗខ្លួន ក្នុងនាមជាមន្ត្រីរាជការ បម្រើការងារជូនក្រសួង និងរាជរដ្ឋាភិបាលផង»។

ក្នុងឱកាសនោះ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ក៏បានឧបត្ថម្ភថវិកា ដល់ថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរចំនួន៥៩នាក់ ដោយម្នាក់ៗទទួលបានថវិកា១០ម៉ឺនរៀល ព្រមទាំងឧបករណ៍បំពងសម្លេងមួយគ្រឿង សម្រាប់បម្រើការងារក្នុងកិច្ចប្រជុំផងដែរ៕